ព្រះវិហារៈ ក្រសួងបរិស្ថាន និងអង្គការ WCS កំពុងរៀបចំធ្វើសារពើភណ្ឌព្រៃឈើ ដោយសិក្សាពីលទ្ធភាពក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត នៅភូមិភាគខាងជើង ដែលគ្របដណ្តប់ទៅលើតំបន់ការពារធនធានធម្មជាតិចំនួន ៤ ក្នុងខេត្តព្រះវិហារ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី ១១ ខែមិថុនា នេះឱ្យដឹងថា ក្រសួងបរិស្ថានបានអនុញ្ញាតឱ្យអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អនុវត្តនូវគម្រោងរេដបូក (REDD+) នៅតំបន់ការពារធម្មជាតិចំនួន ៤ នៅលើទឹកដីនៃខេត្តព្រះវិហារ រួមមានដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការ និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង។
លោក នេត្រ ភក្ត្រា បន្តថា តំបន់ទាំង ៤ ដែលត្រូវសិក្សានេះ ត្រូវបានយកគំរូចំនួន ៤៣ ទីតាំង ដើម្បីធ្វើការសិក្សាវាយតម្លៃ ដើម្បីឱ្យមន្ត្រីជំនាញផ្សេងទៀតវាយតម្លៃ មុននឹងដាក់លក់នៅលើទីផ្សារ អន្តរជាតិ ដែលជាទីផ្សារស្ម័គ្រចិត្ត។
បើតាមលោក នេត្រ ភក្ត្រា ទីផ្សារលក់ឥណទានកាបូននេះពិតជាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការបោះជំហាននៅក្នុងទីផ្សារឥណទានកាបូន គឺបញ្ជាក់ពីភាពប្រសើរឡើងនៃការការពារធនធានធម្មជាតិរបស់យើង។
អ្នកនាំពាក្យរូបនេះថ្លែងថា៖ «នៅក្នុងដំណាក់កាលនៃតំបន់ធម្មជាតិ ចំនួន ៤ ដែលយើងធ្វើការងារជាមួយអង្គការ WCS ដែលក្រសួងបរិស្ថានប្រគល់តួនាទីឱ្យអង្គការ WCS ក្នុងការអនុវត្តគម្រោង និងសម្របសម្រួលលក់ឥណទានកាបូន នៅលើទីផ្សារស្ម័គ្រចិត្តនេះបានកំពុងតែឈានដល់ដំណាក់កាលធ្វើសារពើភណ្ឌ និងប្រឹក្សាយោបល់ជាមួយសហគមន៍ ដើម្បីពិនិត្យទៅលើការចាប់ផ្តើមក្នុងការធ្វើកំណត់តំបន់ក្នុងការសិក្សា វាយតម្លៃលើកម្រិត បាយអូម៉ាស់ នៅក្នុងតំបន់ទាំងអស់ហ្នឹង ហើយបន្ទាប់ទៅហ្នឹងមានការជួបជាមួយសហគមន៍ និងការចុះមកវាយតម្លៃពីអ្នកវាយតម្លៃឯករាជ្យលើស្ថានភាពទាំងអស់ហ្នឹង មុននឹងដាក់លក់ជាសាធារណៈ ហើយព័ត៌មានដែលពាក់ព័ន្ធនឹងដាក់ជូនសាធារណៈ ដើម្បីឱ្យសាធារណជនបានដឹង»។
លោក កែន សេរីរដ្ឋា នាយកកម្មវិធីអង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (WCS) បានឱ្យដឹងថា គម្រោងរេដបូក ដែលយើងរៀបចំនៅភូមិភាគខាងជើង ដែលគ្របដណ្តប់ទៅលើតំបន់ការពារធនធានធម្មជាតិមួយចំនួន ដែលយើងចាប់ផ្តើមពីតំបន់ការពារសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរកា ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារនេះ គឺជាជំហានបឋម ដើម្បីឱ្យយើងអាចឈានទៅពង្រីកការគ្របដណ្តប់វិសាលភាពនៃផ្ទៃដីគម្រោងរេដបូក សម្រាប់ភូមិសាស្ត្រខេត្តព្រះវិហារទាំងមូល។
លោក កែន សេរីរដ្ឋា បានបន្តថា សម្រាប់គម្រោងរេដបូកនេះ គឺទទួលបានការគាំទ្រផ្នែក គោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការបច្ចេកទេស ដោយបានផ្តល់នូវកិច្ចគាំទ្រទៅលើទិដ្ឋភាពផ្លូវច្បាប់ និងបច្ចេកទេស សម្រាប់ធ្វើលើកិច្ចការងារនេះ។
បន្ថែមនេះ អង្គការ WCS បានទទួលជំនួយពីគម្រោង USAID តាមរយៈគម្រោងព្រៃឡង់បៃតង សម្រាប់ជួយឧបត្ថម្ភប្រើប្រាស់នូវថវិកាក្នុងការដំណើរការទូទៅនេះផងដែរ។
បើតាមលោក កែន សេរីរដ្ឋា សម្រាប់កិច្ចការរៀបចំគម្រោងលក់ឥណទានកាបូននេះ គឺអង្គការរបស់លោកបានរៀបចំដកស្រង់នូវបទពិសោធន៍មួយចំនួនដែលអង្គការ WCS បាននិងកំពុងតែអនុវត្តបានដោយជោគជ័យ ចំពោះការងាររៀបចំគម្រោងរេដបូកនេះនៅភាគខាងកើតប្រទេសកម្ពុជា គឺក្នុងដែនជម្រកសត្វព្រៃកែវសីមា ដូច្នេះសម្រាប់បទពិសោធដែលយើងទទួលបានជោគជ័យនៅដែនជម្រកសត្វព្រៃកែវសីមា ដែលមានរយៈពេល ១ ឆ្នាំកន្លងមកនេះនឹងត្រូវយកមកអនុវត្តគម្រោងនេះនៅក្នុងដែនជម្រកសត្វព្រៃក្នុងខេត្តព្រះវិហារ។
លោក កែន សេរីរដ្ឋា បន្ថែមថា ការលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្តកម្ពុជា ដែលទទួលបានជោគជ័យកន្លងមក និងជាមោទនភាពមួយរបស់កម្ពុជា ដែលយើងបានចូលរួមជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺកម្ពុជាជាប្រទេសមួយដែលបានឈានមុនគេក្នុងការលក់ឥណទានកាបូន។
លោក កែន សេរីរដ្ឋា លើកឡើងថា នេះជាមោទនភាពមួយដែលកម្ពុជាពីមុនត្រូវរងការរិះគន់ពីសំណាក់មហាជនមួយចំនួនថា កម្ពុជាជាតំបន់មួយដែលបាត់បង់ព្រៃឈើ តាមរយៈការកាប់បំផ្លាញព្រៃឈើ។ល។ និង ។ល។
តំបន់ការពារធម្មជាតិចំនួន ៤ នៅលើទឹកដីនៃខេត្តព្រះវិហាររួមមានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការ និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានផ្ទៃដីសរុបចំនួន ៥៤៦ ១២៩,៤១ ហិកតា។ តំបន់ការពារធម្មជាតិទាំង ៤ គាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានជិត ១០ ០០០ គ្រួសារ និងមានសត្វព្រៃ រងការគំរាមកំហែងជាសកលជាង ៣០ ប្រភេទ ដូចជាដំរីអាស៊ី និងសត្វស្លាបជិតផុតពូជបំផុត ៥ ប្រភេទមាន៖ ត្មាតផេះ ត្មាតត្នោត ត្មាតភ្លើង ត្រយងយក្ស និងត្រយងចង្កំកស ជាដើម។
ចាប់តាំងពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦ លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។
កម្ពុជាកំពុងតែធ្វើការសិក្សា និងអនុវត្តគម្រោងឥណទានកាបូន សាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។
មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១ ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,៣ លានហិកតា ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៩ កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ១ ២៦០ នាក់ដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូនានា បាននិងកំពុងឈរជើងការពារ៕