កំពង់ស្ពឺៈ មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ នឹងអនុវត្តវិធានការច្បាប់ផាកពិន័យចំពោះការបោះសំរាមចោលនៅទីសាធារណៈ ប្រសិនបើការផ្សព្វផ្សាយអប់រំច្រើនដងហើយ ពលរដ្ឋនៅតែផ្គើនបន្តបោះសំរាមចោលពាសវាលពាសកាល នាំឲ្យខូចសោភណភាពនៅឧទ្យានជាតិគិរីរម្យ។
លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ថ្លែងនាថ្ងៃទី ១៤ មិថុនា ថា បញ្ហាពលរដ្ឋទៅលេងនៅឧទ្យានជាតិគិរីរម្យ ហើយបានទុកដាក់សំរាមចោលពាសវាលពាសកាលនោះ លោកកំពុងចាត់ក្រុមការងារឱ្យចុះទៅធ្វើការអប់រំផ្សព្វផ្សាយ ដោយមានដាក់បដា និងពាក្យស្លោកផ្សេងៗស្តីពីការលើកកម្ពស់ការរក្សាបរិស្ថានផងដែរ។ បើសិនជាការអប់រំណែនាំច្រើនដង ហើយពលរដ្ឋមិនស្តាប់ នោះទើបអនុវត្តវិធានការតាមផ្លូវច្បាប់។
លោកថ្លែងថា៖ «កាលណាប្រាប់មិនស្តាប់ច្រើនដង គឺយើងធ្វើការពិន័យតាមច្បាប់ហើយ។ ប៉ុន្តែទី១ យើងអប់រំផ្សព្វផ្សាយឲ្យគាត់យល់ជាមុនសិន។ ការអប់រំនេះមិនមែនតែពលរដ្ឋទៅលេងទីនោះទេ អាជីវករ ក៏យើងណែនាំគាត់ដែរ គឺឱ្យគាត់ចេះញែកសំរាមជាសំណល់រឹង និងសំណល់រាវ ឬសំណល់ប្លាស្ទិក។ យើងអប់រំគាត់ឲ្យប្រើស្លឹកចេក ស្លឹកឈូក ស្លឹកអី អ៊ីចឹងទៅ ព្រោះប្លាស្ទិកមិនងាយរលាយទេ»។
លោក ហែម ឧត្តម អ្នកជំនាញបរិស្ថាន ថ្លែងនាថ្ងៃទី ១៤ មិថុនានេះថា ភាពអសកម្មរបស់ប្រជាពលរដ្ឋក្នុងការទុកដាក់ចោលសំរាម នៅតែមាន ទោះបីបច្ចុប្បន្នមានហេដ្ឋារចនាសម្ព័ន្ធ មានធុងសំរាម កញ្ច្រែងសំរាមខ្លះនៅដោយកន្លែងហើយក៏ដោយ ប៉ុន្តែពលរដ្ឋនៅតែមិនទាន់មានទម្លាប់ក្នុងការចោលសំរាមឱ្យចំកន្លែងនៅឡើយទេ។
លោកថ្លែងថា៖ «បើសិនជាអាច ស្ថាប័នពាក់ព័ន្ធទាំងអស់សូមបង្កើតជាកម្មវិធីណាមួយ ដែលជួយភ្ញោចស្មារតីពលរដ្ឋឲ្យគាត់ចេះទទួលខុសត្រូវក្នុងការទុកដាក់សំរាម។ ឧទាហរណ៍តាមរយៈទូរទស្សន៍ ឬប្រព័ន្ធផ្សព្វផ្សាយ ធ្វើម៉េចឲ្យមានប្រជាប្រិយជាងការតាមដានអ្នកជេរគ្នាតាមបណ្តាញសង្គម»។
នាយកប្រតិបត្តិអង្គការកែច្នៃ និងអនាម័យសហគមន៍ លោក ហេង យ៉ុន គូរ៉ា ថ្លែងថា ការអប់រំផ្សព្វផ្សាយតាមរយៈវីដេអូមានច្រើន ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅតែមិនអើពើយកចិត្តទុកដាក់ស្តាប់។ ភាគច្រើនពលរដ្ឋស្តាប់ និងមើលវីដេអូអប់រំទាំងនោះ ប្រៀបដូចជា ការមើលបទចម្រៀង មិនបានយកខួរក្បាលគិតពិចារណា អំពីខ្លឹមសារអប់រំឡើយ។
បើតាមលោក យ៉ុន គូរ៉ា ការដែលពលរដ្ឋមិនខ្ចីអើពើក្នុងការទទួលខុសត្រូវចំពោះការទុកដាក់ចោលសំរាមនេះ ដោយសារតែមូលហេតុមួយចំនួនទៀត ដូចជា ការខ្វះខាតធុងសំរាម សេវាប្រមូលសំរាមយឺត និងអាជ្ញាធរមានសមត្ថកិច្ចមិនដែលអនុវត្តច្បាប់ពីការផាកពិន័យក្នុងការចោលសំរាមឡើយ។
លោកនិយាយថា៖ «ខ្ញុំសង្កេតឃើញថា អត់មានអ្នកឃ្លាំមើលសម្រាប់ពិន័យ។ បើសិនជាមានអ្នកឃ្លាំមើលសម្រាប់ពិន័យ ១ ដង ២ ដង មនុស្សអាចកែទម្លាប់ហ្នឹង ហើយបើសិនជាយើងមិនទាន់ពិន័យទេ គឺត្រូវធ្វើការអប់រំ ១ ដង ២ ដង។ យើងសរសេរពាក្យស្លោកអប់រំតាំងពីក្រោមរហូតដល់លើ ឬកន្លែងណាដែលជាផ្លូវដើរ អ៊ីចឹងទៅ»។
យ៉ាងណាក៏ដោយ លោក ហែម ឧត្តម ថ្លែងថា ការអនុវត្តច្បាប់តឹងរ៉ឺងពេក អាចបង្ខំឱ្យប្រជាពលរដ្ឋធ្វើតាម ប៉ុន្តែធ្វើតែនៅមុខមន្ត្រី ឬអាជ្ញាធរមានសមត្ថកិច្ចប៉ុណ្ណោះ មិនមានការផុសចេញពីចិត្តក្នុងការចូលរួមរក្សាបរិស្ថានឡើយ។ ការបោះសំរាមចោលនៅតាមទីរមណីយដ្ឋាន ឬទីសារធារណៈផ្សេងៗ នាំឱ្យខូចសោភណភាព និងមានការបំពុលបរិយាកាស ដែលប៉ះពាល់ដល់ជីវចម្រុះ និងខ្វះខ្យល់អាកាសបរិសុទ្ធសម្រាប់មនុស្សផងដែរ៕
វីដេអូ៖