ភ្នំពេញៈ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិបានឱ្យដឹងថា សិក្ខាកាមយោធាកម្ពុជាចំនួន ៧ រូប បានបញ្ចប់ការសិក្សាថ្នាក់បច្ចេកទេស Specialist degree ដោយជោគជ័យពីវិទ្យាស្ថានវិស្វកម្មកាំភ្លើងធំ និងកាំជ្រួច នាទីក្រុងផេនហ្សានៃសហព័ន្ធរុស្ស៊ី។
ទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិបានឱ្យដឹងនៅថ្ងៃទី ១៣ មិថុនាថា សិក្ខាកាមយោធាកម្ពុជាចំនួន ៧ រូបនេះគឺមានលោក ហែម នរៈសត្យា លោក ផុន ណារិទ្ធ លោក កែវ ផល្លី និងលោក អ៊ឹង មេងលី បានបញ្ជប់ជំនាញមីស៊ីល និងកាំភ្លើងធំ។ ចំណែកលោក ឱ សុវណ្ណបញ្ញា បានបញ្ចប់ជំនាញមធ្យោបាយវិទ្យុបច្ចេកទេសកាំភ្លើងធំ ខណៈលោក មាស សុជាត្ថា លោក ងឿន ប៊ុនថេន បានបញ្ចប់ជំនាញគ្រឿងក្រោះ និងឧបករណ៍ឆ្លុះ Electro។
ក្រសួងការពារជាតិបានបញ្ជាក់ថា៖ «នេះជាមោទនភាពជាតិខ្មែរ។ សញ្ញាបត្រថ្នាក់ Specialist degree ទាំងអស់ ដែលចេញដោយស្ថាប័នអប់រំរុស្ស៊ី គឺមានតម្លៃស្មើនឹងសញ្ញាបត្រថ្នាក់អនុបណ្ឌិតនៅប្រទេសកម្ពុជា»។
លោក អឿ គង្គារ អនុប្រធានសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងនៅថ្ងៃទី ១៤ មិថុនាថា សមាគម សូមសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះសិក្ខាកាមទាំង ៧ រូប ដែលបានខិតខំប្រឹងប្រែងបញ្ចប់ការសិក្សាផ្នែកមីស៊ីលនៅប្រទេសរុស្ស៊ី។
លោករំពឹងថា ពួកគេនឹងពាំនាំជំនាញដែលទទួលបានពីប្រទេសមហាអំណាចមួយនេះ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសកម្ពុជាក្នុងពេលខាងមុខ ខណៈជំនាញទាំងនេះ គឺជាជំនាញមួយដ៏កម្រនៅក្នុងប្រទេស។
លោកបញ្ជាក់ថា៖ «នៅពេលពួកគេបានបញ្ចប់ការសិក្សាផ្នែកនេះពួកគេនឹងត្រឡប់មកប្រទេសវិញ ដើម្បីធ្វើការអភិវឌ្ឍប្រទេស។ តែខ្ញុំមិនទាន់បានដឹងច្បាស់ទេថា ពួកគេនឹងត្រឡប់ទៅមាតុប្រទេសវិញ នៅពេលណា។ គ្រាន់តែថា តាមរយៈជំនាញដែលពួកគេទទួលបាននេះនឹងធ្វើឱ្យពួកគេអាចចូលរួមចែករំលែកចំណេះដឹងរបស់ខ្លួន ទៅដល់យុវជនកម្ពុជាផងដែរ»។
ជាមួយនឹងការថ្លែងបែបនេះ លោក អឿ គង្គា បាននិយាយថា សមាគមនឹងបន្តកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ដើម្បីគាំទ្រដល់និស្សិតខ្មែរ និងសិក្ខាកាមយោធាទាំងអស់ដែលកំពុងបន្តការសិក្សា ឱ្យទទួលបានភាពងាយស្រួលអំឡុងពេលរស់នៅប្រទេសរុស្ស៊ី។
ក្នុងមួយឆ្នាំៗ សិក្ខាកាមខ្មែរផ្នែកស៊ីវិល ដែលបានបញ្ចប់ការសិក្សានៅប្រទេសរុស្ស៊ីមានចន្លោះពី ៥ ទៅ ១៦ នាក់ ទៅលើជំនាញការពារជាតិ និងមុខវិជ្ជាផ្សេងៗខណៈរដ្ឋាភិបាលរុស្ស៊ី តែងតែផ្តល់អាហារូបករណ៍ដល់ពលរដ្ឋខ្មែរចំនួន ១៦ កន្លែងជារៀងរាល់ឆ្នាំ។ នេះបើតាម លោក អឿ គង្គារ។
បន្ថែមពីនេះ លោកបានបញ្ជាក់ថា ចំនួននេះគឺមិនទាន់បានរាប់បញ្ចូលនឹងតួលេខដែលរដ្ឋាភិបាលរុស្ស៊ីបានផ្តល់មកឱ្យរដ្ឋាភិបាលកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការផ្នែកយោធានោះទេ។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានលើកឡើងនៅថ្ងៃទី ១៤ ខែមិថុនា ដោយបានអបអរសាទរចំពោះសិក្ខាកាមយោធាទាំង ៧ រូប ដែលបានបញ្ចប់ការសិក្សាថ្នាក់បច្ចេកទេសជំនាញ វិស្វកម្មកាំភ្លើងធំ និងកាំជ្រួចពីប្រទេសរុស្ស៊ី។ លោកយល់ថា សិក្ខាកាមទាំង ៧ រូបនេះ គឺជាធនធានដ៏មានតម្លៃសម្រាប់ប្រទេសកម្ពុជា ដែលកម្រនឹងមានអ្នកចេះជំនាញនេះណាស់។
ហេតុនេះហើយលោកជឿជាក់ថា៖ «រដ្ឋាភិបាល គួរតែឱ្យតម្លៃ និងផ្តល់តួនាទី ក៏ដូចជាប្រើប្រាស់ ពួកគាត់ឱ្យបានត្រឹមត្រូវទៅតាមចំណេះ ជំនាញ និងបទពិសោធដែលពួកគាត់មាន ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជាយើង ជាពិសេសនៅក្នុងជំនាញដែលពួកគាត់បានរៀនឱ្យកាន់តែប្រសើរមួយកម្រិតទៀត»៕