បាត់ដំបងៈ រដ្ឋបាលខេត្តបាត់ដំបងប្រកាសពីគម្រោងអភិវឌ្ឍន៍បឹងរលួសស្ថិតនៅក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបងក្នុងគោលបំណងថែរក្សាការពារបឹងនេះឱ្យគង់វង្សចៀសវាងមានការរំលោភបំពានមកលើដីរដ្ឋ ដោយបង្កើតទៅជារមណីយដ្ឋានទេសចរណ៍ ដើម្បីទាក់ភ្ញៀវទេសចរឱ្យមកកម្សាន្ត។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង ប្រាប់ភ្នំពេញកាលពីម្សិលមិញថា ការអភិវឌ្ឍបឹងរលួសនេះ រដ្ឋបាលខេត្តជាអ្នកនាំមុខ ឬដឹកនាំ តម្រង់ទិសជួយរៀបចំអភិវឌ្ឍឱ្យស្របតាមចក្ខុវិស័យទិសទាំង ៤ ជុំវិញក្រុងបាត់ដំបង។
លោកបានបន្តថា បឹងរលួសនេះមានទំហំប្រមាណជាង ១០ ហិកតាដែលកាលពីមុនមានស្ថានភាពគោករាក់។ ឃើញដូចនេះពលរដ្ឋក៏បានស្នើសុំគោលការណ៍ពីថ្នាក់ខេត្ត តាមរយៈឃុំ និងស្រុក ដើម្បីឱ្យជួយស្តារបឹងនេះ។
បន្ទាប់មករដ្ឋបាលខេត្តក៏បានឱ្យអាជ្ញាធរស្រុកជាអ្នកស្តារ ដើម្បីផ្តល់ទឹកជូនពលរដ្ឋសម្រាប់ស្រោចស្រពដីកសិកម្ម ប៉ុន្តែនៅពេលស្តាររួចហើយ ប្រសិនបើមិនមានយន្តការគ្រប់គ្រងឱ្យបានត្រឹមត្រូវទេ វានឹងបង្កឱ្យមានបាក់បន្តទៀត។ ដូច្នេះ ទើបរដ្ឋបាលខេត្តមានគំនិតក្នុងការដាំដើមឈើដើម្បីប្រែក្លាយតំបន់នោះទៅជាតំបន់បៃតង និងកន្លែងកម្សាន្ត ព្រោះទីនោះក៏នៅមិនឆ្ងាយពីទីក្រុងប៉ុន្មានដែរ។
បើតាមលោក សឿម ប៊ុនរិទ្ធិ ព្រៃឈើភាគច្រើនគឺនៅតំបន់ឆ្ងាយ ដែលធ្វើឱ្យពលរដ្ឋមិនដែលស្គាល់នោះទេ ទើបរដ្ឋបាលខេត្តមានគម្រោងដាំដើមឈើចំនួន ១ ៦០០ ដើមទៀត និងប្រែក្លាយតំបន់នេះទៅជាតំបន់ទេសចរណ៍សម្រាប់បម្រើដល់ពលរដ្ឋទូទៅជាពិសេសលើកស្ទួយសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យកាន់តែប្រសើរ។
លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា៖ «យើងរៀបចំអភិវឌ្ឍប្រែក្លាយទៅជាគម្របបៃតង បរិស្ថានល្អ តាមរយៈការដាំដើមឈើ ការរៀបចំតំបន់កម្សាន្ត កន្លែងកីឡា កន្លែងលក់ដូរ និងចូលរួមចំណែកជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនពលរដ្ឋតាមរយៈបង្កើនប្រាក់ចំណូលពីការលក់ដូរចំណីអាហារ វត្ថុអនុស្សាវរីយ៍ និងដាំដំណាំបន្លែផ្លែឈើសរីរាង្គ ជូនភ្ញៀវទេសចរដែលបានមកលេងកម្សាន្តក្នុងតំបន់នេះ ដោយបង ប្អូនពលរដ្ឋជាអ្នកទទួលផលដោយផ្ទាល់ »។
លោក អួង សារ៉ន មេឃុំពាមឯកបានស្វាគមន៍ចំពោះគម្រោងអភិវឌ្ឍន៍បឹងរលួសនេះទៅជាតំបន់ទេសចរណ៍ ប៉ុន្តែលោកថា កន្លងមកមានការថ្នាំងថ្នាក់ពីពលរដ្ឋប្រមាណ ១០០ គ្រួសារ ដោយសារពួកគាត់មិនទាន់យល់ច្បាស់ពីគម្រោងអភិឌ្ឍន៍នេះ។
បើតាម លោក អួង សារ៉ន ពួកគាត់មិនយល់ច្បាស់ ដោយសារពីដំបូងឡើយ ពលរដ្ឋទាំងនោះបានស្នើសុំឱ្យមានការស្តារបឹងនេះ បន្ទាប់ពីមានស្ថានភាពគោករាក់ ដើម្បីបានទឹកយកទៅស្រោចស្រពដីស្រែរបស់ពួកគាត់។
ប៉ុន្តែលុះស្តាររួច រដ្ឋបាលខេត្តបានបង្វែរទៅជាការរៀបចំអភិវឌ្ឍជាតំបន់ទេសចរណ៍ និងរមណីយដ្ឋានវិញ ដោយមិនបានជូនដំណឹងដល់ពួកគាត់ទើបមានប្រតិកម្ម។ ទោះជាយ៉ាងណារហូតមកទល់ពេលនេះ រដ្ឋបាលឃុំ បានសម្របសម្រួលហើយ ពួកគាត់ក៏មានការយល់ដឹងខ្លះហើយដែរ។
លោកមេឃុំបានថ្លែងថា៖ «នៅពេលមានទំនាស់ខ្លាំង គឺនៅពេលដែលយើងស្តារហើយព័ទ្ធរបងជុំវិញដែលធ្វើឱ្យមានការលំបាកក្នុងការចេញចូលរបស់ពួកគាត់ ហើយគាត់ថា យើងព័ទ្ធដើម្បីលក់ទៅឱ្យឯកជន។ អ៊ីចឹង គាត់ក៏មានប្រតិកម្ម ឱ្យរើរបងចេញវិញ។ ជាគោលការណ៍របស់ខេត្ត គឺមិនរើទេ ប៉ុន្តែបើកច្រកនៅតាមទីតាំងដែលបានស្នើសុំរបស់ម្ចាស់ដី»។
លោក អួង សារ៉ន បានឱ្យដឹងទៀតថា បច្ចុប្បន្នតំបន់នេះបាននិងកំពុងអភិវឌ្ឍឈូសឆាយដីសម្រាប់ដាំដើមឈើ និងរៀបចំកន្លែងលក់ដូរ ឱ្យបានសមរម្យដើម្បីកុំឱ្យពលរដ្ឋលក់ដូរពាសវាលពាសកាល ខណៈពេលនេះមានភ្ញៀវទេសចរបានមកលេងបណ្តើរៗហើយ។
បើតាមលោក សឿម ប៊ុនរិទ្ធី រដ្ឋបាលខេត្តបាត់ដំបងបានដាក់ទិសដៅក្នុងការអភិវឌ្ឍទិសទាំង ៤ រួមមាន ទិសខាងត្បូងក្រុង មានប្រាង្គប្រាសាទបាណន់ និងតំបន់ជុំវិញ នឹងត្រូវរៀបចំឱ្យមានការទាក់ទាញ ដូចជាណូរី តំបន់បៃតង តំបន់កសិកម្ម និងការដាំដំណាំសិរីរាង្គ, ទិសខាងជើងក្រុងមានប្រាង្គប្រាសាទឯកភ្នំ និងតំបន់ជុំវិញមានបឹងរលួស បឹងតាគម រៀបចំអភិវឌ្ឍប្រែក្លាយទៅជាគម្របបៃតងសម្រាប់បម្រើដល់ភ្ញៀវទេសចរ។
ក្រៅពីទិសខាងត្បូង និងទិសខាងជើងក្រុង រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋានបន្តពិនិត្យមើលទិសខាងលិចក្រុង គឺភ្នំសំពៅ និងតំបន់ជុំវិញ ទិសខាងកើតក្រុង គឺប្រាសាទបាសែត និងតំបន់ជុំវិញ ដែលត្រូវរៀបចំឱ្យមានការអភិវឌ្ឍដើរទន្ទឹមនឹងការអភិរក្ស ជាមួយតំបន់ជុំវិញ ឱ្យមានការទាក់ទាញពីភ្ញៀវជាតិ អន្តរជាតិ ដោយធ្វើយ៉ាងណាឱ្យភ្ញៀវបានស្នាក់នៅ ដើរកម្សាន្តរយៈពេលច្រើនថ្ងៃ និងមិនមានការធុញទ្រាន់ តាមរយៈបង្កើតឱ្យមានទីតាំងទស្សនាច្រើនកន្លែងប្លែកៗពីគ្នា៕