ព្រះវិហារៈ គិតត្រឹមខែមិថុនាឆ្នាំនេះ គម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ដែលអនុវត្ដដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ចាប់ផ្តើមដំបូងកាលពីឆ្នាំ ២០០៨ ក្នុងខេត្ដព្រះវិហារបានពង្រីកដល់ខេត្ដចំនួន ៣ ទៀត គឺស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ក្នុងនោះមានពលរដ្ឋជាង ១ ៥០០ គ្រួសារកំពុងអនុវត្ដគម្រោងនេះ។
ក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ ចំពោះការអនុវត្ដគម្រោងនេះដែលបានប្រើប្រាស់ខ្សែចង្វាក់ផ្គត់ផ្គង់មាននិរន្តរភាពគាំទ្រការអភិរក្សការពារសត្វព្រៃ ព្រៃឈើ និងកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាពដល់ប្រជាពលរដ្ឋ។
លោក ផាន់ ស៊ីថាន ទីប្រឹក្សាបច្ចេកទេសផ្នែកសហគមន៍នៃអង្គការ WCS បានថ្លែងឱ្យដឹងពេលអមដំណើរលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ធ្វើទស្សនកិច្ចពិនិត្យការដាំដុះស្រូវត្រយងរបស់ប្រជាកសិករស្ថិតនៅក្នុង ភូមិក្រឡាពាសនៃដែនជម្រកសត្វព្រៃព្រះរកាកាលពីថ្ងៃទី ១០ ខែមិថុនាថា ការអនុវត្ដកម្មវិធីមិត្ដភាពសង្គ្រោះសត្វព្រៃ (ស្រូវត្រយង) ដំបូងកាលពីឆ្នាំ ២០០៨ នៅឃុំត្មាតប៉ើយ ក្នុងចំនួន ១១ ភូមិ។
លោកថ្លែងថា៖ «ពេលនេះ យើងបានអនុវត្ដគម្រោងស្រូវត្រយងក្នុងឃុំត្មាតប៉ើយ បានចំនួន ១៤ ភូមិហើយ។ យើងទើបពង្រីកថែម ៣ ភូមិទៀតក្នុងឆ្នាំ ២០២១ នេះ។ យើងបានពង្រីកគម្រោងនេះបន្ថែមទៅដល់ខេត្ដស្ទឹងត្រែង ខេត្ដរតនគិរី និងខេត្ដមណ្ឌលគិរី»។
អង្គការ WCS បានពង្រីកគម្រោងស្រូវត្រយងទៅដល់ខេត្ដស្ទឹងត្រែងកាលពីឆ្នាំ ២០១៦ ទៅខេត្ដមណ្ឌលគិរីឆ្នាំ ២០១៧ និងចាប់ផ្ដើមពង្រីកដល់ខេត្ដរតនគិរីក្នុងឆ្នាំ ២០២១នេះ។
លោក ស៊ីថាន បន្តថា កាលពីការចាប់ផ្ដើមអនុវត្ដគម្រោងដាំដុះស្រូវត្រយងដំបូងក្នុងខេត្ដព្រះវិហារមានប្រជាពលរដ្ឋប្រមាណ ១៥០ គ្រួសារប៉ុណ្ណោះបានចូលរួមអនុវត្ដគម្រោង។ ប៉ុន្ដែរហូតមកដល់ពេលនេះមានពលរដ្ឋប្រមាណ ៦០០ គ្រួសារបាននិងកំពុងអនុវត្ដគម្រោងដាំដុះស្រូវត្រយងក្នុងភូមិសាស្ដ្រខេត្ដព្រះវិហារ។
បើតាមលោក ស៊ីថាន ផលិតផលស្រូវត្រយងមានទីផ្សារល្អកាលពីឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១ នេះដោយអង្គការបានប្រមូលទិញស្រូវពីប្រជាពលរដ្ឋដែលអនុវត្ដគម្រោងក្នុងភូមិទាំង ១១ នៃឃុំត្មាតប៉ើយ សរុបជាង ៩០០ តោន។
ចំណែកពលរដ្ឋនៅក្នុងភូមិចំនួន ៣ ទៀត កំពុងចាប់ផ្ដើមអនុវត្ដគម្រោងក្នុងឆ្នាំនេះ។ តាមរយៈការអនុវត្ដគម្រោងស្រូវត្រយង ក្រុមការងាររបស់អង្គការ WCS បានបណ្ដុះបណ្ដាលច្ចេកទេសនៃការដាំដុះស្រូវដល់ប្រជាកសិករ និងផ្ដល់កិច្ចសន្យាជាក់លាក់ជាមួយប្រជាកសិករ ដើម្បីធានាទិញស្រូវពីពួកគាត់ ក្រោយពេលបង្កបង្កើនផលបាននៅក្នុងតម្លៃមួយលើសតម្លៃទីផ្សារ។ ប៉ុន្ដែពលរដ្ឋដែលយល់ព្រមអនុវត្ដគម្រោងនេះក៏ត្រូវគោរពតាមលក្ខខណ្ឌដែលបានកំណត់ក្នុងកិច្ចសន្យាទើបអង្គការទទួលទិញស្រូវ។
លោកថ្លែងថា៖ «លក្ខខណ្ឌពិសេសជាងគេ គឺហាមពលរដ្ឋចូលទៅកាប់រានដីព្រៃ ហាមកាប់ឈើ ហាមប្រើប្រាស់ថ្មាំពុលគីមីគ្រប់ប្រភេទ រួមនឹងការមិនបរបាញ់សត្វព្រៃ ឬការដាក់អន្ទាក់សត្វព្រៃជាដើម។ បើពលរដ្ឋមិនអនុវត្ដត្រឹមត្រូវតាមកិច្ចសន្យា អង្គការនឹងមិនទទួលទិញស្រូវ ដែលផលិតបាននោះឡើយ»។
លោក នេត្រ ភក្ត្រា ថ្លែងពេលធ្វើទស្សនកិច្ចនេះថាក្រសួងបរិស្ថានបានរៀបចំគោលនយោបាយ និងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចរបស់សហគមន៍ តំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្នុង និងនៅជុំវិញតំបន់ការពារធម្មជាតិឱ្យមានជីវភាពធូរធារ។
លោកបន្តថា៖ «ក្រសួងបរិស្ថានវាយតម្លៃខ្ពស់ចំពោះគម្រោងស្រូវសត្វត្រយង ដែលអនុវត្តដោយអង្គការ WCS ដែលគម្រោងនេះ គឺជាការប្រើប្រាស់ខ្សែចង្វាក់ផ្គត់ផ្គង់ដែលមាននិរន្តរភាព ដើម្បីគាំទ្រការអភិរក្ស និងការពារសត្វព្រៃ ព្រៃឈើ និងចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព»។
បើតាមលោក ភក្ត្រា គម្រោងស្រូវត្រយងបានចូលរួមយ៉ាងច្រើនក្នុងកិច្ចការងារអភិរក្ស ជាពិសេសអភិរក្សសត្វត្រយងយក្ស ត្រយងចង្កំកស ដែលកំពុងជិតផុតពូជនៅលើពិភពលោក។ ក្រៅពីនេះគម្រោងស្រូវត្រយងបានរួមចំណែកក្នុងការការពារ ធនធានធម្មជាតិនឹងអភិរក្សជីវចម្រុះនៅកម្ពុជា។
លោកឱ្យដឹងថា ក្រោយពីការចាប់ផ្ដើមអនុវត្ដគម្រោងដាំស្រូវសង្គ្រោះសត្វព្រៃនេះក្នុងខេត្តព្រះវិហារ មកដល់ពេលនេះ ត្រូវបានពង្រីកទៅកាន់តំបន់ការពារធនធានធម្មជាតិនានាក្នុងប្រទេសកម្ពុជាគឺមានពលរដ្ឋចូលរួមដាំស្រូវក្នុងគម្រោងនេះប្រមាណ ១ ៥០០ គ្រួសារ។
លោកបញ្ជាក់ថា៖ «ទិន្នផលស្រូវដែលកសិករធ្វើបានគឺមានគុណភាពល្អហើយត្រូវបានលក់ក្នុងតម្លៃមួយលើស ៥០ ភាគរយនៃតម្លៃទីផ្សារ។ ទាំងនេះដោយសារពលរដ្ឋបានគោរពនូវគោលការណ៍ដែលបានដាក់ចុះដោយភ្ជាប់នឹងគោលការណ៍អភិរក្សធនធានធម្មជាតិ»។
លោកបានឱ្យដឹងថាសព្វថ្ងៃផលិតផលស្រូវសង្គ្រោះសត្វព្រៃត្រូវបានគ្រប់គ្រង និងធ្វើអាជីវកម្មដោយក្រុមហ៊ុន Ibis Rice Conservation Company (IRCC) ដោយសមាគមអភិរក្សសត្វព្រៃទទួលខុសត្រូវក្នុងការទិញ និងលក់ផលិតផលស្រូវនេះ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ។
លោក ស៊ូ សេរី អភិបាលរងខេត្តព្រះវិហារបានឱ្យដឹងថា រដ្ឋបាលខេត្ដតែងតែចូលរួមគាំទ្រនូវការបង្កើតគម្រោងអភិវឌ្ឍស្រូវមិត្តភាពសង្គ្រោះសត្វនេះ ដែលគម្រោងនេះបានចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ការធ្វើស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ គឺជាជំហានមួយដែលជួយបន្ថែមចំណូលដល់កសិករ ក្រៅពីការធ្វើស្រែតាមបែបប្រពៃណី។
លោកថ្លែងថា៖ «ទីផ្សារលក់ស្រូវនេះក៏ងាយរកហើយស្រូវប្រភេទនេះធ្វើបានផលលឿនទិន្នផលខ្ពស់ហើយតម្លៃខ្ពស់ដែលជួយលើកស្ទួយជីវភាពពលរដ្ឋឱ្យកាន់តែធូរធារ។ ស្រូវប្រភេទនេះត្រូវប្រើរយៈពេល ៣ ខែ ក្នុងការដាំដុះគឺអាចទទួលបានផលលក់ចេញហើយ»។
បើតាមលោកអភិបាលរងខេត្ដ បច្ចុប្បន្នអ្វីដែលប្រជាពលរដ្ឋកំពុងប្រឈមលើការដាំដុះស្រូវនោះគឺការធ្វើស្រែដោយពឹងផ្អែកទៅលើទឹកភ្លៀងនៅឡើយ។ បើគ្មានភ្លៀងគ្រប់គ្រាន់ទេទិន្នផលស្រូវរបស់ពលរដ្ឋក៏ធ្លាក់ចុះដែរ។ លោកបញ្ជាក់ថារដ្ឋបាលខេត្ដនាពេលខាងមុខនេះនឹងរកវិធីដោះស្រាយបញ្ហានេះ ដើម្បីធ្វើយ៉ាងណាឱ្យមានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ក្នុងការធ្វើស្រែ។
លោក ឡាំ ឈាន អាយុ ៦៥ ឆ្នាំ ជាកសិករម្នាក់កំពុងអនុវត្ដគម្រោងដាំដុះស្រូវត្រយងនេះនៅភូមិក្រឡាពាសនៃដែនជម្រកសត្វព្រៃព្រះរការ បានលើកឡើងថា ក្រោយពេលទទួលបានការផ្សព្វផ្សាយពីអង្គការ WCS ប្រជាពលរដ្ឋរស់នៅក្នុងភូមិបានសម្រេចចិត្ដអនុវត្ដគម្រោងដាំស្រូវត្រយង តាមការណែនាំរបស់អង្គការ។ ពលរដ្ឋពលរដ្ឋដាំស្រូវនេះព្រោះលក់ចេញបានតម្លៃថ្លៃជាងតម្លៃស្រូវធម្មតាប្រហែល ៥០ ភាគរយ។
លោកបានប្រាប់ថា៖ «ស្រូវត្រយងនេះឱ្យតែយើងដាំបាន និងអនុវត្ដតាមគោលការណ៍ណែនាំរបស់អង្គការ បន្ទាប់ពីប្រមូលផលអង្គការនឹងមកប្រមូលទិញពីយើងក្នុងតម្លៃលើសពីតម្លៃស្រូវធម្មតា។ កាលពីឆ្នាំមុនខ្ញុំលក់ស្រូវត្រយងនេះទៅអង្គការបានក្នុង ១ គីឡូក្រាម តម្លៃ ១ ៧០០ រៀល»៕