ភ្នំពេញៈ ផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញជាធម្មតាចាប់ពីថ្ងៃទី ១៥ មិថុនា បន្ទាប់ពីបានផ្អាកដំណើរការជាបណ្តោះអាសន្នកាលពីពាក់កណ្តាលខែមេសា ដោយសារមានការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលមានអាជីវករស្ទើរតែគ្រប់ផ្សាររដ្ឋបានឆ្លងជំងឺកូវីដ ១៩ នេះ។
លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញបានចេញសេចក្តីសម្រេចនៅយប់ថ្ងៃទី ១៤ ខែមិថុនា អនុញ្ញាតឱ្យបើកដំណើរការគ្រប់អាជីវកម្មការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវតែអនុវត្តវិធានការសុខាភិបាលជាកំហិត។
លោកថា៖ «គ្រប់អាជីវកម្មការលក់ដូរ ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ត្រូវតែអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងការស្កេន QR Code»។
គ្រប់អាជីកម្ម និងការលក់ដូរក្នុងផ្សាររដ្ឋទាំងអស់ដែលត្រូវបើកឡើងវិញនេះ ត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ឃួង ស្រេង បញ្ជាក់ថា៖ «អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី គណៈគ្រប់គ្រងផ្សាររដ្ឋ សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងជនទាំងឡាយណាដែលមានវត្តមានក្នុងបរិវេណផ្សារ ត្រូវអនុវត្តវិធានការរដ្ឋបាល វិធានការសុខាភិបាល និងគោលការណ៍ណែនាំនានារបស់រដ្ឋបាលរាជធានីភ្នំពេញ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២០ ខែឧសភា រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេចឱ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ឡើងវិញសម្រាប់តែអាជីវករលក់គ្រឿងឧបភោគបរិភោគ និងអាហារតែប៉ុណ្ណោះ ដោយមានការរឹតបន្តឹងវិធានសុខាភិបាល វិធានរដ្ឋបាល និងការកម្រិតចំនួនមនុស្សចូលផងដែរ។
ការបើកដំណើរការសម្រាប់ផ្សាររដ្ឋទាំងអស់នេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏តម្រូវឱ្យគ្រប់ផ្សារត្រូវអនុវត្តតាមសេចក្តីណែនាំស្តីពីការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាលចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដូចគ្នាផងដែរ។
លោកអភិបាលរាជធានីបានស្នើឱ្យរដ្ឋបាលខណ្ឌទាំង ១៤ និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញត្រូវសហការចុះត្រួតពិនិត្យតាមផ្សារនីមួយៗ ដើម្បីធានាការអនុវត្តឱ្យបានត្រឹមត្រូវ។
លោកថា៖ «ក្នុងករណីរកឃើញថា អភិបាលរដ្ឋាករ-ស្វយ័តផ្សារធំថ្មី និងគណៈកម្មការគ្រប់គ្រងផ្សាររដ្ឋ ឬបុគ្គលណាម្នាក់ មិនព្រមសហការ ឬមិនអនុវត្តត្រឹមត្រូវ គឺត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ»។
អាជីវករលក់គ្រឿងក្រអូបក្នុងផ្សារអូរឫស្សី អ្នកនាង បញ្ញា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នាងមិនទាន់ចាប់ផ្តើមលក់ភ្លាមទេ តែនាងនឹងបើកតូបនៅថ្ងៃស្អែក ឬខានស្អែកនេះ។
នាងបញ្ញាប្រាប់ថា៖ «ពិតណាស់ ការប្រុងប្រយ័ត្ន ការការពារ គឺជារឿងសំខាន់បំផុត ដោយសារខ្ញុំបារម្ភការឆ្លងមានជាថ្មី ហើយផ្សារនឹងត្រូវបិទម្តងទៀត»។
អាជីវកររូបនេះថា ការបិទផ្សារមួយរយៈពេលនេះ ធ្វើឲ្យប៉ះពាល់ជីវភាពនាងច្រើន ដោយសារការចំណាយធំក្នុងគ្រួសារតែចំណូលមិនមាន។
ជាមួយគ្នានេះ រដ្ឋបាលខេត្តមណ្ឌលគិរីក៏បានចេញសេចក្តីណែនាំបន្ទាន់មួយផងដែរ កាលពីថ្ងៃទី ១៤ មិថុនា ដោយរដ្ឋបាលខេត្តតម្រូវឱ្យអនុវត្តនូវវិធានសុខាភិបាលឱ្យបានត្រឹមត្រូវជាកំហិត។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីឱ្យដឹងថា ក្នុងរយៈពេល ៣ ថ្ងៃ គឺពីថ្ងៃទី ១១-១៣ ខែមិថុនា រដ្ឋបាលខេត្តមណ្ឌលគិរីបានរកឃើញករណីវិជ្ជមានកូវីដ ១៩ ចំនួន ១៧ នាក់ក្នុងនោះស្លាប់ ១ នាក់។ លោកថា កត្តានេះអាចបង្កឱ្យមានហានិភ័យខ្ពស់ចំពោះសុខុមាលភាព និងការរស់នៅរបស់ពលរដ្ឋនៅខេត្តមណ្ឌលគិរី ជាពិសេសនៅក្រុងសែនមនោរម្យ។
លោក ស្វាយ សំអ៊ាង បញ្ជាក់ថា៖ «ប្រជាពលរដ្ឋ អាជីវករ និងអ្នកលក់ដូរទាំងអស់ក្នុងខេត្តមណ្ឌលគិរីត្រូវអនុវត្តវិធានការពាររបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ។ ការលក់ដូរអាហារត្រូវធ្វើការវេចខ្ចប់ផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពកីឡាផ្សេងៗ។ ហាមឃាត់ការជួបជុំប្រមូលផ្ដុំដែលមានមនុស្សចាប់ពី ៥ នាក់ឡើងទៅ»។
លោកថាគ្រប់វត្តអារាម វិហារអ៊ិស្លាមសាសនា និងវិហារគ្រិស្តសាសនា មិនអនុញ្ញាតឱ្យមានការជួបជុំមនុស្សលើសពីចំនួន ៥ នាក់។ ចំពោះរថយន្តដឹកទំនិញត្រូវបានអនុញ្ញាតឱ្យដំណើរការធម្មតា ដោយកំណត់អ្នករួមដំណើរត្រឹមតែចំនួន ១ នាក់ប៉ុណ្ណោះ។
ចំណែកអភិបាលខេត្តសៀមរាបលោក ទៀ សីហា ក៏បានណែនាំឱ្យមានការរៀបចំសណ្តាប់ធ្នាប់លក់ដូរ របៀបរៀបរយ និងអនុវត្តវិធានការសុខាភិបាលក្នុងផ្សារលើធំថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ផងដែរ។
លោកថា រដ្ឋបាលក្រុងសៀមរាបត្រូវសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជីវករលក់ដូរនៅក្នុង និងជុំវិញផ្សារគណៈកម្មការគ្រប់គ្រងផ្សារលើធំថ្មី និងអ្នកវិនិយោគ។ ធ្វើអាជីវកម្មភាស៊ីផ្សារលើធំថ្មី រៀបចំឱ្យមានការលក់ដូរប្តូរវេនគ្នាជាបណ្តោះអាសន្នដល់អាជីវករលក់ដូរក្នុង និងជុំវិញផ្សារលើធំថ្មី ដើម្បីចៀសវាងការប្រមូលផ្តុំមនុស្សច្រើនក្នុង និងជុំវិញផ្សារ ដែលអាចប្រឈមនឹងការឆ្លងជំងឺកូវីដ ១៩៕