ស្ទឹងត្រែងៈ សត្វផ្សោត ១ ក្បាល ទម្ងន់ ១៨០ គីឡូក្រាម បានងាប់កាលពីថ្ងៃទី ១៤ ខែមិថុនា ក្នុងកន្លែងដែលវារស់នៅក្នុងអន្លង់ផ្សោតអូរឈើទាលក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងដោយសង្ស័យបណ្ដាលមកពីវ័យចំណាស់។
លោក សន ប៉ាន់ មេភូមិអន្លង់ស្វាយ ឃុំព្រះរំកិល និងជាប្រធានក្រុមឆ្មាំទន្លេ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែមិថុនាថា ផ្សោតនេះមានប្រវែង ២៣០ សង់ទីម៉ែត្រ និងត្រូវបានប្រជានេសាទប្រទះឃើញងាប់ ពេលដែលកំពុងបង់សំណាញ់។
លោកថ្លែងថា៖ «យើងវាយតម្លៃផ្សោតរបស់យើងចុះធ្វើការ (ដូច) រាល់ដងអ៊ីចឹង។ (ស្លាប់) នៅខ្ទង់ថ្ងៃទី ១២ (មិថុនា) ពេលល្ងាចព្រោះថ្ងៃទី ១២ ពេលព្រឹក យើងចុះធ្វើការផ្សោតនៅទាំង ២ ទេ។ អ៊ីចឹងវាបាត់នៅពេលល្ងាចហ្នឹងហើយព្រោះថ្ងៃទី ១៣ យើងរកវាអត់ឃើញ។ ថ្ងៃទី ១៤ ទៅបានប្រទះឃើញ (ស្លាប់)»។
លោកបន្តថា៖ «ប្រជានេសាទគាត់ធ្វើនេសាទបង់សំណាញ់ពេលយប់។ អ៊ីចឹងគាត់ជួបគាត់ប្រទះឃើញទៅក៏រាយការណ៍មកមេឃុំ។ ក្រុមឆ្មាំយើងក៏ចុះទៅមើលនៅកន្លែងហេតុការណ៍ដែលកើតឡើងហ្នឹង»។
លោកបន្តថា ផ្សោតនេះត្រូវបានក្រុមការងារជំនាញយកទៅពិនិត្យ ដើម្បីធ្វើកោសល្យវិច័យ។
លោក ប៉ាន់ ថ្លែងថា៖ «អ៊ីចឹងវាក៏សោកស្តាយមែនទែនហើយ។ វានៅតែ ២ សោះ។ ឥឡូវបាត់ ១ ទៀត វានៅសល់តែ ១»។
លោក សេង ទៀក នាយកប្រចាំប្រទេសនៃមូលនិធិអភិរក្ស និងសង្គ្រោះសត្វព្រៃកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែមិថុនា ថា ផ្សោតដែលស្លាប់នេះគឺជាផ្សោតញី ហើយបន្ទាប់ពីពិនិត្យមើលសាកសពផ្សោតនេះគឺមិនមានស្លាកស្នាមអ្វីនោះទេនៅលើដងខ្លួនផ្សោតនោះ។
លោកថ្លែងថា៖ «យើងសង្ស័យជំហានដំបូងប្រហែលជាសាកសពហ្នឹងចាស់ស្លាប់វាប្រហែលជាស្ថិតនៅក្នុងអាយុប្រហាក់ប្រហែល ២៥ ទៅ ៣០ ឆ្នាំ ដូច្នេះផ្សោតអាចរស់បានប្រហែលត្រឹមអាយុពី ២០ ទៅ ៣០ ឆ្នាំហ្នឹងឯង»។
លោកថ្លែងថា បន្ទាប់ពីធ្វើការកត់ត្រាក្នុងឆ្នាំ ២០១៧ ផ្សោតនៅអន្លង់អូរឈើទាលដែលជាប់ព្រំដែនប្រទេសឡាវមានចំនួន ៣ ក្បាល។ នៅខែមេសាឆ្នាំ ២០២១ ផ្សោត ១ ក្បាលបានស្លាប់ និងចុងក្រោយនៅខែមិថុនានេះ ស្លាប់ ១ ក្បាលទៀតបច្ចុប្បន្ន នៅសល់តែ ១ ក្បាល។
ក្រុមផ្សោតនៅអន្លង់ឈើទាលគឺជាក្រុមស្ថិតនៅប៉ែកខាងលើ ហើយមិនដែលមកជួបគ្នាជាមួយក្រុមផ្សោតនៅអន្លង់កាំពីដែលនៅប៉ែកខាងក្រោមនោះទេ ដូច្នេះមានការបារម្ភអំពីការបង្កកំណើត ដោយសារបញ្ហាជំនាប់ច្រើន។ មុនឆ្នាំ ២០០៧ ផ្សោតនៅអន្លង់ឈើទាលមានចំនួន ១៥ ក្បាល៕
វីដេអូ៖