ភ្នំពេញៈ រដ្ឋាភិបាលអូស្ត្រាលី ប្រកាសគាំទ្រកម្ពុជា ដើម្បីកែលម្អការផ្គត់ផ្គង់ទឹកស្អាតនៅតាមតំបន់ជនបទ ខណៈការស្រាវជ្រាវថ្មីមួយរបស់ខ្លួនបានបង្ហាញថា មានតែ ៤៧% នៃភូមិទាំងអស់នៅកម្ពុជាមានបណ្តាញទឹកស្អាតនៅត្រឹមឆ្នាំ ២០២០។
សេចក្តីប្រកាសអំពីការស្រាវជ្រាវរបស់ស្ថានទូតអូស្ត្រាលី ដើម្បីបង្កើនការវិនិយោគនិងនវានុវត្តន៍ ក្នុងវិស័យទឹកស្អាត ចេញផ្សាយនៅថ្ងៃទី ១៥ មិថុនា បានបង្ហាញថា ខណៈដែលមានតែ ៤៧% នៃភូមិទាំងអស់នៅកម្ពុជាមានបណ្តាញទឹកស្អាតនៅត្រឹមឆ្នាំ ២០២០ បែបនេះ តួលេខនៃបណ្តាញទឹកស្អាតនេះ អាចកើនឡើងយ៉ាងឆាប់រហ័ស។
ការកើនឡើងបណ្តាញទឹកស្អាតឆាប់រហ័សនេះ ការស្រាវជ្រាវបានរកឃើញថា គឺដោយសារតែមានកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងស្ថាប័នសាធារណៈ និងឯកជន ដើម្បីការបង្កើនការវិនិយោគ និងនវានុវត្តន៍ពីសំណាក់វិស័យឯកជនសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។
សេចក្តីប្រកាសបញ្ជាក់ថា៖ «ការសិក្សាស្រាវជ្រាវមួយនេះ ត្រូវបានធ្វើឡើង ដោយកម្មវិធី របស់អូស្ត្រាលី“វិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i)” ដែលកម្មវិធីទាំងមូលមានទឹកប្រាក់ចំនួន ៤៩ លានដុល្លារអូស្ត្រាលី នៅក្នុងប្រទេសកម្ពុជា»។
ការសិក្សាស្រាវជ្រាវនេះ បានវាយតម្លៃវិសាលភាព នៃការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងខេត្តចំនួន ២២ របស់ប្រទេសកម្ពុជា ហើយគណនាទឹកប្រាក់វិនិយោគសរុប ដើម្បីផ្គត់ផ្គង់ទឹកស្អាតទៅកាន់ភូមិទាំងអស់នៅកម្ពុជាដែលមិនទាន់មានបណ្តាញទឹកស្អាតដើម្បីប្រើប្រាស់។
ក្នុងជំនួបកាលពីថ្ងៃទី ១៥ មិថុនា ជាមួយ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លោក Luke Arnold ភារធារីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបាននិយាយថា អូស្ត្រាលីនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍវិស័យទឹកស្អាតបន្ថែមទៀត។
លោកបន្តថា នេះក៏ព្រោះតែផលប៉ះពាល់ដោយផ្ទាល់ទៅលើសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់មានទឹកស្អាតប្រើប្រាស់នៅផ្ទះ។ ការសិក្សាដ៏មានសារៈសំខាន់នេះបានបង្ហាញពីកាលានុវត្តភាពសំខាន់ៗនានា ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកស្អាត ក្រោមកិច្ចសហការ និងភាពជាដៃគូរវាងស្ថាប័នសាធារណៈនិងឯកជន។
លោក Arnold បញ្ជាក់ថា៖«ការរួមចំណែករបស់ស្ថានទូតអូស្ត្រាលីទៅលើបណ្តាញទឹកស្អាតកម្ពុជាមានសង្គតិភាពទៅនឹងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់អូស្ត្រាលីនៅកម្ពុជារួមទាំងការផ្តល់អាទិភាពដល់គម្រោងមួយចំនួន ដែលត្រូវបានគាំទ្រថវិកាប្រកបដោយចីរភាព និងដែលផ្តល់នូវផលប្រយោជន៍ពិតប្រាកដសម្រាប់ពលរដ្ឋនៅកម្ពុជា»។
លោក ចម ប្រសិទ្ធ បានថ្លែងក្នុងជំនួបនោះដែរថា រដ្ឋាភិបាលគ្រោងផ្តល់ទឹកស្អាត ១០០% ដល់ពលរដ្ឋនៅទីប្រជុំជននៅត្រឹមឆ្នាំ ២០២៥ ហើយផ្តល់ទឹកស្អាតដល់ប្រជាជនកម្ពុជាទាំងអស់ នៅត្រឹមឆ្នាំ ២០៣០។ លោកក៏បានបង្ហាញការស្វាគមន៍ និងចាត់ទុកថា ប្រព័ន្ធទិន្នន័យកម្មវិធី 3i បានចូលរួមអភិវឌ្ឍជាមួយអគ្គនាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតរបស់ក្រសួង។
លោកបានបញ្ជាក់ថា៖ «ខ្ញុំជឿជាក់ថា យើងកំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីសម្រេចបាននូវគោលដៅនេះ។ ខ្ញុំសូមថ្លែងអំណរគុណដល់អូស្ត្រាលី ចំពោះជំនួយនិងការងារទាំងអស់ដែលបានផ្តល់មកកាន់ក្រសួង»។
តាមរយៈកម្មវិធី 3i អូស្ត្រាលីបានអនុម័ត និងវិនិយោគថវិកាជាង ១៩,៨ លានដុល្លារអូស្ត្រាលីដល់ប្រតិបត្តិករទឹកឯកជនចំនួនជិត ៨០ ដើម្បីបង្កើតនិងពង្រីកការផ្គត់ផ្គង់ទឹកស្អាតដល់គ្រួសារជនបទ។ បន្ថែមពីនេះ ស្ថានទូតអូស្ត្រាលី ក៏បានអះអាងដែរថា នៅពេលដែលកម្មវិធីនេះបញ្ចប់ ពលរដ្ឋកម្ពុជាជាង ១ លាននាក់ នឹងមានទឹកស្អាតប្រើប្រាស់ដោយសារកម្មវិធី 3i។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលី៕