ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា បានសម្រេចជ្រើសរើសលោក ប្រាជ្ញ ចន្ទ អតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ដាក់ជូនកិច្ចប្រជុំពេញអង្គរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃនេះថា គណបក្សប្រជាជនកម្ពុជាបានសម្រេចបញ្ជូនឈ្មោះបេក្ខជនប្រធាន គជប ថ្មី លោក ប្រាជ្ញ ចន្ទ មករដ្ឋសភាហើយ កាលពីព្រឹកថ្ងៃទី ១៦ ខែមិថុនានេះ ។ លោកបន្តថា បន្ទាប់ពីទទួលបានឈ្មោះជាផ្លូវការហើយ រដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គនៅសប្តាហ៍ក្រោយ ប៉ុន្តែមិនទាន់អាចកំណត់ថ្ងៃជាក់លាក់នៅឡើយទេ។
លោកថា៖ «គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកំពុងប្រជុំដើម្បីដាក់បេក្ខជន (ប្រាជ្ញ ចន្ទ) ចូលក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា តាមពិតទៅរយៈពេលជាផ្លូវការដែលគណបក្សប្រជាជនជ្រើសរើសរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ មិថុនា»។ «អញ្ចឹង រដ្ឋសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ហើយកំណត់របៀបវារៈដាក់ជូនសម័យប្រជុំពេញអង្គបោះឆ្នោតផ្តល់ទំនុកចិត្តនៅអាទិត្យក្រោយ»។
លោកបានបន្ថែមទៀតថា ទន្ទឹមនេះដែរ នៅថ្ងៃទី ១៦ ខែមិថុនានេះ លោក ប្រាជ្ញ ចន្ទ បានដាក់ពាក្យលាលែងពីតំណែង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ដែលជាគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្សបណឹ្តងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានៃរដ្ឋសភា។
លោក ប្រាជ្ញ ចន្ទ បានថ្លែងដោយសុំមិនអត្ថាធិប្បាយអំពីបេក្ខភាពរបស់លោកនោះទេ។ លោកធ្លាប់បម្រើការងារនៅខុទ្ទកាល័យគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា អតីតអភិបាលខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក បានថ្លែងថា ដំណើរជ្រើសរើសបេក្ខជនប្រធាន គជប ថ្មី នៅមិនទាន់ទូលំទូលាយ និងតម្លាភាពក៏ដោយ តែលោកស្នើដល់ប្រធាន គជប ថ្មី ត្រូវអនុវត្តច្បាប់ឱ្យស្របតាមរដ្ឋធម្មនុញ្ញជាចម្បង។
លោកថា៖ «ឥឡូវគណបក្សប្រជាជនគេសម្រេចជ្រើសរើសបេក្ខជនរួចហើយ ចឹងខ្ញុំមានសំណូមពរមួយ ស្នើប្រធាន គជប ថ្មី ត្រូវអនុវត្តទៅតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់របស់ គជប គឺតម្រូវឱ្យស្ថាប័ន គជប ជស្ថាប័ន ឯករាជ្យ កុំនៅក្រោមឥទ្ធិពលគណបក្សណាមួយ បើមិនអញ្ចឹងទេការបោះឆ្នោត គណបក្សនយោបាយនឹងមានពាក្យប្តឹងប្តល់នៅពេលបោះឆ្នោត»។
ការរៀបចំនីតិវិធី ដើម្បីជ្រើសរើសប្រធាន គ.ជ.ប ថ្មី បានធ្វើឡើងបន្ទាប់ពី លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងពីតំណែង កាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២១ បន្ទាប់ពីមានបញ្ហាសុខភាព។ លោក ស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធាន គ.ជ.ប កាលពីឆ្នាំ ២០១៥៕