ភ្នំពេញៈ ​មក​ទល់​ពេល​នេះ​ ​ផ្ទះ​បណ្ដែត​ទឹក​និង​បែ​ចិញ្ចឹម​ត្រី​របស់​និគម​ន​ជន​ជាតិ​វៀត​ណាម​ជាង​ ១ ៥០០ ​ត្រូវ​បាន​រុះរើ​ និង​ជម្លៀស​ចេញ​ពី​ផ្ទៃ​ទន្លេ​នៃ​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​លោក ​សាន ​សុខ​សីហា​ អ្នកនាំពាក្យ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​។​

ក្នុង​បទ​សម្ភាសន៍​ជាមួយ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១៦ ខែ មិថុនា ​ឆ្នាំ ២០២១ លោក សុខ​សីហា បាន​ថ្លែងថា​សំណង់អាណាធិបតេយ្យ លើ​ទូក ផ្ទះ​បណ្ដែត​ទឹក និង បែ​ចិញ្ចឹម​ត្រី​របស់​និគម​ជនជាតិ​វៀតណាម​ចំនួន​ ១ ៥៣៧ ក្នុងចំណោម ​១ ៧៤១​ ដែលមាន​ទីតាំង​ស្ថិត​នៅលើ​ផ្ទៃ​ទន្លេ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ បាន​ស្ម័គ្រចិត្ត​រុះរើ និង​ជម្លៀសចេញ​ដោយ​ខ្លួនឯង​ពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេលនេះ ក្រុម​កម្លាំង​សមត្ថកិច្ច​នគរបាល​យើង កំពុង​បន្ត​ចុះជួយ​អន្តរាគមន៍​រុះរើ​សំណង់​មិន​រៀបរយ លើ​ទូក ផ្ទះ​ប​ណ្ដែ​ត​ទឹក និងបែ​ចិញ្ចឹម​ត្រី​មួយចំនួន ដែល​នៅ​សេសសល់ តាម​សេចក្ដីណែនាំ​របស់​គណបញ្ជាកា​រ​ឯកភាព​រាជធានី​ភ្នំពេញ​»​។​

បើតាម​លោក សុខ​សីហា សំណង់​មិន​រៀបរយ​លើ​ទូក ផ្ទះ​បណ្ដែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី ក្នុង​ខណ្ឌ​ចំនួន ៥ ដែលមាន​ទីតាំង​ស្ថិតនៅ​ជាប់​ដង​ទន្លេ​នៃ​ភូមិ​សាស្ត្រា​រាជធានី​ភ្នំពេញ ដែល​បាន​រុះរើ និង​ចល័ត​ចេញ​នោះ​រួ​មាន នៅ​ខណ្ឌ​ព្រែក​ព្នៅ បាន​រុះរើ​ផ្ទះ​បណ្តែត​ទឹក​សរុប​ចំនួន ៨២ និង​បែ​ចិញ្ចឹម​ត្រី​ចំនួន​ ១៧៩។

នៅ​ខណ្ឌ​ជ្រោយចង្វារ ផ្ទះ​បណ្តែត​ទឹក មាន​ចំនួន​សរុប ២១០ រុះរើ​រួច​បាន​ចំនួន ១៤៥ ​និង​បែ​ចិញ្ចឹម​ត្រី​ចំនួន ១២៩ រុះរើ​បាន​ចំនួន​ ៨៥។ នៅ​ខណ្ឌឫស្សីកែវ ផ្ទះ​បណ្តែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី​សរុប​ចំនួន​ ៣៦៦​ ត្រូវបាន​រុះរើ​ និង​ជម្លៀសចេញ​ទាំងស្រុង​។

នៅ​ខណ្ឌ​ច្បារអំពៅ ផ្ទះ​បណ្តែត​ទឹក មាន​ចំនួន​សរុប ២៤៩ រុះរើ​រួច ២១០ និង​បែ​ចិញ្ចឹម​ត្រី មាន​ចំនួន ២៩៣ រុះរើ​បាន​ចំនួន ២៤៧ និង​នៅ​ខណ្ឌមានជ័យ ផ្ទះ​បណ្តែត​ទឹក មាន​ចំនួន ​១២ និង​បែ​ចិញ្ចឹម​ត្រី ចំនួន ៥ ត្រូវបាន​រុះរើ​ទាំងស្រុង​។​

លោក សុខ​សីហា បាន​បន្ថែមថា​៖ «​នៅពេលនេះ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន កំពុង​បន្ត​កិច្ចសហការ​ជាមួយ​កម្លាំង​បញ្ជាការ​ឯកភាព ខណ្ឌ​ទាំង​ ៥ ដើម្បី​ឃ្លាំមើល​និង​អនុវត្ត​នីតិវីធី​ច្បាប់ តាម​គោលការណ៍​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​រុះរើ នូវ​សំណង់​មិន​រៀបរយ​លើ​ទូក ផ្ទះ​បណ្ដែត​ទឹក និង បែ​ចិញ្ចឹម​ត្រី​ទាំងនោះ​»​។​

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​ ១៦ ខែ មិថុនា ឆ្នាំ ២០២១ អាជ្ញាធរ​មូលដ្ឋាន​នៃ​ស្រុក​លើកដែក​ខេត្តកណ្ដាល និងស្រុក​ពាម​ជរ ខេត្តព្រៃវែង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ផ្ទះ​បណ្តែត​ទឹក និងបែ​ចិញ្ចឹម​ត្រី​របស់​និគម​ជនជាតិ​វៀតណាម ចំនួន​ជាង​ ១៥០ ដែល​បាន​ចល័ត​ចេញពី​ផ្ទៃ​ទន្លេ​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ បាន​រំកិល​ទៅដល់​តំបន់​កោះ​ខ្ព​ក​អា​ទាវ ដែលមាន​ទីតាំង​ស្ថិតនៅ​ប្រមាណ​ជិត ​២០​ គីឡូម៉ែត្ រ​ពី​ព្រំប្រទល់​ដែនទឹក​នៃ​ប្រទេស​វៀតណាម​។​

លោក ​ជា ហេង អធិការ​ស្រុក​ពាម​ជរ ខេត្តព្រៃវែង បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ផ្ទះ​បណ្ដែត​ទឹក​និង បែ​ចិញ្ចឹម​ត្រី របស់​និគម​ជនជាតិ​វៀតណាម ដែល​ចល័ត​ពី​ផ្ទៃ​ទន្លេ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ចំនួន ​១៥​ បាន​ទៅដល់​ផ្ទៃ​ទន្លេ​នៃ​ភូមិសាស្ត្រ​ស្រុក​ពាម​ជរ និង​កំពុង​ព្យាយាម​ចូល​ឈប់​សំចត ប៉ុន្តែ​ត្រូវបាន​រារាំង​ដោយ​កម្លាំង​បញ្ជាការ​ឯកភាព​ស្រុក​ពាម​ជរ​។​

លោក​ ហេង​ បាន​បញ្ជាក់ថា​៖ «​កម្លាំង​របស់​យើង​កំពុង​កៀង​ឲ្យ​ម្ចាស់ផ្ទះ​បណ្ដែត​ទឹក និងបែ​ចិញ្ចឹម​ត្រី​របស់​និគម​ជនជាតិ​វៀតណាម​ទាំងនោះ ធ្វើដំណើរ​តាម​ខ្សែទឹក​ឆ្ពោះ​ត្រង់​ទៅ​ប្រទេស​វៀតណាម​តែម្ដង​»​។​

ស្រដៀង​គ្នា​នេះ លោក ចាប ច័ន្ទ​វិទ្យា អភិបាលស្រុក​លើកដែក នៃ​ខេត្តកណ្ដាល បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​តម្រូវ​ឲ្យ​ពួកគេ រុះរើ​សំណង់អាណាធិបតេយ្យ​លើ​ទូក ផ្ទះ​បណ្ដែត​ទឹក និងបែ​ចិ​ញ្ជឹ​ម​ត្រី​របស់​ពួកគេ​ចេញ ពី​ផ្ទៃ​ទឹក ដើម្បី​រំដោះ​ភាព​កកស្ទះ​នាវាចរណ៍ និងធ្វើ​ឱ្យប្រសើរឡើង​នូវ​គុណភាព​ទឹក សោ​ភណ្ឌ​ភាព បរិស្ថាន​តាម​ដង​និង​ផ្ទៃ​ទន្លេ ប៉ុន្តែ​ពួកគេ​បានសម្រេច​ចិត្ត​ជ្រើសរើស​ដោយ​ខ្លួនឯង​គឺ​ការ​ចល័ត​ចុះទៅ​កាន់​ប្រទេស​វៀតណាម​វិញ​។​

លោក​បាន​បញ្ជាក់ថា​៖ «​តាម​បទបញ្ជា និងសេចក្ដីណែនាំ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្តកណ្ដាល គឺ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​ឈប់​សំចត​ឡើយ ទោះ​ក្នុង​ហេតុផល​ណាក៏ដោយ ដូច្នេះ​ពួកគេ ត្រូវ​ចាកចេញ​ឲ្យ​ផុតពី​ផ្ទៃ​ទន្លេ​ក្នុង​ដែនទឹក​របស់​យើង ជាដាច់ខាត​»​។

បើតាម​លោក ច័ន្ទ​វិទ្យា គិត​មកទល់​ថ្ងៃទី​ ១៦ ខែ មិថុនា ឆ្នាំ ២០២១ មានផ្ទះ​បណ្តែត​ទឹក និងបែ​ចិញ្ចឹម​ត្រី​របស់​និគម​ជនជាតិ​វៀតណាម ដែល​ចល័ត​ចុះ​ពី​ផ្ទៃ​ទន្លេ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ មកដល់​ចំណុច កោះ​ខ្ព​ម​អា​ទាវ កោះ​កេក និងកោះ​ពាម​រាំង នៃ​ភូមិ​សស្ត្រ​ស្រុក​លើកដែក​មាន​ចំនួន ប្រមាណ​ជាង​ ១៣០​។ ពី​តំបន់​នេះ​ទៅកាន់​ព្រំដែន​ទឹក​នៃ​ប្រទេស​វៀតណាម​គឺមាន​ចម្ងាយ​ប្រមាណ ​២០​ គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ​។​

ជុំវិញ​ករណីនេះ លោក ស៊ឹម ឈី ប្រធាន​សមាគម​វៀតណាម​ប្រចាំ​កម្ពុជាបាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ដោយសារ​វិបត្តិ​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩ និង​ជំងឺ​កូ​វីដ​ ១៩ ​បប្លែង​ថ្មី រដ្ឋាភិបាល​វៀតណាម​បានប្រកាស​បិទ​ព្រំដែន​ជា​បណ្ដោះអាសន្ន ដូច្នេះ​ពួកគេ​មិនអាច​ធ្វើដំណើរ​តាម​ខ្សែទឹក​ឆ្ពោះទៅ​ប្រទេស​វៀតណាម​ វិញ​បានទេ​។​

លោក​ ឈី បាន​អះអាងថា នៅពេលនេះ ខាង​សមាគម និងមន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា កំពុង​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា ដើម្បី​ស្នើសុំ​ឲ្យ​មាន​ការយោក​យល់​និង​អាណិតអាសូរ ដល់​ពលរដ្ឋ​ខ្មែរ​ដើមកំណើត​វៀតណាម​ទាំងនោះ បាន​ឈប់​សំចត​និង​ស្នាក់នៅ​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ឲ្យ​មាន​ភាព​ធូរស្រាល​នៃ​ជំងឺ​កូ​វីដ ​១៩​ ឡើងវិញ ដែល​អាច​នឹង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​មាតុភូមិ​និ​វត្ត​ចូល​ប្រទេស​វៀតណាម​វិញ​។​

លោកបាន​បញ្ជាក់ថា​៖ «​នៅពេលនេះ យើង​បានទទួល​ដំណឹង​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដើមកំណើត​វៀតណាម​ប្រ​មា​ណជិត ​៣០០ ​គ្រួសារ ដែល​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក និងបែ​ចិញ្ចឹម​ត្រី ក្នុង​រាជធានី​ភ្នំពេញ បាន​ចល័ត​ផុតពី​តំបន់​កោះ​ខ្ពប​អា​ទាវ​នៃ​ស្រុក​លើកដែក​ខេត្តកណ្ដាល ហើយ​នៅសល់​ប្រមាណ​ ១៥ ​គីឡូ​មែត្រ​ទៀត​ប៉ុណ្ណោះ​ដល់​ព្រំ​ដែនទឹក​ប្រទេស​វៀតណាម​ ហើយ​។ ទោះយ៉ាងណា​ពួកគេ​នឹងមិន​អាច​ឆ្លង​ចូល​ប្រទេស​វៀតណាម​បានទេ​»​។​

លោក ឈី បាន​បន្តថា ចំណែក​ផ្ទះ​បណ្ដែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី មួយចំនួនទៀត បាន​ចល័ត​ឡើងទៅ​តំបន់​ភូមិ​គ្រោះ នៃ​សង្កាត់​-​ខណ្ឌ​ព្រែក​ព្នៅ ជា​បណ្ដោះអាសន្ន​។

បើតាម​លោ​ឈី សមាគម​វៀតណាម​នៅ​កម្ពុជា​ពុំមាន​គោលការណ៍​ណាមួយ​ក្នុង​ការទិញ​ដី ដើម្បី​ផ្ដល់ជូន​ដល់​ពួកគេ​នោះទេ ប៉ុន្តែ​បានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា ជាពិសេស​រដ្ឋបាល​រាជធានី​ភ្នំពេញ ជួយ​គាំពារ​នូវ​ស្បៀងអាហារ និង​ទីតាំង​ស្នាក់នៅ​បណ្ដោះអាសន្ន​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​ពួកគេ ដូច​ករណី​នៅ​ក្រុង​-​ខេត្តកំពង់ឆ្នាំង​។

រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២​ខែមិថុនា ឆ្នាំ ២០២១ បាន​បញ្ជាក់ថា ការរស់នៅ និង​ប្រកបមុខរបរ លើ​ផ្ទៃ​ទឹកទន្លេ បែប​អនាធិបតេយ្យ បាន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី ចរន្តទឹក​ហូរ គោក​រាក់​ទន្លេ ពិសេស​ការប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការបញ្ចេញ​កាកសំណល់ ការ​បន្ទោបង់ ពាសវាល​ពាសកាល ក្នុង​ទន្លេ ធ្វើឱ្យ​ខូចខាត​ធ្ងន់ធ្ងរ ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុលបរិស្ថាន ប៉ះពាល់​សោភ័ណភាព រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់ ដល់​សុខភាព ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ទឹក មិន​ស្អាត​នេះ​ផងដែរ​៕

វីដេអូ៖