ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសពីកំណើននៃការបរិភោគត្រីរបស់ប្រជាជនកម្ពុជាក្នុងម្នាក់មានចំនួន ៥២,៤ គីឡូក្រាមក្នុង ១ ឆ្នាំ ខណៈប្រជាជនរស់នៅតំបន់ទំនាបលិចទឹក បរិមាណនៃការបរិភោគត្រីបានកើនឡើងដល់ទៅប្រមាណ ៧៥,៦ គីឡូក្រាមក្នុង ១ ឆ្នាំ ដែលកំណើននេះបានធ្វើឱ្យមានបញ្ហាប្រឈមនឹងការខ្វះខាតក្នុងការផ្គត់ផ្គង់ និងតម្រូវការសម្រាប់ទីផ្សារកម្ពុជា។
សេចក្តីប្រកាសព័ត៌មានឆ្លើយតបនឹងចម្ងល់មួយចំនួនពាក់ព័ន្ធនឹងតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជាកាលពីថ្ងៃទី ១៥ ខែមិថុនា ក្រសួងរុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ផ្អែកតាមតួលេខបណ្ដោះអាសន្ននៃជំរឿនទូទៅប្រជាជនសរុបតាមវិធីសាស្ត្រឃើញរាប់ (de-facto) កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៩ មានចំនួន ១៥ ២៨៨ ៤៨៩ នាក់។ តួលេខនេះកើនឡើងចំនួន ១៤,១% រយៈពេល ១១ ឆ្នាំរវាងឆ្នាំ ២០០៨ និងឆ្នាំ ២០១៩ ដែលធ្វើឱ្យតម្រូវការត្រី សាច់សម្រាប់បរិភោគមានការកើនឡើងផងដែរ។
ក្រសួងបញ្ជាក់ថា ឆ្លើយតបទៅនឹងតម្រូវការខាងលើនេះ ពិសេសក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺឆ្លងកូវីដ ១៩ រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តប្រកបដោយភាពកក់ក្ដៅ ដើម្បីអនុវត្តគម្រោងវារីវប្បកម្ម។ ពិសេសការចិញ្ចឹមត្រីអណ្ដែង និងកង្កែបក្នុងតង់ប្លាស្ទិក ដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលខ្ពស់នៅតាមខេត្តគោលដៅចំនួន ១១ និងខេត្តទទួលរងគ្រោះជំនន់ទឹកភ្លៀងចំនួន ៤ នាពេលកន្លងមក។
លើសពីនេះ ក្រសួងបានសហការយ៉ាងល្អប្រសើរជាមួយសមាគមវារីវប្បករនៅកម្ពុជាផងដែរ អនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ ២០១៦-២០៣០ ជាលទ្ធផលជាក់ស្តែងផលិតកម្មវារីវប្បកម្មក្នុងឆ្នាំ ២០២០ បានកើនឡើងរហូតដល់ជាង ៣០% បើប្រៀបធៀបនឹងឆ្នាំ ២០១៩។
ក្រសួងកសិកម្មបញ្ជាក់ថា៖ «ជាការពិត ធនធានមនុស្សពាក់ព័ន្ធនឹងការងារវារីវប្បកម្មមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើវារីវប្បកម្មនៅកម្ពុជា។ ជាក់ស្តែងមន្ត្រីជំនាញវារីវប្បកម្មត្រូវបានទទួលការបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស និងបានយកចំណេះជំនាញនេះទៅបណ្តុះបណ្តាលដល់កសិករឱ្យចេះចិញ្ចឹមត្រីនៅស្ទើរតែគ្រប់រាជធានី-ខេត្តដែលមានសក្តានុពលផលិត»។
ទោះយ៉ាងណា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានទទួលស្គាល់ថា តម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅតែបន្តជួបប្រទះបញ្ហាប្រឈមមិនទាន់អាចដោះស្រាយបាននៅឡើយ ដោយសារកត្តាសំខាន់ៗមួយចំនួន រួមមានការថមថយផលត្រីពីធម្មជាតិ។
មានបដិបក្ខក្នុងការគ្រប់គ្រងទីផ្សារត្រីនៅកម្ពុជា ការប្រកួតប្រជែងទីផ្សារក្នុងស្រុក។ យន្តការត្រួតពិនិត្យនៃការនាំចូលមានភាពស្មុគស្មាញទាំងបរិមាណ គុណភាព និងកាតព្វកិច្ចនានាសម្រាប់អ្នកនាំចូល និងមានសមត្ថកិច្ចទទួលខុសត្រូវជាច្រើន។ វិស័យវិនិយោគឯកជនលើការធ្វើវារីវប្បកម្មនៅខ្វះទុន និងខ្វះចំណេះដឹងក្នុងការសិក្សាពីតម្រូវការទីផ្សារ ក្នុង និងក្រៅប្រទេស គួបផ្សំជាមួយតម្លៃនៃការដឹកជញ្ជូនក្នុងស្រុក និងការនាំចេញ តម្លៃសេវាក្នុងការផលិត កែច្នៃ និងស្តុកនៅមានតម្លៃខ្ពស់។
លោក សុង ឌីណា វារីវប្បករដែលកំពុងចិញ្ចឹមត្រី និងកង្កែបនៅក្នុងស្រះចំនួន ៥ នៃផ្ទៃដី ៣ ហិកតា ស្ថិតនៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានទទួលស្គាល់ថា តម្រូវការបរិភោគត្រីរបស់ប្រជាជនកម្ពុជា មានការកើនឡើងពី ១ ឆ្នាំទៅ ១ ឆ្នាំ។ ប៉ុន្តែ ការផ្គត់ផ្គង់ទីផ្សារសម្រាប់ត្រីដែលវារីវប្បកររបស់កម្ពុជាផលិតបាន មិនមានតម្រូវការច្រើននោះទេ ដោយសារមានការនាំចូលច្រើនពីប្រទេសវៀតណាម។
លោក សុង ឌីណា បញ្ជាក់ថា ត្រីដែលនាំចូលពីប្រទេសវៀតណាម ១ គីឡូមានតម្លៃត្រឹមតែ ៤ ពាន់រៀល ខណៈវារីវប្បកររបស់កម្ពុជាផលិតបានក៏តម្រូវឱ្យលក់ក្នុងតម្លៃ ៤ ពាន់រៀលដូចគេទើបមានឈ្មួញចុះមកទិញ។ ប៉ុន្តែបើបិទការនាំចូលពីប្រទេសវៀតណាម តម្លៃត្រីនៅកម្ពុជាអាចមានការឡើងថ្លៃជាងនេះ ដែលអាចជួយដល់កសិករបានច្រើន។
បើតាមលោក ឌីណា បច្ចុប្បន្នមានប្រជាកសិករជាច្រើនបាននាំគ្នាចិញ្ចឹមត្រីច្រើនស្ទើរតែគ្រប់រាជធានី-ខេត្ត-ក្រុង ប៉ុន្តែអ្វីដែលពិបាកបំផុតនោះ នៅពេលដែលផលិតបានហើយ គឺពិបាកក្នុងការប្រកួតប្រជែងជាមួយនឹងការនាំចូលត្រីមកពីប្រទេសវៀតណាម។
លោក សុង ឌីណា ថ្លែងថា៖ «ត្រីនាំចូលមកពីប្រទេសវៀតណាម គេឱ្យចំណីគីមីប្រើរយៈពេលតែ ២ ខែប៉ុណ្ណោះ គេអាចចាប់លក់បាន។ មិនល្អដូចត្រី ដែលកសិករកម្ពុជា គាត់ចិញ្ចឹមប្រើតែចំណីបែបធម្មជាតិនឹងប្រើពេលរហូតដល់ ៥ ខែ ទៅ ៧ ខែ ដូច្នេះវាចុះចំណីណាស់»។
លោកក៏បដិសេធចំពោះក្រសួងដែលថា ការផ្គត់ផ្គង់ត្រីក្នុងទីផ្សារកម្ពុជាជួបបញ្ហាប្រឈម គឺមិនពិតនោះទេ។ ព្រោះកសិករចិញ្ចឹមត្រីនៅស្ទើរទូទាំងប្រទេស ហើយរកឈ្មួញមកប្រមូលទិញមិនអស់ត្រីពីកសិដ្ឋានទេ។ លោក ឌីណា ទទូចឱ្យបិទការនាំចូលត្រីពីប្រទេសវៀតណាម ហើយឱ្យឈ្មួញដើរប្រមូលទិញត្រីពីប្រជាកសិករកម្ពុជា គឺមិនខ្វះនោះទេ សម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៦ មិថុនា ថា ការដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងវារីវប្បកម្មសម្រាប់ប្រទេសកម្ពុជា មិនមែនតែក្រសួងកសិកម្ម ជាអ្នកដោះស្រាយម្នាក់ឯងទៅរួចនោះទេ គឺលុះត្រាតែមានការចូលរួមពីស្ថាប័នពាក់ព័ន្ធនានា ទើបអាចទៅរួច។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «មានបញ្ហាជាច្រើនដែលចាក់ស្រែះក្នុងការដោះស្រាយ បើយើងទុកអ៊ីចឹង ហើយអន្តរក្រសួងមិនធ្វើការ ហើយបញ្ហានេះឱ្យក្រសួងកសិកម្ម ធ្វើម្នាក់ឯងម្តេចបាន។ វាទៅអត់រួច!»។
លោក វេង សាខុន បញ្ជាក់ថា ក្រសួងខិតខំដោះស្រាយ ប៉ុន្តែការដោះស្រាយនោះវាមានកម្រិតនៅឡើយ ព្រោះក្រសួងកសិកម្មមានតួនាទីផ្តល់នូវបច្ចេកទេសក្នុងការចិញ្ចឹមតែប៉ុណ្ណឹង ឯរឿងទីផ្សារ គឺក្រសួងគេផ្សេង។ ប៉ុន្តែក្រសួងកសិកម្មចេះតែជួយ ព្រោះវាមានបញ្ហាដែលត្រូវដោះស្រាយ៕