ភ្នំពេញៈ ថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សាឯកជនជាង ១០០ បានឯកភាពស្នើសុំជួបពិភាក្សាជាមួយភាគីរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីស្វែងរកវិធីសាស្ដ្រឈានទៅបើកដំណើរការសាលារៀនឡើងវិញ ខណៈបច្ចុប្បន្ននេះគ្រឹះស្ថានសិក្សាភាគច្រើនកំពុងប្រឈមនឹងការក្ស័យធន និងឈានទៅការបិទទ្វារ។
ថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ក្រោយពេលដឹកនាំកិច្ចប្រជុំតាមអនឡាញកាលពីថ្ងៃទី ១៥ ខែមិថុនា លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាលើកឡើងថា ជំងឺកូវីដ ១៩ ដែលបានកើតឡើងតាំងពីឆ្នាំ ២០២០ បានធ្វើឱ្យគ្រឹះស្ថានសិក្សាឯកជនរងផលប៉ះពាល់ពេញ ១ ឆ្នាំរួចទៅហើយ។ រីឯឆ្នាំ ២០២១ នេះព្រឹត្ដិការណ៍ ២០ កុម្ភៈ ក៏កំពុងបន្តជះឥទ្ធិពលធ្ងន់ធ្ងរដល់គ្រឹះស្ថានសិក្សាឯកជនដែលនៅមិនអាចកំណត់ការបិទបញ្ចប់បាន។
លោកថ្លែងថា៖ «លទ្ធផលនៃកិច្ចប្រជុំមានច្រើនចំណុច ប៉ុន្ដែអ្វីដែលអង្គប្រជុំលើកឡើង ដើម្បីគោរពជូនរាជរដ្ឋាភិបាលស្នើសុំជួយដោះស្រាយគឺធ្វើយ៉ាងណាអាចឱ្យគ្រឹះស្ថានសិក្សាឯកជនអាចមានស្ថិរភាពបន្តទៅមុខទៀតបាន»។
លោក ហេង វ៉ាន់ដា បានលើកឡើងថា ការឆ្លងជំងឺកូវីដ ១៩ បច្ចុប្បន្នគឺជាករណីឆ្លងតាមប្លុកនីមួយៗដែលរាជរដ្ឋាភិបាល និងអាជ្ញាធរអាចគ្រប់គ្រងបាន។
លោកបានបញ្ជាក់ថា៖ «យើងស្នើសុំឱ្យបើកដំណើរការសាលារៀនឡើងវិញ ព្រោះបើមិនបើកទេ គ្រឹះស្ថានសិក្សាវិស័យឯកជនមិនអាចទប់ជាប់ទេ។ គ្មានចំណូលបន្ថែមពីណាទាំងអស់ហើយក៏គ្មានវិធីកាត់ចំណាយណាដែលអាចមកទប់បានក្រៅពីបើកសាលារៀនឡើងវិញទេ»។
លោក វ៉ាន់ដា ក៏បានលើកឡើងដែរថា ការស្នើបើកសាលារៀនឡើងវិញនេះគឺឈរលើការគោរពតាមវិធានការរបស់សុខាភិបាល ការរក្សាអនាម័យ និងការណែនាំរបស់ក្រសួងអប់រំជាដើម។ ចំណែកដំណើរការរៀនគឺនៅបន្តប្រើប្រាស់វិធីសាស្ដ្រសិក្សាក្នុងថ្នាក់ខ្លះ និងរៀនតាមអនឡាញខ្លះ (Online Plus) ដើម្បីកាត់បន្ថយចំនួនសិស្សរៀនក្នុងថ្នាក់។
លោកថ្លែងថា៖ «យើងនឹងប្រមូលលទ្ធផលដែលទទួលបានពីកិច្ចប្រជុំនេះធ្វើលិខិតស្នើសុំទៅជួបពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ដើម្បីជម្រាបពីបញ្ហា និងការព្រួយបារម្ភរបស់យើង»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានថ្លែងថា ក្រសួងអប់រំបានលើកទឹកចិត្តឱ្យគ្រឹះស្ថានសិក្សាឯកជន និងភាគីពាក់ព័ន្ធបន្តពិភាក្សាចរចាគ្នារកដំណោះស្រាយសមស្រប និងសម្បទានគ្នាទៅវិញទៅមក ព្រោះទាំងអស់គ្នាសុទ្ធតែរងផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ ១៩។
ក៏ប៉ុន្តែលោកថា ជារួម ក្រសួងអប់រំបន្តផ្អាកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេសដោយបន្តតាមដាន និងវាយតម្លៃស្ថានភាពព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ចំពោះមុខនេះក្រសួងអប់រំលើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធជាពិសេសបុគ្គលិកអប់រំ មាតាបិតាសិស្ស-និស្សិត បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ។
លោកថ្លែងថា៖ «គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវបន្តការបង្រៀន និងរៀនពីចម្ងាយ និងតាមអនឡាញស្របតាមគន្លងជីវិតថ្មីនៃវិស័យអប់រំ»។
បើតាមលោក សុវាចា ក្រសួងអប់រំបានចេញរួចហើយនូវសេចក្តីណែនាំស្ដីពីការបង្រៀន និងរៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់គ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈក្នុងឆ្នាំសិក្សា ២០២០-២០២១ ហើយថាក្រសួងនឹងចេញសេចក្តីណែនាំនេះសម្រាប់គ្រឹះស្ថានសិក្សាឯកជនផងដែរ។
លោក សុវាចា ថ្លែងថា ក្រសួងអប់រំស្វាគមន៍ និងថ្លែងអំណរគុណចំពោះកិច្ចសហការពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍន៍វិស័យឯកជនជាពិសេសមាតាបិតាសិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋានក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំសម្រាប់អ្នកសិក្សាមុន និងក្នុងបរិបទកូវីដ ១៩។
លោក ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធសេវាអប់រំនៅកម្ពុជាដែលបានចូលរួមកិច្ចប្រជុំនេះដែរបានឱ្យដឹងថា តាមរយៈកិច្ចប្រជុំនេះគ្រឹះស្ថានសិក្សាឯកជនភាគច្រើនបានស្នើសុំដល់ក្រសួងអប់រំឱ្យពិចារណាលទ្ធភាពនៃការបើកសាលារៀនឡើងវិញ និងពិភាក្សាពីវិធានការចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងសាលារៀន។
លោកថ្លែងថា៖ «យើងចង់ឱ្យបើកសាលារៀនឡើងវិញ ល្អបំផុតប្រសិនបើអាចបើកបាននៅអំឡុងខែសីហា ឬខែកញ្ញាខាងមុខ។ ប៉ុន្ដែយើងក៏ត្រូវជជែកគ្នារកយន្តការណាមួយដែលអាចទទួលយកបានដូចជាការបន្តការសិក្សាតាមរយៈកម្មវិធីសិក្សាក្នុងថ្នាក់ខ្លះ សិក្សានៅផ្ទះខ្លះ (Online Plus) និងអនុវត្ដតាមការណែនាំរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាលដែលមានស្រាប់»។
បើតាមលោក ប៉ិច បូឡែន គ្រឹះស្ថានសិក្សាឯកជនស្នើសុំបើកដំណើរការសាលារៀនឡើងវិញនេះ ដោយសារពលរដ្ឋភាគច្រើននៅភ្នំពេញបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់។ ចំណែកគ្រូបង្រៀនដែលចូលបង្រៀនគឺត្រូវតែបានចាក់វ៉ាក់សាំងរួចរាល់ដែរ។ លោកថា ការរៀនតាមអនឡាញពីផ្ទះមិនបានពេញលេញដូចការរៀននៅក្នុងថ្នាក់ជាមួយគ្រូទេ។
លោក សៅរ៍ សាម៉ន រស់នៅរាជធានីភ្នំពេញដែលមានកូន ២ នាក់កំពុងសិក្សានៅសាលាឯកជនដោយម្នាក់រៀនថ្នាក់ទី ៩ និងម្នាក់ទៀតថ្នាក់ទី ៦ បានឱ្យដឹងថា តាំងពីក្រសួងអប់រំបិទសាលាមកគឺកូនទាំង ២ នៅបន្តសិក្សាតាមអនឡាញរហូត។
លោកបានប្រាប់ថា៖ «ការសិក្សារបស់កូនគឺសំខាន់ណាស់ ទោះបីជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដូចបច្ចុប្បន្នក៏ដោយ ក៏ត្រូវឱ្យកូនបន្តរៀនតាមប្រព័ន្ធអនឡាញនេះដែរ»។
លោកបានគាំទ្រចំពោះការស្នើសុំក្រសួងបើកសាលារៀនឡើងវិញដោយអនុវត្ដការសិក្សាតាមកម្មវិធី OnlinePlus។ ប៉ុន្ដែលោកស្នើឱ្យធានាសុវត្ថិភាព និងស្ដង់ដាអនាម័យក្នុងការសិក្សាសម្រាប់សិស្សឱ្យបានល្អចៀសវាងឆ្លងជំងឺកូវីដ ១៩។
យ៉ាងណាក្ដីអាណាព្យាបាលសិស្សនៃសាលាឯកជននៅរាជធានីភ្នំពេញ ១ រូបទៀតបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ដោយសុំមិនបញ្ចេញឈ្មោះបានជំទាស់នឹងគម្រោងរបស់បណ្តាគ្រឹះស្ថានសិក្សាឯកជនក្នុងការស្នើទៅក្រសួងអប់រំ ដើម្បីបើកសាលាឡើងវិញនេះ។ លោកលើកឡើងថា ខណៈដែលព្រឹត្តិការណ៍ ២០ កុម្ភៈ នៅមិនទាន់ត្រូវបានបិទបញ្ចប់ ហានិភ័យនៅតែអាចកើតមានគ្រប់ពេលដល់កូនៗរបស់លោក។
លោកបានបញ្ជាក់ថា៖ «និយាយជារួម ខ្ញុំមិនឯកភាពទៅនឹងផែនការនៃការស្នើសុំបើកសាលាឡើងវិញនេះនោះទេ ព្រោះថារដ្ឋាភិបាលមិនទាន់បានប្រកាសបិទបញ្ចប់នូវព្រឹត្តិការណ៍ ២០ កុម្ភៈនេះឡើយ ខណៈដែលករណីនៃអ្នកឆ្លងជំងឺកូវីដ ១៩ នៅបន្តកើតមានជារៀងរាល់ថ្ងៃ»។
លោកបានបន្ថែមថា៖ «យើងឃើញថា ទោះបីជាការចាក់វ៉ាក់សាំងត្រូវបានចាក់ជូនប្រជាពលរដ្ឋបានច្រើនក៏ពិតមែន ប៉ុន្តែក្មេងៗគឺមិនទាន់មានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នេះនៅឡើយទេ ដូច្នេះវាពិតជាមានហានិភ័យខ្ពស់ណាស់ដល់ក្មេងៗ ម្យ៉ាងទៀតពួកគេនៅតូចក៏មិនសូវចេះនូវការរក្សាអនាម័យទៀតផង។ ពិតមែនហើយ ការរៀនតាមអនឡាញបើទោះជាមិនសូវមានប្រសិទ្ធភាព តែក្នុងកាលៈទេសៈនេះគឺមិនគួរឱ្យមានការបើកសាលានោះទេ»៕