ភ្នំពេញៈ រាជរដ្ឋាភិបាលបន្តផ្តល់ថវិកាជួយដល់សហគមន៍នេសាទចំនួន ១៥០ សហគមន៍បន្ថែមទៀត ដោយក្នុង ១ សហគមន៍ទទួលបានថវិកា ៤ លានរៀល សម្រាប់បម្រើការងារ គ្រប់គ្រងសហគមន៍ និងគ្រប់គ្រងធនធានជលផល ការពារព្រៃលិចទឹក ការល្បាតយាមកាមនៅកន្លែងអភិរក្ស និងរៀបចំផែនការគ្រប់គ្រង។
លោក អ៊ាង ណាំ ប្រធានសហគមន៍នេសាទបឹងបេ ៦ ស្រុកកងមាស ខេត្តកំពង់ចាម ថ្លែងថា លោកទើបទទួលបានដំណឹងថា ក្នុងឆ្នាំ ២០២១ នេះ សហគន៍នេសាទរបស់លោកនឹងទទួលបានថវិកាឧបត្ថម្ភចំនួន ៤ លានរៀលទៀត សម្រាប់កិច្ចការងារអភិរក្សធនធានជលផល។
យ៉ាងណាក្តី មកដល់រសៀលថ្ងៃទី ១៥ ខែមិថុនា សហគមន៍របស់លោកនៅមិនទាន់បានទទួលសាច់ប្រាក់នៅឡើយ ប៉ុន្តែរដ្ឋបាលជលផលបានជូនដំណឹងមកដល់សហគមន៍លោករួចហើយ។
បើតាមលោក អ៊ាង ណាំ ថវិកាដែលរដ្ឋាភិបាលផ្តល់ឱ្យនេះ គឺសម្រាប់កិច្ចការពារអភិរក្សជលផលក្នុងនោះសហគមន៍មានការងារជាច្រើនត្រូវធ្វើ ប៉ុន្តែដោយសារបញ្ហាកូវីដ ១៩ ទើបមិនអាចធ្វើសកម្មភាពច្រើនបានមានតែការចុះល្បាតប៉ុណ្ណោះ។
លោកថ្លែងថា៖ «រដ្ឋាភិបាលទើបតែផ្តល់ឱ្យរយៈពេល ២ ឆ្នាំ គឺឆ្នាំមុន និងឆ្នាំ ២០២១ នេះ អ៊ីចឹងឆ្នាំមុនយើងបានល្បាត ដាក់សម្រាស់ និងទិញសម្ភារល្បាត មានអាវភ្លៀង មានពិល ស្បែកជើង អាវពោង និងធ្វើបង្គោលព្រំអីផ្សេងៗ។ តែដល់ឆ្នាំនេះសម្ភារយើងមានហើយ យើងនៅតែល្បាត និងកិលមងអភិរក្សតែប៉ុណ្ណោះ»។
លោក អ៊ាង ណាំ បន្តថា ពេលវេលាដែលត្រូវធ្វើការល្បាតភាគច្រើនគឺនៅរដូវមានទឹក ព្រោះតំបន់នេះមាន ៦ ខែគោក និង ៦ ខែមានទឹក។ បើសិនជាមិនមានបញ្ហាកូវីដសហគមន៍អាចធ្វើការប្រជុំប្រចាំខែ និងប្រជុំផ្សព្វផ្សាយផ្សេងៗច្រើន ដើម្បីឱ្យពលរដ្ឋបានយល់ដឹង និងចូលរួមកិច្ចការពារធនធានជលផល។
លោកថ្លែងថា៖ «ពេលចាប់ពីមានទឹកចូលដល់គឺយើងមានកិច្ចសហការគ្នាជាមួយមន្ត្រីរដ្ឋបាលជលផលរាល់ខែ ដើម្បីចុះល្បាតបង្ក្រាបបទល្មើស។ ដោយឡែកក្នុងគម្រោងហ្នឹង ខាងរដ្ឋបាលជលផលក៏គេចុះមកផ្សព្វផ្សាយ ណែនាំ និងធ្វើផែនការឱ្យយើងផងដែរ»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីជំនាញរដ្ឋបាលជលផលបានទេ នៅថ្ងៃទី ១៥ ខែមិថុនា ប៉ុន្តែបើតាមការផ្សាយរបស់ក្រសួងព័ត៌មានបានដកស្រង់សម្តីលោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្មនៃរដ្ឋបាលជលផលឱ្យដឹងថា គម្រោងលើកកម្ពស់ការចិញ្ចឹមត្រីនៅជុំវិញតំបន់បឹងទន្លេសាបមានសារៈសំខាន់ណាស់ ដែលធ្វើឱ្យប្រជាពលរដ្ឋចូលរួមកាន់តែសកម្មក្នុងការអភិរក្សតំបន់ត្រីមេពូជឱ្យកាន់តែប្រសើរក្លាយជាតំបន់ដែលមានសក្តានុពលផ្នែកធនធានធម្មជាតិ និងធនធានមច្ឆជាតិ សម្រាប់បម្រើដល់ការហូបចុករបស់ពលរដ្ឋ។
លោកថ្លែងថា៖ «តាមរយៈការរៀបចំសហគមន៍ឆ្នាំនេះ រដ្ឋបាលជលផលបានជំនួយថវិកាតាមរយៈគម្រោង EU របស់រាជរដ្ឋាភិបាល គឺបានឧបត្ថម្ភ ដោយតាមអនុសាសន៍របស់សម្តេច តេជោ កាលពីឆ្នាំកន្លងទៅ គឺជួយឧបត្ថម្ភ ៤ លានរៀលក្នុង ១ សហគមន៍នេសាទ។ សហគមន៍យើងយកថវិកានេះ បម្រើការងារគ្រប់គ្រងសហគមន៍ ដើម្បីគ្រប់គ្រងធនធានជលផលផ្អែកទៅលើសកម្មភាពរបស់ពួកគាត់ ដូចជាការបង្ក្រាបបទល្មើសជលផល និងការពារព្រៃលិចទឹកការល្បាតយាមកាមនៅកន្លែងអភិរក្ស និងរៀបចំផែនការគ្រប់គ្រង»។
បើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅទូទាំងប្រទេសកម្ពុជាមានសហគមន៍នេសាទចំនួន ៥១៦ សហគមន៍។ កាលពីឆ្នាំមុន រាជរដ្ឋាភិបាលបានផ្តល់ថវិកាដល់ ១០០ សហគមន៍នេសាទ ដែលក្នុងនោះ ១ សហគមន៍ទទួលបានថវិកាចំនួន ៤ លានរៀល ខណៈឆ្នាំនេះបន្តជួយទៅដល់ ១៥០ សហគមន៍នេសាទបន្ថែមទៀត។
អ្នកស្រី កែវ យ៉ាដា អ្នកចិញ្ចឹមត្រីនៅខេត្តសៀមរាបបានថ្លែងនៅថ្ងៃទី ១៥ ខែមិថុនាថា ការជួយរបស់រដ្ឋាភិបាលមកលើវិស័យជលផល ប្រជាជនពិតជាមានការត្រេកអររីករាយ ប៉ុន្តែការដែលប្រជាជនចិញ្ចឹមត្រីហើយលក់មិនចេញ ឬខាតបង់ អាចបណ្តាលមកពីការនាំចូលត្រីពីក្រៅប្រទេស។
អ្នកស្រីថ្លែងថា៖ «ពួកខ្ញុំមិនបានទាមទារឱ្យបិទការនាំចូលត្រីអីទេ តែបើសិនផលិតផលណា ដែលយើងផលិតមិនបានអាហ្នឹងយើងត្រូវនាំចូលវាជារឿងធម្មតាទេ ប៉ុន្តែបើសិនជាយើងផលិតបានហើយ គួរតែគាំទ្រផលិតផលយើង ជួយទំនុកបម្រុង ធ្វើម៉េចឱ្យយើងអាចលក់ជូនទៅប្រជាជនបរិភោគបាននូវផលដែលខំធ្វើដោយខ្លួនឯង» ៕