ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីម្សិលមិញប្រកាសដាក់បញ្ចូលឯកសារបោះពុម្ពផ្សាយក្នុងទម្រង់ឌីជីថលទៅក្នុងបណ្ណាល័យអនឡាញរបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្នុងគោលបំណងផ្សព្វផ្សាយនូវឯកសារ គោលនយោបាយ ទីផ្សារ និងបច្ចេកវិទ្យា ក្នុងរយៈពេលជាង ៥០ ឆ្នាំ ស្ដីពីដំណើរឆ្ពោះទៅកាន់វិបុលភាពរបស់អាស៊ី។
ADB ក៏រំពឹងដែរថា រៀងរាល់ត្រីមាសនឹងចែករំលែកការបោះពុម្ពផ្សព្វផ្សាយចំនួន ៥០ រួមមានឯកសារ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកជញ្ជូន ពាណិជ្ជកម្ម បរិស្ថាន និងធនធានធម្មជាតិ ការអប់រំ យេនឌ័រ កសិកម្ម និងភាពច្នៃប្រឌិត។
ADB បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ១៦ ខែមិថុនាថា៖ «នៅប្រទេសកម្ពុជា CDRI គឺជាមជ្ឈមណ្ឌលចំណេះដឹងដំបូងគេដែលត្រូវបានជ្រើសរើសជាដៃគូសម្រាប់បណ្ណាល័យបញ្ញើផ្លូវការនៃកម្មវិធីបណ្ណាល័យបញ្ញើរបស់ ADB។
ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន ១៥ នៅទូទាំងទ្វីបអាស៊ី និងប៉ាស៊ីហ្វិកដែលត្រូវបានជ្រើសរើសសម្រាប់កម្មវិធីនេះក្នុងបំណងលើកកម្ពស់ចំណេះដឹង និងភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហានានាក្នុងការងារអភិវឌ្ឍប្រទេស»។
នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី SunniyaDurrani-Jamal បានថ្លែងថា ប្រតិបត្តិការរបស់ ADB មានលើសពីការផ្តល់ជំនួយហិរញ្ញប្បទាន ដោយរួមបញ្ចូលនូវការផ្តល់នូវចំណេះដឹងសម្រាប់ដំណោះស្រាយដែលជាមធ្យោបាយល្អបំផុត ដើម្បីធានាកំណើន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោកស្រីថ្លែងថា៖ «តួនាទីនេះកាន់តែមានសារៈសំខាន់ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងងើបចេញពីវិបត្តិសុខភាពសាធារណៈ និងសេដ្ឋកិច្ច ដែលបណ្តាលមកពីកូវីដ ១៩»។
កិច្ចសហការជាដៃគូសម្រាប់បណ្ណាល័យបញ្ញើអនឡាញនេះដែរ ADB និង CDRI ក៏បានផ្សព្វផ្សាយអំពីសៀវភៅថ្មីមួយស្តីអំពី «ដំណើរឆ្ពោះទៅកាន់វិបុលភាពរបស់អាស៊ី គោលនយោបាយទីផ្សារ និងបច្ចេកវិទ្យាក្នុងរយៈពេលជាង ៥០ ឆ្នាំ។
សៀវភៅនេះបកស្រាយទិដ្ឋភាពទូទៅនៃការលូតលាស់ និងការផ្លាស់ប្តូរនៅអាស៊ីក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយ ព្រមទាំងពិភាក្សាមេរៀនគោលនយោបាយសំខាន់ៗទាញចេញពីបទពិសោធក្នុងតំបន់។
លោកស្រី អេង នេត្រា នាយកប្រតិបត្តិស្តីទី CDRI ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៦ ខែមិថុនាថា៖ «[នេះ] គ្រាន់តែជាការ Launch សៀវភៅមួយដើម្បី bring public attention ឱ្យមកប្រើ Library»។
លោកស្រីបន្តថា៖ «រហូតមកដល់ពេលនេះ CDRI បានបញ្ចូលឯកសារដែលបានបោះពុម្ពផ្សាយដោយ ADB ចំនួនជាង ១ ពាន់ឯកសារ ហើយទៅក្នុងបណ្ណាល័យអនឡាញរបស់យើងដែលអាចចូលទៅមើលបាននៅ library.cdri.org.kh ដោយមិនគិតថ្លៃ សម្រាប់សាធារណៈទូទៅអ្នកសិក្សាស្រាវជ្រាវ ក្រុមអ្នកជំនាញស្ថាប័ននានារួមមានភ្នាក់ងាររាជរដ្ឋាភិបាល វិស័យឯកជនព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល។
ADB កំពុងអនុវត្តគម្រោងវិនិយោគដែលមានទឹកប្រាក់ជាង ២ ពាន់លានដុល្លារនៅកម្ពុជា តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសឆ្នាំ ២០១៩-២០២៣ ដោយមានបញ្ចូលកម្មវិធីជំនួយបច្ចេកទេស និងចំណេះដឹងដ៏ទូលំទូលាយ។
នៅឆ្នាំ ២០២១ ADB គ្រោងនឹងបោះផ្សាយឯកសារចំណេះដឹងចំនួន ២៧ និងរៀបចំកម្មវិធីផ្សព្វផ្សាយចំនួន ១១ បន្ថែមទៀត រួមទាំងឯកសារ និងកម្មវិធីដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើបឡើងវិញរបស់ប្រទេសកម្ពុជាពីការរាតត្បាតជំងឺកូវីដ ១៩៕