ភ្នំពេញៈ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កំពុង​ពិភាក្សា​កែសម្រួល​ខ្លឹមសារ​​សេចក្តី​ព្រាងច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ថ្មី ដើម្បី​ទប់ស្កាត់​ជនបរទេស​ដែល​ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់ និង​ដើម្បី​គ្រប់គ្រង​ជនបរទេស​ដែល​កំពុង​បន្ត​រស់នៅ​កម្ពុជា ខណៈ​សង្គម​ស៊ីវិល​គាំទ្រ​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​។

ក្នុង​កិច្ចប្រជុំ​ពិភាក្សា​កែសម្រួល​​ខ្លឹមសារ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ថ្មី​កាលពី​សប្តាហ៍​មុន អគ្គនាយក​អន្តោប្រវេសន៍​លោក គៀត ច័ន្ទថារិទ្ធ បាន​ថ្លែងថា ខ្លឹមសារ​សំខាន់ៗ​នៅ​​ក្នុង​ការរៀបចំ​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​អន្តោប្រវេសន៍​ថ្មី​នេះ​គឺ​បាន​ផ្តោត​ជាពិសេស​លើ​ការទប់ស្កាត់​បទល្មើស​ជនបរទេស​ចូល​កម្ពុជា​ដោយ​ខុសច្បាប់ ដូចជា ការបន្ថែម​ទម្ងន់ទោស ដល់​អ្នកចូលរួម​ប្រព្រឹត្ត​បទល្មើស​នេះ​ជាដើម​។

លោក​បាន​ថ្លែង​ថា​៖ «​ជាមួយ​គ្នា​នេះ​សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​មាន​ខ្លឹមសារ​ដែល​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ចំពោះ​ការគ្រប់គ្រង​ជនបរទេស​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស ទាំង​ជនបរទេស​ជា​អ្នកវិនិយោគ និង​​ជនបរទេស​អន្តោប្រវេសន៍​»​។

ជាមួយ​គ្នា​នេះ​លោក​បាន​ថ្លែង​អំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ដែល​បាន​គាំទ្រ​នូវ​កិច្ចការ​រៀបចំ និង​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ ដោយ​​លោក​ចាត់ទុកថា ជា​ច្បាប់​ដ៏មាន​សារៈសំខាន់​ណាស់​សម្រាប់​​ប្រទេសជាតិ​។

ដោយឡែក​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ប៉ូ លីដា ឱ្យ​ដឹងថា តាម​ការសន្និដ្ឋាន សេចក្តីព្រាងច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ថ្មី​នេះ ដូចជា​សម្រេច​រួចរាល់​ទាំង​ស្រុង​ហើយ​​ ប៉ុន្តែ​កិច្ចប្រជុំ​នេះ​គ្រាន់តែ​ចង់បាន​មតិយោបល់​បន្ថែមទៀត​ពី​មន្ត្រី​ជំនាញ​​ ដើម្បី​ឱ្យ​ខ្លឹមសារ​ទាំងមូល​ស្របតាម​បច្ចុប្បន្នភាព​។

លោក​ថា​៖ «​ខ្ញុំ​លើកទឹកចិត្ត​ដល់​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ពិនិត្យ​បន្ថែម​ទៅលើ​ខ្លឹមសារ និង​ពាក្យពេចន៍​ ដើម្បី​ឱ្យ​ខ្លឹមសារ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ថ្មី​កាន់តែ​សុក្រឹត​»​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​ (LICADHO) ​លោក អំ សំអាត បាន​ថ្លែងថា ការតាក់តែង​សេចក្តី​ព្រាង​ច្បាប់​​ស្តីពី​អន្តោប្រវេសន៍​ថ្មី​នាពេល​​នេះ​គឺជា​រឿង​ចាំបាច់ ខណៈ​ជនបរទេស​ជាច្រើន​កំពុងស្នាក់នៅ​ និង​ប្រកប​របរការងារ​ជាដើម​។

លោក​ថា​៖ «​តាមពិតទៅ​យើង​ក៏មាន​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​ដែរ ប៉ុន្តែ​ច្បាប់​ចាស់​ហាក់បី​ដូចជា​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍​នៅក្នុង​ប្រទេស​កម្ពុជា​អ៊ីចឹង​ច្បាប់​ត្រូវធ្វើ​វិសោធនកម្ម​ ឬ​ក៏​ពិនិត្យ​ទៅលើ​ស្ថានភាព​ជាក់ស្តែង ការកកើតឡើង​ថ្មីៗ ទាន់​សម័យកាល​បច្ចេកវិទ្យា​ទំនើប​ផងដែរ​»​។

លោក​បន្តថា ជា​ការពិត​កម្ពុជា​​ត្រូវមាន​ច្បាប់​ដែល​ល្អ ដើម្បី​គ្រប់គ្រង​អន្តោប្រវេសន៍​ឱ្យ​មាន​ភាពរឹងមាំ​ពីព្រោះ​ច្បាប់​ចាស់​នៅ​មាន​ការខ្វះខាត ចន្លោះ​ប្រហោង​ច្រើន ទោះបីជា​រដ្ឋាភិបាល​មាន​អនុក្រឹត្យ សារាចរ សេចក្តីណែនាំ ឬ​សេចក្តី​ជូនដំណឹង​ក៏ដោយ​។

លោក​បាន​បញ្ជាក់ថា​៖ «​តាំងពី​ ៧៩ ​មក​ដល់​ឥឡូវ បញ្ហា​អន្តោប្រវេសន៍​នៅតែ​ជា​បញ្ហា​ដែល​យើង​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ ច្បាប់​មាន ប៉ុន្តែ​ការអនុវត្ត​អត់​ទាន់​មាន​ប្រសិទ្ធភាព អ៊ីចឹង​បញ្ហា​អន្តោប្រវេសន៍​នេះ​នៅ​តែ​បន្សល់​ការលំបាក​ក្នុង​ការគ្រប់គ្រង និង​ការដោះស្រាយ​នាពេល​បច្ចុប្បន្ននេះ អ៊ីចឹង​ហើយ​បើ​យើង​មានច្បាប់​ថ្មី​ដែល​ទំនើប មាន​ស្តង់ដា ដូច​ប្រទេស​ដទៃ ខ្ញុំ​គិតថា វា​អាច​គ្រប់គ្រង​ទៅលើ​ជនអន្តោប្រវេសន៍​បានល្អ​»​។

បើតាម​លោក អំ សំអាត ច្បាប់​ថ្មី​នេះ​អាច​នឹង​ជួយ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ឱ្យបាន​ល្អប្រសើរ​ជាង​មុន ខណៈ​​បច្ចុប្បន្ន ជនអន្តោប្រវេសន៍​មួយចំនួន​មិន​ត្រឹម​តែ​មក​រស់នៅ​កម្ពុជា​ខុសច្បាប់​ទេ តែមាន​មួយចំនួន​ថែមទាំង​បាន​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​នៅ​ស្រុក​ខ្មែរ​ទៀតផង​។

លោក​ថា​៖ «​ពីព្រោះ​នៅ​ស្រុក​គេ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ទាំង​ប្រព័ន្ធ​បច្ចេកវិទ្យា ទាំង​បញ្ហា​ផ្លូវច្បាប់​អ៊ីចឹង​ជនអន្តោប្រវេសន៍​​មួយ​ចំនួន​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គេ​អាច​គ្រប់គ្រង​បានដែរ​»​។

យ៉ាងណា​ក៏ដោយ លោក​យល់ថា ការធ្វើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​អន្តោប្រវេសន៍ គួរតែ​ប្រមូល​ធាតុ​ផ្សំ​ឱ្យបាន​ច្រើន​ពី​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ ដើម្បី​ឱ្យ​​ច្បាប់​នេះ​គ្រប់​ជ្រុងជ្រោយ និង​អនុវត្ត​មាន​ប្រសិទ្ធភាព​។

តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កាលពី​ថ្ងៃ​ទី​ ១៥ ខែ មិថុនា ឆ្នាំ​ ២០២១ ​បានឱ្យដឹងថា កន្លងមក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​​ពង្រឹង​ការអនុវត្ត​ច្បាប់​ជាប្រចាំ​​ចំពោះ​ជនបរទេស​ខុសច្បាប់​​តាម​គ្រប់​រូបភាព​ដោយបាន​ឃាត់​​ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​តុលាការ និង​អនុវត្ត​ការបណ្តេញ​ចេញពី​កម្ពុជា​ស្របតាម​​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​។

របាយការណ៍​ដដែល​ថា «​ជាក់ស្ដែង​ចាប់តាំងពី​ឆ្នាំ ​២០១៤ ​រហូត​​ដល់​ ៥ ​ខែ ដើមឆ្នាំ​ ២០២១ ​នេះ​​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បណ្ដេញ​ជនបរទេស​ខុសច្បាប់​ចេញពី​កម្ពុជា​សរុប​មាន​​ចំនួន ១៨ ៤៧០ ​នាក់ ស្រី​ ៣ ០៦០ ​នាក់ ដោយមាន​ ១០៤ ​សញ្ជាតិ​»​។ រីឯ​បច្ចុប្បន្ន​នៅ​​កម្ពុជា​មាន​ជនអន្តោប្រវេសន៍​ស្នាក់នៅ​ជាង​ ១៤ ​ម៉ឺន​នាក់ ​ដែល​​ភាគច្រើន ជា​ជន​ជាតិចិន កូរ៉េ វៀតណាម និង​អាមេរិក​៕

វីដេអូ៖