
រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកការជួបជុំរយៈពេល ១៤ ថ្ងៃ ចំពោះអាជីវកម្ម និងមុខរបរមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ។ រូបថត រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ១៩ ខែមិថុនានេះ បានចេញសេចក្ដីសម្រេចដាក់ចេញវិធានការរដ្ឋបាលផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ ១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជននៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញរយៈពេល ១៤ ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី ២០ ខែមិថុនា រហូតដល់ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២១។
យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញស្ដីពីការដាក់ចេញនូវវិធានរដ្ឋបាលបណ្តោះអាសន្ននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រយៈពេល ១៤ ថ្ងៃ បានឱ្យដឹងថា ការដាក់ចេញវិធានការនេះ គឺយោងតាមតម្រូវការចាំបាច់ចំពោះមុខ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩។
សេចក្ដីសម្រេចបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ដូចជា សាលារៀនរួមទាំងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀនដែលធ្វើការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ។ អាជីវកម្មក្លិបកម្សាន្ដគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាលា ឌីស្កូតែក បៀហ្គាឌីន និងកាស៊ីណូ។ រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្ដនានា។ អាជីវកម្មម៉ាស្សា រោងភាពយន្ដ រោងសម្ដែងសិល្បៈ ក្លិបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
ក្រៅពីសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដូចបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
ក្នុងសេចក្ដីសម្រេចដដែលនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏មិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានភាពកុះករកកកុញលើសពី ១៥ នាក់ដែរ។
លើកលែងតែករណីមួយចំនួន ដូចការជួបជុំក្នុងចំណោមសមាជិកគ្រួសារ និងរង្វង់សាច់ញាតិដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ ជាមួយគ្នា ក្នុងកម្មវិធីប្រពៃណី និងពិធីសាសនាផ្សេងៗ។ ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រោយពេលយកសំណាកសាកសពទៅវិភាគរកមេរោគកូវីដ ១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន។
ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាលជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ ១៩ និងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត៕
វីដេអូ៖