ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១៩ ខែមិថុនានេះ បានបង្ហាញការសុំយោគយល់ពីសំណាក់ដៃគូជំនួបរបស់លោកទាំងខ្មែរ និងបរទេសចំពោះការខកខានមិនបានជួបដូចអ្វីដែលបានគ្រោងទុក ដោយសារក្រុមគ្រូពេទ្យតម្រូវឱ្យលោកធ្វើចត្តាឡីស័ក ១៤ ថ្ងៃ បន្ទាប់ពីលោកមានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ ១៩។
នៅក្នុងសារលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់! ដោយសារខ្ញុំបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺកូវីដ ១៩។ ក្រុមគ្រូពេទ្យតម្រូវឲ្យខ្ញុំធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ចាប់ពីល្ងាចថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២១»។
ជាមួយគ្នានេះ លោកបានសុំការយោគយល់ចំពោះការលុបចោលនូវកម្មវិធីជួបជុំទាំងអស់ដែលរាប់ទាំងខ្មែរទាំងបរទេស ជាពិសេសរដ្ឋមន្ត្រីការបរទេសរបស់អង់គ្លេស។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអភ័យទោសដែលតម្រូវឲ្យខ្ញុំលុបចោលកម្មវិធីជួបជុំទាំងអស់ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលគ្រោងជួបគ្នានៅម៉ោង ៩:០០ ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះនៅវិមានសន្តិភាព។ ទោះត្រូវលុបចោលការជួបទាំងខ្មែរទាំងបរទេស តែខ្ញុំនៅតែធ្វើការដូចពេលមុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិលទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះមិនតម្រូវឲ្យមានមនុស្សចូលមកជិតខ្ញុំទេ»៕