ភ្នំពេញៈ បុរស-នារី២នាក់ ដែលជាគូដណ្ដឹងនឹងគ្នា ត្រូវបានក្រុមគ្រួសារសាច់ញាតិ ប្រទះឃើញស្លាប់ ក្នុងសភាពអាក្រាតកាយនៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងរាជធានីភ្នំពេញដោយក្រុមគ្រួសារសង្ស័យជាករណីពុលស្រា ព្រោះមុនពេលស្លាប់ពួកគេបានទូរស័ព្ទប្រាប់ថា ពួកគេបាននាំគ្នាទទួលទានស្រា ប៉ុន្តែមន្ត្រីជំនាញអះអាងថា បណ្ដាលមកពីគាំងបេះដូង។
ខណៈកំពុងរៀបចំពិធីបុណ្យសពកូនស្រី នៅឯស្រុកកំណើត ក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២១ អ្នកស្រី ឡុក ពិសី អាយុ៤៥ឆ្នាំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១កូនស្រីអ្នកស្រី ឈ្មោះ ភន បុរី អាយុ២០ឆ្នាំនិងបុរសជាគូដណ្ដឹងរបស់នាងឈ្មោះ ភោគ ជីវ៉ា អាយុ២៥ឆ្នាំ បានទូរស័ព្ទប្រាប់គាត់ថា ពួកគេបាននាំគ្នាទៅផឹកស្រានៅខាងក្រៅផ្ទះ ហើយពេលត្រឡប់មកវិញស្រាប់តែ ឈឺក្បាល វិលមុខ និង ក្អួតចង្អោរមិនបាត់សោះ។
អ្នកស្រីបានបញ្ជាក់ថា៖«ខ្ញុំបានប្រាប់ពួកគេឲ្យនាំគ្នាឆុងតែក្រូចឆ្មាលាយទឹកឃ្មុំផឹក ដើម្បីបន្សាបជាតិស្រា ហើយបើនៅតែមិនធូស្រាល ប្រញាប់នាំគ្នាទៅពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យព្យាបាល»។
បើតាមអ្នកស្រី ពិសី នៅព្រឹកថ្ងៃទី១៩ ខែមិថុនា កូនស្រីរបស់អ្នកស្រី បានទូរស័ព្ទប្រាប់ថា ស្ថានភាពរបស់ពួកគេ កាន់តែធ្ងន់ធ្ងរ ព្រោះផឹកអីចូលក៏ក្អួតវិញអស់ដែរ ហើយមានអារម្មណ៍ថា ហត់និងអស់កម្លាំងខ្លាំងណាស់។
នៅពេលនោះ អ្នកស្រីក៏បានសម្រេចចិត្តទៅភ្នំពេញ ដើម្បីមើលថែសុខភាពរបស់ពួកគេ ប៉ុន្តែពេលទៅដល់បន្ទប់ជួលរបស់ពួកគេ ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ នៅវេលាម៉ោង៣រសៀល អ្នកស្រីក៏បានប្រទះឃើញពួកគេទាំង២បាន«ស្លាប់ក្នុងសភាពអាក្រាតកាយ»បាត់ទៅហើយ។
ស្រដៀងគ្នានេះ លោក ភោគ រាវី អាយុ៣៥ឆ្នាំ ដែលត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះឈ្មោះ ភោគ ជីវ៉ា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ជនរងគ្រោះ បានទូរស័ព្ទប្រាប់គាត់ថា ពួកគេទាំង២ [ជីវ៉ា និង បុរី] ទំនងជាពុលស្រាហើយ ព្រោះផឹករួចមិនបានប៉ុន្មានផងក៏ឈឺក្បាល និងក្អួតមិនបាត់សោះ។
លោករ៉ាវី បានថ្ងែងថា៖«ប្អូនប្រុសខ្ញុំបានទូរស័ព្ទប្រាប់ខ្ញុំថា ក្រោយពួកគេនាំគ្នាចេញទទួលទានអាហារនៅខាងក្រៅផ្ទះ និងបានផឹកស្រាអស់ម្នាក់១ដប បានឆារសាច់គោជាមួយសណ្ដែកគួរ ផឹកស្រាថ្នាំអស់១ដប ឥឡូវមកផ្ទះវិញ ឈឺក្បាល និងក្អួតចង្អោរមិនបាត់សោះ អស់កម្លាំងខ្លាំងណាស់។ នៅពេលនោះខ្ញុំបានប្រាប់ឲ្យពួកគេនាំគ្នាទៅពេទ្យ ប៉ុន្តែពួកគេទំនងជាមិនបានទៅពេទ្យនោះទេ បើពុំនោះពួកគេមិនស្លាប់ឡើយ»។
ជីវ៉ា និង បុរី បានភ្ជាប់ពាក្យនឹងគ្នាតាំងពីចុងឆ្នាំ ២០១៩ ហើយពួកគេគ្រោងរៀបចំមង្គលការនៅខែសីហា ឆ្នាំ ២០២០ ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវិដ១៩ គម្រោងអាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានពន្យាពេល។
លោក រាវី និយាយថា៖«ទោះជាបែបណាក៏ដោយ ពួកគេបានរស់នៅជាមួយគ្នា ជាលក្ខណៈប្ដីប្រពន្ធក្នុងបន្ទប់ជួលតែមួយ ដោយមានការទទួលស្គាល់ពីចាស់ទុំ នៃគ្រួសារទាំង២»។
ជុំវិញករណីស្លាប់របស់ ជីវ៉ា និង បុរី ក្រុមគ្រូពេទ្យជំនាញបានធ្វើតេស្តិ៍រកមេរោគកូវីដ១៩ តាមរយៈឧកបរតេស្តរហ័ស តែលទ្ធផលអវិជ្ជមាន។ នេះបើតាម លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន អ្នកឯកទេសផ្នែកកោសល្យវិច្ច័យសាកសពអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យសាកសពរបស់ពួកគេទាំងពីរ។
លោកបានបញ្ជាក់ថា៖«យោងតាមកំអួតរបស់ជនរងគ្រោះ នៅកន្លែងកើតហេតុ និង ការរៀបរាប់របស់ជនរងគ្រោះប្រាប់សាច់ញាតិមុនពេលស្លាប់ បានបង្ហាញថា ការស្លាប់របស់ពួកគេ មិនពាក់ព័ន្ធនិងករណីពុលស្រា ឬ អាហារនោះទេ តែបណ្ដាលមកពីក្អួតខ្លាំងពេកធ្វើឱ្យបាត់បង់សារធាតុអីយ៉ុងប៉ូតាស្យូម និង កាល់ស្យូមពីក្នុងរាងកាយច្រើនពេក ដែលបណ្ដាលឲ្យគាំងបេះដូង»។
លោកបានបន្ថែមថា៖«សពបុរសរងគ្រោះអាក្រាតកាយទាំងស្រុងក្នុងស្ថានភាពដេកផ្កាប់ ចំណែកសពស្ត្រីរងគ្រោះ អាក្រាតផ្នែកខាងលើ ក្នុងសភាពដេកផ្ងា ដែលបង្ហាញពីសកម្មភាពនៃការរួមរស់ជាលក្ខណៈប្ដីប្រពន្ធ»៕