ចាប់តាំងពីដើមខែឧសភាមកជាមធ្យមពលរដ្ឋកម្ពុជាប្រមាណពី ៥ ទៅជាង ១០ នាក់បានស្លាប់ក្នុង ១ ថ្ងៃ ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ខណៈដែលពលរដ្ឋជាច្រើនរយនាក់ផ្សេងទៀតត្រូវបានរកឃើញវិជ្ជមានវីរុសដ៏កាចសាហាវនេះជាបន្តបន្ទាប់គិតចាប់តាំងពីការផ្ទុះឡើងការឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០ កុម្ភៈ។ ទោះបីយ៉ាងណាអត្រានៃការព្យាបាលជាសះស្បើយក៏មានរាប់រយនាក់ផងដែរក្នុង ១ ថ្ងៃ។
ជំងឺសកលកូវីដ ១៩ ត្រូវបានរកឃើញដំបូងក្នុងប្រទេសកម្ពុជាលើអ្នកដំណើរជាជនបរទេស ១ រូប កាលពីខែមករា និងបានទទួលការព្យាបាលជាសះស្បើយវិញ និងបានត្រឡប់ទៅកាន់ប្រទេសកំណើតកាលពីខែកុម្ភៈឆ្នាំ ២០២០ ផងដែរ។ ហេតុការណ៍នេះក៏បានជំរុញឱ្យក្រសួងសុខាភិបាលកម្ពុជាសម្រេចបង្កើតក្រុមការងារពិសេសមួយដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធសំខាន់ៗជាច្រើន ដើម្បីពិនិត្យគ្រប់គ្រង និងពង្រឹងយន្ដការនៃការឆ្លើយតបការស្រាវជ្រាវ និងទប់ស្កាត់ការចម្លងវីរុសកូវីដនេះនៅកម្ពុជា។
ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្រុមការងារនេះបានទទួលជោគជ័យជាបន្តបន្ទាប់ក្នុងការគ្រប់គ្រងនូវការរីករាលដាលនៃជំងឺកូវីដ ១៩ មុន និងក្រោយការឆ្លងចូលសហគមន៍លើកទី ១ និងលើកទី ២ នៅចុងឆ្នាំ ២០២០ ដោយបានដាក់ចេញនូវវិធានការបន្ទាន់ និងម៉ឺងម៉ាត់ជាច្រើន។ ទោះយ៉ាងណាការឆ្លងចូលសហគមន៍លើកទី ៣ ឬត្រូវបានគេដាក់ឈ្មោះថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនោះបានក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រមួយដែលកម្ពុជាឈានដល់ការបិទខ្ទប់រាជធានី-ភ្នំពេញ និងខេត្តមួយចំនួនធ្វើឱ្យរំហូរសេដ្ឋកិច្ចក្នុងប្រទេសនៅជាប់ទ្រឹងមួយរយៈខ្លី។
ប៉ុន្តែក្រោយការខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងស្ថាប័នពាក់ព័ន្ធនានាកម្ពុជាក៏អាចគ្រប់គ្រងស្ថានការណ៍នេះបានបន្តិចវិញជាថ្មី និងអនុញ្ញាតឱ្យពលរដ្ឋបំផ្លាស់ទី និងប្រកបមុខរបរចិញ្ចឹមជីវិតតាមធម្មតា បើទោះបីជាអត្រានៃអ្នកឆ្លងជំងឺកូវីដ-១៩នៅតែបន្តកើតមានក្តី។
វិធានការមុនពេលមានការឆ្លងវីរុសកូវីដ ១៩ ក្នុងសហគមន៍
រាជរដ្ឋាភិបាលកម្ពុជា នៅដើមខែមីនា ឆ្នាំ ២០២០ បានសម្រេចបង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលគណៈកម្មការនេះដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអមដោយអនុប្រធាន ៥ រូប និងសមាជិកជាច្រើនរូបទៀត។ មន្ត្រីទាំងនេះមកពីបណ្តាក្រសួងស្ថាប័នផ្សេងៗ និងសមាជិកដទៃទៀតជាអភិបាលរាជធានី-ខេត្តទាំងអស់នៅកម្ពុជា។
គណៈកម្មាធិការនេះមានភារកិច្ចកំណត់គោលនយោបាយ និងយុទ្ធសាស្ត្រជាតិពាក់ព័ន្ធការប្រយុទ្ធនឹងជំងឺកូវីដ ១៩។ អនុវត្តផែនការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ ១៩ និងគ្រប់គ្រងផលប៉ះពាល់លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម។
ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីពេលថ្មីៗនេះ និស្សិតខ្មែរ ១ រូបដែលបានប្រឡងជាប់អាហារូបករណ៍សិក្សានៅប្រទេសថៃ លោក ជីវ សុខហួរ បានឱ្យដឹងថា លោកបានវិលត្រឡប់មកប្រទេសកំណើតកាលពីខែមីនា ឆ្នាំ ២០២០ ក្នុងអំឡុងពេលដែលកម្ពុជាមិនទាន់មានការឆ្លងរាលដាលជំងឺកូវីដ ១៩ ខ្លាំងនៅឡើយ។
លោកថា ពេលមកដល់ លោកមិនតម្រូវឱ្យមានការធ្វើចត្តាឡីស័កតឹងតែងនោះទេ។ លោកនិយាយថា៖ «ការដាក់ឱ្យនៅដាច់ឆ្ងាយពីគេ ឬការធ្វើចត្តាឡីស័កមិនមែនជាការចាំបាច់នោះទេអំឡុងពេលនោះ។ ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមខ្ញុំជាមនុស្សមានទំនួលខុសត្រូវខ្ញុំបានជ្រើសរើសនៅផ្ទះដាច់ដោយឡែកដោយខ្លួនខ្ញុំអស់រយៈពេល ២ សប្តាហ៍»។
លោក ជីវ សុខហួរ បន្ថែមថា នៅពេលដែលលោកមកដល់ព្រលានយន្តហោះ ដំណើរការទាំងមូលនៅអាកាសយានដ្ឋាន បន្ទាប់ពីចុះចតបានដំណើរការយ៉ាងលឿន។ ក្រុមការងារសុខាភិបាលបានប្រគល់សំណុំបែបបទប្រកាសសុខភាពមួយចំនួនដល់លោក និងអ្នកដំណើរផ្សេងទៀត ដើម្បីបំពេញ ហើយក៏មិនបានសួរសំណួរអ្វីបន្ថែមទាក់ទងនឹងសុខភាពលោកដែរ។
លោកប្រាប់ថា៖ «កុំថាឡើយសួរទាក់ទងសុខភាព សូម្បីតែសួរទាក់ទងនឹងការដាក់ធ្វើចត្តាឡីស័ក ឬនៅដាច់ពីគេ ឬអ្វីនោះក៏មិនមានដែរ។ ដូច្នេះ ខ្ញុំអាចនិយាយឱ្យខ្លីថា សម្រាប់អ្នកដំណើរមកពីក្រៅក្នុងអំឡុងដើមឆ្នាំ ២០២០ គឺមិនមានការតឹងតែង ឬរឹតត្បិតលើការធ្វើចត្តាឡីស័កទេ»។
និស្សិតរូបនេះបញ្ជាក់ថា នៅពេលនោះទាំងជនជាតិខ្មែរ និងបរទេស មិនតម្រូវឱ្យមានឯកសារអ្វីដូចពេលនេះដែលត្រូវមានលិខិតបញ្ជាក់សុខភាព ឬការធ្វើតេស្តជាដើម។ លោក សុខហួរ ថា៖ «ខ្ញុំគិតថា ការធ្វើដំណើរកាលពីដើមឆ្នាំ ២០២០ គឺងាយស្រួលជាងសព្វថ្ងៃនេះ»។
ចំណែកអ្នកនាង ភួង ម៉ាលី ផេង (PhoungMaliePheng) ដែលបានមកលេងកម្សាន្តប្រទេសកម្ពុជា កាលពីខែតុលា ឆ្នាំ ២០២០ បានធ្វើការចែករំលែកនូវបទពិសោធរបស់នាងតាមរយៈវីដេអូ Youtube ចំពោះការធ្វើដំណើរពីសហរដ្ឋអាមេរិក និងការមកដល់ប្រទេសកម្ពុជា។
នាងនិយាយថា បើអ្នកដំណើរណាមិនបានធ្វើតេស្តក្នុងរយៈពេល ៧២ ម៉ោង ឬធ្វើលើសម៉ោងនេះមុនឡើងយន្តហោះ ក្រុមហ៊ុនហោះហើរមិនអនុញ្ញាតឱ្យធ្វើដំណើរទេ ហើយអ្វីដែលសំខាន់នៅលើលទ្ធផលតេស្តក៏ត្រូវមានចុះហត្ថលេខារបស់វេជ្ជបណ្ឌិតផងដែរ ដើម្បីបញ្ជាក់ថាលទ្ធផលហ្នឹងពិតប្រាកដមែន។
អ្នកនាងបន្ថែមថា៖ «នៅពេលយើងមកដល់ស្រុកខ្មែរ គឺយើងចាំបាច់ត្រូវមានអាសយដ្ឋាន និងលេខទំនាក់ទំនងរបស់អ្នកនៅស្រុកខ្មែរដែលយើងត្រូវមកស្នាក់នៅជាមួយ ដោយសារក្រសួងសុខាភិបាលត្រូវការក្នុងការទំនាក់ទំនងក្នុងករណីមានហេតុអ្វីមួយកើតឡើង»។
មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ អ្នកដំណើរត្រូវធ្វើតេស្តរកកូវីដ-១៩ម្តងទៀត។ សម្រាប់ការធ្វើចត្តាឡីស័កវិញ មានជម្រើស ២ គឺធ្វើចត្តាឡីស័កដែលរៀបចំដោយអាជ្ញាធរដោយមិនគិតថ្លៃ និងជម្រើសមួយទៀតគឺនៅសណ្ឋាគារ ប៉ុន្តែត្រូវចំណាយលុយដោយខ្លួនឯង។
អ្នកនាង ភួង ម៉ាលីផេង និយាយថា៖ «ខ្ញុំអាចនិយាយបានថា ខ្ញុំសំណាងដែលក្នុងអំឡុងពេលដែលខ្ញុំមកលេងស្រុកខ្មែរនោះ មិនមានការរឹតត្បិតតឹងតែង ហើយការធ្វើចត្តាឡីស័កតែ ២ ថ្ងៃប៉ុណ្ណោះ បើអ្នកជិះនៅលើយន្តហោះនោះមិនមានអ្នកមានវិជ្ជមានកូវីដ ១៩។ ប៉ុន្តែនៅពេលក្រោយមកបន្តិចមានការផ្លាស់ប្តូរពីចំនួនថ្ងៃនៃការធ្វើចត្តាឡីស័ករហូតដល់ ១៤ ថ្ងៃ ទោះបីជាអ្នកធ្វើដំណើរក្នុងយន្តហោះមានអ្នកមានវិជ្ជមាន ឬមិនមានក៏ដោយ»។
ប្រទេសកម្ពុជាឆ្លងកាត់ព្រឹត្តិការណ៍សហគមន៍ចំនួន ៣ លើក
នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២០ មានការភ្ញាក់ផ្អើល ក្រោយពេលដែលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក PéterSzijjártó មានផ្ទុកមេរោគកូវីដ ១៩ ក្រោយពេលចាកចេញពីកម្ពុជា ទៅដល់ប្រទេសថៃ។
«ព្រឹត្តិការណ៍ ៣ វិច្ឆិកា» ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ឈ្មោះឱ្យដើម្បីងាយស្រួលចងចាំ។ ក្នុងព្រឹត្តិការណ៍នេះ មានមនុស្សជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលចំនួន ១ ៨០២ នាក់ ហើយក្នុងនោះមនុស្ស ៤ នាក់ត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ ១៩ និងមានការពាក់ព័ន្ធដល់ ១១ ខេត្ត នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍សហគមន៍លើកទី ១ នេះត្រូវបានបិទបញ្ចប់ជាស្ថាពរ និងដោយជោគជ័យដោយមានការយកចិត្តទុកដាក់ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងពាក់ព័ន្ធ រួមនឹងស្ថាប័នជាច្រើនទៀតនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០។
នៅថ្ងៃទី ២៨ ខែវិច្ឆិកា មានព្រឹត្តិការណ៍ថ្មីមួយទៀតកើតឡើង ឬអាចហៅបានថាព្រឹត្តិការណ៍ទី ២ នៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងប្រទេសកម្ពុជា។ «ព្រឹត្តិការណ៍ឆ្លងសហគមន៍ ២៨ វិច្ឆិកា» ត្រូវបានរកឃើញវិជ្ជមានកូវីដ ១៩ លើភរិយាលោកអគ្គនាយកពន្ធនាគារ ឆែម សាវុធ ដែលមិនបានដឹងប្រភពច្បាស់ថា គាត់ឆ្លងពីអ្នកណានោះទេ ខណៈដែលពួកគាត់មិនបានពាក់ព័ន្ធទាល់តែសោះ ជាមួយនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា។
ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាមានអ្នកឆ្លងចំនួន ៤១ នាក់ ប៉ុន្តែយ៉ាងណាក្តីរាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ និងជោគជ័យ ដែលធ្វើឱ្យព្រឹត្តិការណ៍បញ្ចប់ជាស្ថាពរនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ បន្ទាប់ពីលែងមានអ្នកឆ្លងបន្តទៀតរយៈពេល ២ សប្តាហ៍។
ក្នុងឆ្នាំ ២០២០ កន្លងមកនេះ កម្ពុជាមានអ្នកឆ្លងកូវីដ ១៩ សរុបចំនួន ៣៧៨ នាក់ និងមិនមានអ្នកស្លាប់ទេ។
បន្ទាប់ពីព្រឹត្តិការណ៍ទី ២ នៃការផ្ទុះរាលដាលជំងឺកូវីដ ១៩ កន្លងផុតទៅ ព្រឹត្តិការណ៍ទី ៣ បានកើតឡើងម្តងទៀតក្នុងប្រទេសកម្ពុជា ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលលោក ហ៊ុន សែន ដាក់ឈ្មោះថា «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ដែលបានកើតឡើងរីករាលដាលនៅទូទាំងប្រទេសកម្ពុជារហូតមកដល់ពេលនេះ។
ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះបានបណ្តាលឱ្យមនុស្សជាង ៤០ ០០០ នាក់ឆ្លងជំងឺនេះ និងមានអ្នកស្លាប់ជាង ៤០០ នាក់ផងដែរ។ ព្រឹត្តិការណ៍នេះមិនទាន់អាចកំណត់ថាតើនឹងបញ្ចប់នៅពេលណាទេ។
ការអនុវត្តការធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរមកកម្ពុជា
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរទាំងអស់ចូលមកប្រទេសកម្ពុជា។ ការអនុវត្តនេះគឺចាប់ពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ មក ដោយមានការឯកភាពពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបញ្ជាក់ក្នុងសេចក្តីប្រកាសថា៖ «អ្នកដំណើរទាំងអស់ចូលមកប្រទេសកម្ពុជា ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃពេញលេញ ក្រោយពីបានធ្វើតេស្តពេលមកដល់កម្ពុជា ហើយអ្នកដំណើរទាំងអស់ត្រូវតែមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) ចេញដោយអាជ្ញាធរសុខាភិបាលទទួលស្គាល់ ដោយប្រទេសសាមី បញ្ជាក់ថា គ្មានកូវីដ ១៩ មានសុពលភាពរយៈពេល ៧២ ម៉ោងមុនពេលចេញដំណើរ»។
ជាមួយគ្នានេះ យោងតាមអនុក្រឹត្យស្តីពី «វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដែលត្រូវបានចុះហត្ថលេខាដាក់ឱ្យអនុវត្ត ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ បានបញ្ជាក់ដែរថា ប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលធ្វើដំណើរពីបរទេសចូលមកក្នុងប្រទេសកម្ពុជា និងបុគ្គលដែលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ ១៩ ឬជាមួយអ្នកដែលសង្ស័យមានផ្ទុកកូវីដ ត្រូវធ្វើសេចក្តីប្រកាសសុខភាព។
ពួកគេត្រូវបំពេញទម្រង់ប្រកាសសុខភាពដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច និងតាមរយៈការផ្តល់ព័ត៌មានចាំបាច់ផ្សេងទៀត តាមការសាកសួររបស់មន្ត្រីសុខាភិបាល ឬមន្ត្រីជំនាញមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត។
ពលរដ្ឋ និងជនបរទេសដែលធ្វើដំណើរពីបរទេសចូលមកក្នុងប្រទេសកម្ពុជា ត្រូវផ្តល់លិខិតបញ្ជាក់សុខភាពដែលបញ្ជាក់ថា គ្មានមេរោគកូវីដ ១៩ មានសុពលភាពរយៈពេល ៧២ ម៉ោងមុនពេលធ្វើដំណើរ។ លិខិតសុខភាពនេះ ចេញដោយអាជ្ញាធរដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសដែលខ្លួនស្ថិតនៅមុនពេលធ្វើដំណើរ ឬលិខិតបញ្ជាក់ផ្សេងទៀតតាមការកំណត់របស់ក្រសួងសុខាភិបាល។
តើអ្នកដំណើរជាតិ និងអន្តរជាតិត្រូវធ្វើដូចម្តេចក្នុងអំឡុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ?
អ្នកនាង ងិន លីដា ប្រធានភ្នាក់ងារលក់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្រុមហ៊ុនឯកជនមួយនៅកម្ពុជាដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិកកាលពីខែឧសភា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អ្នកនាងត្រូវបានធ្វើតេស្តកូវីដចំនួន ៣ ដង។ លើកទី ១ មុនឡើងយន្តហោះតម្រូវឱ្យធ្វើតេស្តក្នុងអំឡុងពេល ៧២ ម៉ោងមុនឡើងយន្តហោះ។ លើកទី ២ ពេលដូរជើងហោះ និងលើកទី ៣ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៃប្រទេសកម្ពុជា។
អ្នកនាង លីដា ប្រាប់ថា៖ «លទ្ធផលតេស្តទាំង ៣ ដងរបស់ខ្ញុំគឺអវិជ្ជមាន ហើយខ្ញុំក៏បានចាក់វ៉ាក់សាំង ២ ដងរួចរាល់ហើយនៅសហរដ្ឋអាមេរិក។ ប៉ុន្តែខ្ញុំនៅតែត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃទៀតដែរនៅពេលមកដល់ប្រទេសយើង»។
នៅពេលដែលបានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញភ្លាម អ្នកនាង លីដា បានរៀបរាប់ពីបទពិសោធដែលនាងបានជួបប្រទះ។ បើតាមអ្នកនាង លីដា មន្ត្រីពេទ្យនៅក្នុងព្រលានយន្តហោះបានធ្វើតេស្តរកវីរុសកូវីដ-១៩លើនាងលើកទី ១ មុនពេលត្រូវដឹកយកមកដាក់នៅកន្លែងធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញតាមការសម្រេចរបស់ខ្លួន។
គួរបញ្ជាក់ថា ការធ្វើចត្តាឡីស័កមាន ២ ជម្រើស ទី ១ ស្នាក់នៅសណ្ឋាគារដែលតម្រូវឱ្យអ្នកស្នាក់នៅបង់ថ្លៃស្នាក់នៅ និងថ្លៃអាហារដោយខ្លួនឯង និងជម្រើសទី ២ គឺការធ្វើចត្តាឡីស័កដែលរៀបចំដោយអាជ្ញាធរគឺមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញដែលមិនតម្រូវឱ្យមានការបង់លុយថ្លៃស្នាក់នៅ និងអាហារទេ។
អ្នកនាង លីដា ប្រាប់ថា៖ «ខ្ញុំបានសម្រេចចិត្តធ្វើចត្តាឡីស័កនៅសណ្ឋាគារ ដែលក្នុងរយៈពេលដែលខ្ញុំបានធ្វើចត្តាឡីស័កនេះ ខ្ញុំត្រូវចំណាយថវិកាខ្លួនឯងជាង ១ ០០០ ដុល្លារសម្រាប់ថ្លៃស្នាក់នៅ និងអាហារ។ សម្រាប់តម្លៃបន្ទប់គឺ ១ យប់ ៦០ ដុល្លារ និងតម្លៃអាហារមួយពេល ១០ ដុល្លារ។ ដូចនេះក្នុង ១ ថ្ងៃ ខ្ញុំត្រូវចំណាយអស់ ៩០ ដុល្លារសម្រាប់សេវាស្នាក់នៅ និងអាហារ ហើយជាសំណាងល្អកន្លែងស្នាក់នៅ ភ្ញៀវអាចកុម្ម៉ង់អាហារក្រៅបាន»។
«ខ្ញុំត្រូវនៅក្នុងបន្ទប់តែម្នាក់ឯង មិនឱ្យចេញក្រៅ ហើយក៏មិនឱ្យមានអ្នកណាចូលក្នុងបន្ទប់នេះដែរ សូម្បីតែអ្នកសម្អាតបន្ទប់។ ខ្ញុំត្រូវបានគេធ្វើតេស្តលើកទី ២ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ដោយមិនធ្វើតេស្តរហ័សទេ គឺត្រូវយកសំណាកវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រដែលត្រូវការចំណាយពេលពី ២៤ ទៅ ៤៦ ម៉ោង ដោយសារមានអ្នកធ្វើតេស្តច្រើន»។ នេះជាការរៀបរាប់របស់អ្នកនាង លីដា។
ទាក់ទងនឹងការរឹតត្បិតធ្វើចត្តាឡីស័ករហូតដល់ ១៤ ថ្ងៃនៅប្រទេសកម្ពុជាសម្រាប់អ្នកដំណើរមកពីក្រៅប្រទេស លីដា យល់ឃើញថា ជាការយកចិត្តទុកដាក់ខ្ពស់ទៅលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។ ប៉ុន្តែអ្វីដែលជាចំណុចខ្វះខាតដែល លីដា បានមើលឃើញ និងជួបប្រទះផ្ទាល់ គឺការខ្វះខាតការផលិតនូវព័ត៌មាន និងការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋរស់នៅក្រៅប្រទេសថា តើពួកគាត់ត្រូវឆ្លងកាត់អ្វីខ្លះពេលចូលក្នុងប្រទេសទាក់ទងនឹងការស្នាក់នៅ និងតម្រូវការមួយចំនួនដែលពួកគាត់ត្រូវធ្វើ។
អ្នកនាង ងិន លីដា និយាយថាកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ហើយអ្វីដែលរាជរដ្ឋាភិបាលកំពុងធ្វើសព្វថ្ងៃនេះគឺគាត់បានព្យាយាមអស់ពីសមត្ថភាពហើយ។ ប៉ុន្តែក៏នៅមានចំណុចមួយចំនួនទៀតដែលគាត់ត្រូវធ្វើបន្ថែម ជាពិសេសការផ្សព្វផ្សាយព័ត៌មានទៅដល់ប្រជាជនទាំងក្នុង និងក្រៅប្រទេសក្នុងការជូនដំណឹងឱ្យមានការដឹងជាមុនពីការស្នាក់នៅ និងការចំណាយផ្សេងៗ ដើម្បីឱ្យគាត់បានដឹង និងត្រៀមជាថវិកាហើយគួរតែមានអ្នកដែលអាចឆ្លើយតបនឹងសំណួររបស់អ្នកធ្វើដំណើរដែរ។
បើផ្អែកលើចំណុចមួយនៃសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលទាក់ទងនឹងលក្ខខណ្ឌធ្វើដំណើររបស់ «ជនបរទេសដែលជាវិនិយោគិនធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ អ្នកបច្ចេកទេស និងក្រុមគ្រួសារដែលមិនមានការធានា ប៉ុន្តែទទួលបានការអញ្ជើញ» គឺពេលមកដល់អាកាសយានដ្ឋានអន្តរជាតិនៃប្រទេសកម្ពុជា អ្នកដំណើរបរទេសត្រូវបង្ហាញទិដ្ឋាការមានសុពលភាព និងចេញដោយស្ថានទូតកម្ពុជា ឬស្ថានកុងស៊ុលកម្ពុជានៃប្រទេសសាមី។
បង្ហាញវិញ្ញាបនបត្របញ្ជាក់សុខភាពចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលប្រទេសសាមីបញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ ក្នុងរយៈពេល ៧២ ម៉ោង មុនពេលចេញដំណើរ។ បង្ហាញលិខិតអញ្ជើញ លិខិតបញ្ជាក់ការទិញសេវាធានារ៉ាប់រងសុខភាព និងលិខិត ឬឯកសារកក់សណ្ឋាគារ។
ក្រសួងបញ្ជាក់ថា៖ «អ្នកដំណើរបរទេសត្រូវដាក់ប្រាក់តម្កល់ចំនួន ២ ០០០ ដុល្លារ សម្រាប់ចំណាយលើការស្នាក់នៅក្នុងអំឡុងពេលរង់ចាំលទ្ធផលតេស្តរកមេរោគកូវីដ ១៩។ ថ្លៃធ្វើតេស្ត ថ្លៃដឹកជញ្ជូនពីអាកាសយានដ្ឋានអន្តរជាតិទៅសណ្ឋាគារដែលបានកក់ និងចំណាយអំឡុងពេលធ្វើចត្តាឡីស័ក ក្នុងករណីដែលអ្នករួមដំណើរណាម្នាក់មានវិជ្ជមានកូវីដ ១៩»។
ការតម្កល់ប្រាក់នេះ មិនតម្រូវឱ្យអ្នកដំណើរជាប្រជាពលរដ្ឋកម្ពុជាធ្វើការដាក់ប្រាក់តម្កល់ឡើយ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា សម្រាប់អ្នកដំណើរបរទេសដែលជាវិនិយោគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ អ្នកបច្ចេកទេស និងក្រុមគ្រួសារដែលមិនមានការធានា ប៉ុន្តែមិនទទួលបានការអញ្ជើញ ក៏តម្រូវឱ្យមានការដាក់ប្រាក់កក់តម្កល់ចំនួន ២ ០០០ ដុល្លារដូចគ្នា។ ប៉ុន្តែត្រូវទិញសេវាធានារ៉ាប់រងសុខភាព សម្រាប់ព្យាបាលជំងឺកូវីដ ១៩ ក្នុងតម្លៃ ៩០ ដុល្លារ និងមានរយៈពេលធានា ២០ ថ្ងៃ។
អ្នកជំនួញជនជាតិម៉ាឡេស៊ី ១ រូបដែលបានធ្វើដំណើរមកប្រទេសកម្ពុជា ១០ ដង ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ និងការមកដល់ប្រទេសកម្ពុជាចុងក្រោយនៅថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ ២០២១ និងបានវិលត្រឡប់ទៅវិញកាលពីដើមខែមេសា បានប្រាប់ភ្នំពេញប៉ុស្តិ៍ ដោយសុំមិនបញ្ចេញឈ្មោះថា នៅពេលដែលលោកមកដល់ភ្លាមបានធ្វើដំណើរត្រង់ពីអាកាសយានដ្ឋានទៅសណ្ឋាគារ សម្រាប់ធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។
លោកមកកម្ពុជាគឺក្នុងគោលបំណងទស្សនកិច្ចអាជីវកម្មមួយ នៅពេលដែលលោកមានក្រុមហ៊ុនពិគ្រោះយោបល់ដែលបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយគម្រោងកំពុងដំណើរការបូករួមនឹងការងារមួយចំនួនទៀតដែលលោកត្រូវធ្វើជាមួយធនាគារ ABA។ លោកបញ្ជាក់ថា ជារួមលោកបានស្នាក់នៅប្រទេសកម្ពុជាចំនួន ៤៤ ថ្ងៃដោយក្នុងនោះ ១៤ ថ្ងៃគឺលោកចំណាយពេលទាំងអស់ក្នុងការធ្វើចត្តាឡីស័ក។
ជនបរទេសរូបនេះបន្តថា៖ «ខ្ញុំតម្រូវឱ្យតម្កល់ប្រាក់សរុបចំនួន ២ ០០០ ដុល្លារនៅពេលដែលខ្ញុំមកដល់ប្រទេសកម្ពុជា។ ប៉ុន្តែពេលចប់ចត្តាឡីស័ក ខ្ញុំមិនបានទទួលលុយគ្រប់ចំនួនមកវិញទេ ដោយសារលុយទាំងនេះត្រូវកាត់សម្រាប់ការចំណាយលើសណ្ឋាគារ និងអាហារដែរ»។
លោកបានលើកពីចំណុចមួយចំនួនទៀតថា អ្នកដំណើរគួរតែមានសាច់ប្រាក់សុទ្ធនៅជាប់ខ្លួនមួយចំនួន។ ព្រោះពេលខ្លះបណ្ណឥណទានផ្សេងៗមិនមែនសុទ្ធតែអាចដំណើរការបានទាំងអស់ទេ ដោយលោកមានបទពិសោធនូវការដកប្រាក់មិនគ្រប់ ព្រោះនៅតាមទូអេធីអឹម អាចដកប្រាក់បានមានកំណត់អតិបរមា។
លោកបន្ថែមថា៖ «យើងមិនអាចជ្រើសរើសសណ្ឋាគារដោយខ្លួនឯងបានទេ។ ការដឹកជញ្ជូន ពួកយើងទាំងអស់គ្នាត្រូវបានគេបញ្ជូនចូលក្នុងឡានក្រុង ១ ហើយដឹកទៅសណ្ឋាគារ។ បើទោះជាត្រូវគោរពនូវបង្ការសុវត្ថិភាព «រក្សាគម្លាតសង្គម» តែដឹកបែបនេះវាមានហានិភ័យឆ្លងខ្លាំងណាស់»។
ដំណើរការចុះឈ្មោះស្នាក់នៅមានការយឺតយ៉ាវ ខណៈរថយន្តក្រុងដែលដឹកអ្នកដំណើរចូលកន្លែងទទួលភ្ញៀវមានទំហំតូច ដោយរាប់ទាំងចំនួនបុគ្គលិកសណ្ឋាគារទៀតនោះ គឺកាន់តែបង្កើនការឆ្លងថែមមួយជាន់ទៀត។ នេះជាការលើកឡើងរបស់បុរសជនជាតិម៉ាឡេស៊ីរូបនេះ។
លោកបន្តថា៖ «ខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាពនៅពេលដែលមកដល់ក្នុងបន្ទប់របស់ខ្ញុំប៉ុណ្ណោះ។ បន្ទប់ទូលាយ ហើយអាចងាយស្រួលក្នុងការធ្វើការងារ និងសម្រាក។ ចំណែក អាហារ ៣ ពេល ខ្លះអាចទទួលយកបាន និងពេលខ្លះអត់សោះតែម្តង ដែលភាគច្រើនគឺមិនដឹងជាអាហារអ្វីទេ និងគ្មានជាតិសោះ»។
លោកថា អាហារមានតម្លៃ ៣០ ដុល្លារអាមេរិកក្នុង ១ ថ្ងៃ ៣ ពេល ឯថ្លៃបន្ទប់តម្លៃ ៥៥ ដុល្លារក្នុង ១ យប់។ សម្រាប់ ៣០ ដុល្លារ អ្នកអាចរកបានអាហារដែលសមរម្យនៅតាមភោជនីយដ្ឋានណាមួយក្នុងរាជធានី-ភ្នំពេញបានយ៉ាងឆ្ងាញ់។ លោកថា លោកមិនត្រូវបានអនុញ្ញាតឱ្យយកអាហារ ភេសជ្ជៈ និងសម្ភារស្ងួត (សៀវភៅ។ល។) ពីអ្នកខាងក្រៅសូម្បីតែពួកគេទុកវានៅបន្ទប់រង់ចាំនៅជាន់ក្រោមក៏ដោយ។ លោកត្រូវបានបង្ខំឱ្យទិញតែអាហារ និងភេសជ្ជៈពីសណ្ឋាគារ ដែលមានតម្លៃថ្លៃខ្លាំងណាស់ ដូចជាស្រាបៀរនៅសណ្ឋាគារគឺ ១ ដបតូច ៣,៥០ ដុល្លារ។
លោកបន្តថា នៅរៀងរាល់ម៉ោង ៣ រសៀល ពួកលោកត្រូវឡើងទៅជាន់ខាងលើបំផុត ដើម្បីវាស់កម្ដៅ រហូតគ្រប់ចំនួនថ្ងៃនៃការធ្វើចត្តាឡីស័ក និងធ្វើតេស្តចុងក្រោយបញ្ជាក់ថា មិនមានវិជ្ជមានវីរុសកូវីដ ១៩ ទើបលោកត្រូវបានអនុញ្ញាតឱ្យចាកចេញពីសណ្ឋាគារ។
កន្លែងធ្វើចត្តាឡីស័ក
មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ៦ មករា ឆ្នាំ ២០២១។ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញមានចំនួន ៤ អគារ ដែលក្នុង ១ អគារដាក់មនុស្សបានចំនួន ១២៦ នាក់។ ដូច្នេះ ៤ អគារស្មើនឹង ៥០៤ នាក់ ចែកចេញជា ៥០៤ បន្ទប់ ស្មើនឹង ៥០៤ គ្រែ ដោយមានការបំពាក់កង្ហារ បន្ទប់ទឹក បង្គន់អនាម័យ និងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលបានបង្កលក្ខណៈងាយស្រួលឱ្យបងប្អូនដែលត្រូវធ្វើចត្តាឡីស័កមានភាពងាយស្រួល។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង លើកឡើងថា មណ្ឌលចត្តាឡីស័កនេះធ្វើឡើង ដើម្បីដាក់អ្នកដំណើរដែលចូលមកកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ អ្នកដំណើរទាំងអស់នោះត្រូវបានចែកជា ២ ប្រភេទពោលគឺ បើអ្នកដំណើរមានលទ្ធភាពគ្រប់គ្រាន់ ពួកគាត់អាចធ្វើចត្តាឡីស័កនៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ។
លោកថា៖ «បើអ្នកដំណើរមិនមានលទ្ធភាពគ្រប់គ្រាន់ទេ ពួកគាត់អាចធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីបានដោយមណ្ឌលនេះមិនតម្រូវឱ្យមានការបង់ថ្លៃសេវានោះទេ ព្រមទាំងផ្ដល់នូវអាហារ ១ ថ្ងៃ ៣ ពេល ជាមួយនឹងការធ្វើតេស្តសំណាកដោយមិនអស់ប្រាក់ថែមទៀត»។
បុគ្គលិក ១ រូបនៃសណ្ឋាគារសុខា ដែលជាសណ្ឋាគារមួយទទួលអ្នកដំណើរសម្រាប់ធ្វើចត្តាឡីស័កប្រាប់ភ្នំពេញប៉ុស្តិ៍ដោយសុំមិនបញ្ចេញឈ្មោះថា ចំនួនអ្នកមកស្នាក់ធ្វើចត្តាឡីស័កមិនមានច្រើនដូចពេលមុនទេ ដោយសារមិនសូវមានអ្នកដំណើរមកពីក្រៅប្រទេសក្នុងអំឡុងពេលផ្ទុះការរីករាលដាលជំងឺកូវីដ ១៩។
លោកប្រាប់ថា៖ «សម្រាប់ភ្ញៀវទាំងអស់ គឺតម្លៃនៃការស្នាក់នៅ និងអាហារដូចៗគ្នា គឺម្នាក់បង់តម្លៃ ៧៥ ដុល្លារ និងអាហារ ១ មុខ ១០ ដុល្លារ ហើយមានភ្ញៀវខ្លះ ១ ពេលពិសា ២ ទៅ ៣ មុខម្ហូប។ អ៊ីចឹង គាត់ត្រូវចំណាយច្រើន»។ បុគ្គលិករូបនេះថា លោកមិនដឹងថា តើភ្ញៀវណាជាអ្នកជំនួញ ធុរជន វិនិយោគិន ឬអ្នកធ្វើការងារអ្វីនោះទេ។
លោកបន្តថា៖ «មិនមានភ្ញៀវណាមួយទាមទារចេញមុនពេលបញ្ចប់ការធ្វើចត្តាឡីស័កទេ ដោយសារពួកគាត់ដឹងមុនពីចំនួននៃការធ្វើចត្តាឡីស័ក ហើយមួយវិញទៀត យើងមិនបានបង្ខំភ្ញៀវទាំងនេះមកស្នាក់នៅកន្លែងយើងទេ ជាការជ្រើសរើសរបស់ពួកគាត់»។
បើតាមបុគ្គលិកដដែលសម្រាប់ភ្ញៀវដែលចូលមកធ្វើចត្តាឡីស័ក គឺសណ្ឋាគារមិនតម្រូវឱ្យពួកគាត់ចុះឈ្មោះលាយឡំជាមួយភ្ញៀវផ្សេងទេ ដើម្បីកុំឱ្យមានការប៉ះពាល់អ្នកផ្សេង ហើយក៏មិនអនុញ្ញាតឱ្យចេញក្រៅបន្ទប់ដើរនៅក្នុងបរិវេណសណ្ឋាគារដែរ។
លោកនិយាយថា៖ «ពួកគាត់ត្រូវនៅក្នុងបន្ទប់រហូតគ្រប់ ១៤ ថ្ងៃ បើគាត់ចេញគឺពួកគាត់ត្រូវផាកពិន័យចំនួន ៥០០ ដុល្លារ។ ពួកគាត់អាចចេញបានលុះត្រាតែមានការអនុញ្ញាត។ យើងមានការរឹតបន្តឹង និងមានការយាមពីសន្តិសុខមិនឱ្យមានអ្នកដែលកំពុងធ្វើចត្តាឡីស័កនេះចេញទៅណាបានឡើយ»។
ដោយឡែកនៅតាមខេត្តនៃបណ្តោយព្រំដែនកម្ពុជា-ថៃ គ្រប់ពលករ ឬប្រជាពលរដ្ឋខ្មែរ និងបរទេសដែលចូលមកក្នុងប្រទេសកម្ពុជាត្រូវតែធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃនៅក្នុងខេត្តជាប់ព្រំដែននោះក្នុងអំឡុងពេលដែលប្រទេសថៃមានការផ្ទុះការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ដែលធ្វើឱ្យពលករខ្មែររាប់រយនាក់បាននាំគ្នាសម្រុកចេញពីប្រទេសថៃមកកាន់ប្រទេសរបស់ខ្លួន។
បន្ទាប់ពីចំនួនពលករខ្មែរចូលមកក្នុងប្រទេសហាក់មានការធូរស្បើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្រេចឱ្យអាជ្ញាធរបញ្ជូនពលករដែលមានស្រុកកំណើតនៅខេត្តណា ត្រូវដឹកជញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃនៅក្នុងទីតាំងដែលនៅជិតផ្ទះរបស់ពួកគេតែម្តង។
ពលករ ១ រូបដែលបានវិលត្រឡប់មកពីប្រទេសថៃកាលពីខែធ្នូ ឆ្នាំ ២០២០ លោក រុន សារិទ្ធ បានប្រាប់ឱ្យដឹងថា ក្នុងអំឡុងពេលស្នាក់នៅ ១៤ ថ្ងៃក្នុងមណ្ឌលចត្តាឡីស័កមួយក្នុងខេត្តបាត់ដំបង លោកមានអារម្មណ៍ធុញទ្រាន់យ៉ាងខ្លាំង ប៉ុន្តែវាជាកាតព្វកិច្ចដែលលោកត្រូវតែធ្វើ។
លោកបានលើកឡើងថា៖ «ធុញគឺធុញហើយ ហើយយើងត្រូវតែធ្វើតាមគេ បើមិនធ្វើទេ នៅពេលដែលខ្ញុំទៅដល់ភូមិក៏អាជ្ញាធរភូមិ និងអ្នកស្រុកនៅតែចាត់វិធានការឱ្យពួកខ្ញុំធ្វើចត្តាឡីស័ក ១៤ ថ្ងៃដដែលហ្នឹង ដោយសារពួកគាត់ខ្លាចឆ្លងរោគនេះពីខ្ញុំដែរ»។
លោក រុន សារិទ្ធ បានបញ្ជាក់ទៀតថា នៅពេលសម្រាកធ្វើចត្តាឡីស័កនេះ លោកតែងតែពន្យល់ប្រាប់ប្អូនៗដែលជាយុវជន កុំឱ្យរត់ចេញពីទីនេះ ដោយសារទោះជារត់ទៅដល់ផ្ទះ ក៏មិនអាចរួចខ្លួនដែរ។
ជាមួយគ្នានេះដែរ លោកក៏បានបញ្ជាក់ដែរថា លោកស្នាក់នៅជាមួយនឹងប្រពន្ធ និងពលករផ្សេងទៀតដែលបានធ្វើដំណើរមកជាមួយគ្នាក្នុងបន្ទប់រួមគ្នារបស់សាលាដែលត្រូវបានរៀបចំជាបន្ទប់ស្នាក់នៅបណ្តោះអាសន្ន។
លោកថា៖ «ការស្នាក់នៅរួមគ្នានេះ ខ្ញុំក៏បារម្ភខ្លាចមានអ្នកណាម្នាក់មានជំងឺនេះអាចឆ្លងមកយើងដែរ ប៉ុន្តែភាគច្រើន យើងជាគ្រួសារ និងស្គាល់គ្នា និងបានធ្វើដំណើរមកឡានរួមគ្នាដែរ ទើបគេដាក់នៅបន្ទប់ស្នាក់នៅរួម»។
ពលករដដែលរូបនេះបានលើកឡើងទៀតថា ពលករទាំងអស់ដែលស្នាក់នៅរួមគ្នាគឺពួកគាត់បានអនុវត្តជានិច្ចនូវការការពារ ដោយពាក់ម៉ាស់ជាប់ជាប្រចាំទោះបីជាពេលដេកក៏ដោយ។
លោកថា៖ «ពិបាកគឺពិបាកហើយ តែបើយើងមិនធ្វើអ៊ីចឹង គឺខ្ញុំអាចឆ្លងជំងឺនេះពីអ្នកផ្សេង ឬបើខ្ញុំមានជំងឺនេះ ខ្ញុំអាចការពារមិនឱ្យឆ្លងទៅអ្នកផ្សេងដែរ។ បើប្រៀបធៀបនឹងការងារខ្ញុំធ្វើនៅប្រទេសថៃជាកម្មករសំណង់ គឺគ្រាន់តែស្នាក់នៅធ្វើចត្តាឡីស័កវាមិនពិបាកខ្លាំងទេ គ្រាន់តែអផ្សុកដោយសារយើងនៅមួយកន្លែងមិនអាចចេញដើរទៅកន្លែងផ្សេងៗបាន»។
ការការពារ និងការរឹតបន្តឹងរបស់ក្រសួង និងអាជ្ញាធរ
លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បញ្ហាសុខភាពសាធារណៈគឺស្ថិតក្រោមការដឹកនាំរបស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលមានលោកនាយករដ្ឋមន្ត្រីជាប្រធានដឹកនាំផ្ទាល់។ លេខាធិការដ្ឋានអាកាសចរស៊ីវិលជាសមាជិករង់ចាំការអនុវត្តនូវគោលការណ៍ ឬសេចក្តីណែនាំ ឬវិធានការផ្សេងៗ។
ការធ្វើចត្តាឡីស័កនេះ គឺធ្វើតាមសេចក្តីប្រកាសរួម និងវិធានការផ្សេងៗដែលដាក់ចេញដោយក្រសួងសុខាភិបាល។ វាជាការទទួលខុសត្រូវ និងការពារជំងឺកូវីដ ១៩ នេះដល់ប្រជាពលរដ្ឋគ្រប់រូប។
លោកបានថ្លែងថា៖ «តើយើងមើលថែពួកគាត់យ៉ាងណា? ពួកគាត់ត្រូវបំពេញនូវតម្រូវលក្ខខណ្ឌរបស់ពួកយើងដូចជាលិខិតបញ្ជាក់ពីសុខភាព។ ប្រាក់ធានានៅពេលចប់ចត្តាឡីស័កត្រូវមានលុយបង់ថ្លៃស្នាក់នៅ និងសេវាផ្សេងៗដែលមិនមានការលើកលែងឡើយ»។
លោក ស៊ិន ចាន់សេរីវត្ថា បញ្ជាក់ថា អ្នកដំណើរអាចកក់កន្លែងស្នាក់នៅតាមសណ្ឋាគារ ដែលជាដៃគូរបស់ក្រសួងសុខាភិបាលដែលអាចមានតម្លៃចន្លោះពី ៣០ ដុល្លារដល់ជាង ១០០ ដុល្លារ។ ប៉ុន្តែបើសិនជាអ្នកដំណើរមិនបានកក់មុនទេ ពួកគាត់មកដល់នឹងមានមន្ត្រីចាត់ចែងស្នាក់នៅឱ្យបំពេញបែបបទសម្រាប់ស្នាក់នៅ។
លោកថា៖ «ប្រសិនបើអ្នកនោះមានធនធានគ្រាន់បើ គេនឹងដឹកទៅកន្លែងស្នាក់នៅល្អ។ បើមិនសូវមានធនធានទេ គេនឹងដឹកទៅស្នាក់នៅកន្លែងល្មម។ ប៉ុន្តែអាស្រ័យលើកន្លែងផងដែរ បើសិនជាកន្លែងស្នាក់នៅតម្លៃល្មមនោះអស់ គេនឹងដឹកទៅកន្លែងដែលគ្រាន់បើដែរ អាស្រ័យលើស្ថានភាពជាក់ស្តែង»។
បើតាមមន្ត្រីរូបនេះសម្រាប់អ្នកដែលមិនមានធនធានដូចជានិស្សិត ឬអ្នកក្រីក្រ អាចប្រាប់គណៈកម្មការទទួលខុសត្រូវផ្នែកចត្តាឡីស័ក នោះគេអាចនឹងយកទៅដាក់នៅកន្លែងដែលមិនតម្រូវឱ្យបង់ប្រាក់។
ទាក់ទងនឹងវិធានការនានារបស់រាជរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធ លោកថ្លែងថា៖ «យើងទទួលស្គាល់ថា ការដាក់ចេញវិធានការនានា ក៏ដូចជាការបិទខ្ទប់ គឺអាស្រ័យលើហានិភ័យដែលកើតឡើងក្នុងតំបន់នោះ ឬប្រទេសនោះ។ យើងធ្លាប់ឆ្លងកាត់ការបិទខ្ទប់ពីខណ្ឌទៅខណ្ឌ ពីខេត្តទៅខេត្ត និងការបិទខ្ទប់ទូទាំងប្រទេស ដោយសារការរីករាលដាលឆ្លងគួរឱ្យបារម្ភ ដែលត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីការពារសុខភាពសាធារណៈ។ ប្រទេសណាក៏គេធ្វើដូចនេះដែរ ទៅតាមហានិភ័យដែលកើតមានឡើងតាមកម្រិតមធ្យម ខ្ពស់ និងខ្ពស់ខ្លាំង»។
លោក ស៊ិន ចាន់សេរីវត្ថា បានបន្ថែមថា ការធ្វើចត្តាឡីស័កគឺមានការផ្លាស់ប្តូរទៅតាមភាពជាក់ស្តែង ដែលពីដំបូង កម្ពុជាមិនមានការតម្រូវឱ្យធ្វើចត្តាឡីស័ករហូតដល់ ១៤ ថ្ងៃទេ គឺមានតែ ២ ថ្ងៃទេ។ ប៉ុន្តែក្រោយមានការផ្ទុះច្រើន ការធ្វើចត្តាឡីស័កតម្រូវឱ្យធ្វើ ១៤ ថ្ងៃទាំងអស់។
លោកបញ្ជាក់ថា៖ «ការសម្រេចរបស់រដ្ឋាភិបាលគឺដើម្បីទប់ស្កាត់ និងរក្សាការពារនូវសុខភាពសាធារណៈ។ អ៊ីចឹង វាជាវិធានការដែលយើងត្រូវតែគោរពទាំងអស់គ្នា។ អ្វីដែលយើងបារម្ភគឺការបិទខ្ទប់ដែលធ្វើឱ្យមានការប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋយើង»។
លោក ចាន់ សេរីវត្ថា បន្ថែមថា៖ «ដូចនេះការធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ជារឿងធម្មតាទេ ជាវិធានការដែលយើងអាចទទួលយកបានសមរម្យ និងមានភាពប្រាកដប្រជាដែលអាចជឿជាក់បានដែលធ្វើឱ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺឆ្លង។ តែយើងមិនអាចដឹងថាទៅពេលខាងមុខនឹងមានអ្វីផ្លាស់ប្តូរទៀតទេ ដោយសារអាស្រ័យលើហានិភ័យ និងចំនួននៃការឆ្លង»។
ចំណែក អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា អ្នកដែលធ្វើដំណើរមកពីប្រទេសក្រៅ ទោះបីជាជនជាតិកម្ពុជា ឬបរទេសក៏ដោយ ហើយទោះបីជាចាក់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ ចំនួន ២ ដងរួចហើយក្តី គឺនៅតែតម្រូវឱ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃផងដែរ។
លោកស្រីមានប្រសាសន៍ថា៖ «យើងមិនទាន់មានការផ្លាស់នីតិវិធីនៃការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកកម្ពុជានោះទេ។ ដូច្នេះត្រូវអនុវត្តការធ្វើតេស្ត និងធ្វើចត្តាឡីស័កដូចគេដូចឯងដែរ»៕