ព្រះសីហនុៈ ក្រុមការងារចម្រុះរដ្ឋបាលខេត្ដព្រះសីហនុ កំពុងចុះពិនិត្យទីតាំងភ្នំបាក់កងដែលជាសម្បត្ដិសាធារណៈរបស់រដ្ឋក្នុងគម្របព្រៃឈើឆ្នាំ ២០០២ ដែលរងការឈូស គាស់កាយពីក្រុមហ៊ុនឯកជន។ ការឈូសឆាយនេះអង្គការស្រាវជ្រាវជាតិកម្ពុជាអះអាងថា គ្មានច្បាប់អនុញ្ញាត និងស្នើអាជ្ញាធរខេត្ដអនុវត្ដវិធានការច្បាប់ឱ្យបានតឹងរ៉ឹងចំពោះជនល្មើស។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា(CNRO)ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នាថ្ងៃទី ២១ ខែមិថុនានេះថា សកម្មភាពឈូសគាស់កាយភ្នំយកអាចម៍ដីនេះ គឺស្ថិតនៅទីតាំងភ្នំបាក់កងដែលភ្នំនេះ ជាសម្បត្ដិសាធារណៈរបស់រដ្ឋស្ថិតក្នុងតំបន់គម្របព្រៃឈើឆ្នាំ ២០០២។
ប៉ុន្ដែត្រូវរងការឈូសឆាយយ៉ាងអនាធិបតេយ្យពីក្រុមហ៊ុនកំពង់សីលាស្ពេសល អ៊ីឃើណម៉ិក ហ្សូន ដោយបានដាក់គ្រឿងចក្រឈូសកាយភ្នំយកអាចម៍ដីទៅចាក់បំពេញទីតាំងសាងសង់ បូរីលីលី ស្ថិតនៅភូមិវាលឃុំកំពង់សីលាជាច្រើនថ្ងៃកន្លងទៅហើយ។
លោក សុខុម បញ្ជាក់ថា៖ «ករណីឈូសឆាយដីភ្នំនេះ គឺជាករណីឈូសឆាយ ដោយគ្មានច្បាប់អនុញ្ញាតនោះទេ។ ការឈូសឆាយនេះ ដើម្បីយកអាចម៍ដីទៅចាក់នៅក្នុងបរិវេណបូរីលីលី ដែលកំពុងសាងសង់ស្ថិតនៅភូមិវាល ឃុំកំពង់សីលាស្រុកកំពង់សីលា ខេត្ដព្រះសីហនុ»។
លោកបន្ថែមថា៖ «ក្នុងនាមសង្គមស៊ីវិល ខ្ញុំសូមស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរខេត្ដព្រះសីហនុ ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត និងមន្ទីរពាក់ព័ន្ធត្រូវចុះអង្កេតលើករណីនេះឱ្យបានច្បាស់លាស់ និងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់»។
បើតាមមន្ត្រីអង្គការរូបនេះ បច្ចុប្បន្ន អាជ្ញាធរខេត្ដបានចុះទៅហាមឃាត់សកម្មភាពឈូសឆាយនេះបណ្ដោះអាសន្ន ប៉ុន្ដែមិនឃើញ ការចាត់វិធានការលើបុគ្គល ឬក្រុមហ៊ុន ដែលបំផ្លាញទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋរួចទៅហើយនោះតាមផ្លូវច្បាប់ទេ។ ប៉ុន្ដែបែរជាអាជ្ញាធរមូលដ្ឋានជួយសម្របសម្រួលឱ្យក្រុមហ៊ុនឈូសឆាយភ្នំនោះស្នើសុំច្បាប់ឈូសឆាយមករដ្ឋបាលខេត្ដថែមទៀត។
លោកបញ្ជាក់ថា៖ «ចំណុចនេះហើយដែលយើងឃើញថារដ្ឋបាលស្រុកកំពង់សីលា មិនមានចំណាត់ការតាមផ្លូវច្បាប់ទៅលើបុគ្គលដែលបានឈូសឆាយទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ។ ករណីនេះអាជ្ញាធរខេត្ដមិនគួរបណ្ដោយឱ្យមានការសម្របសម្រួលមកស្នើសុំទេ គួរតែចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត»។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី ២១ ខែមិថុនានេះ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ដ ដឹកនាំដោយលោក គង់ វិតាណៈ អភិបាលរងខេត្ដព្រះសីហនុ កំពុងចុះពិនិត្យនៅលើទីតាំងដែលរងការឈូសឆាយនោះហើយ។
លោកបានថ្លែងថា៖ «ក្រុមកាងារចម្រុះខេត្ដ ដឹកនាំដោយអភិបាលរងខេត្ដចុះទៅពិនិត្យលើទីតាំងទាំងអស់នោះហើយ បច្ចុប្បន្នយើងកំពុងរងចាំរបាយការណ៍ពីក្រុមការងារចម្រុះសិន»។
លោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុ កាលពីថ្ងៃទី ១៦ ខែមិថុនា បានចេញលិខិតបង្គាប់ការ ដោយយោងទៅតាមពាក្យស្នើសុំ ចុះថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១ របស់ឈ្មោះ កែវ មុំ បានចាត់តាំងក្រុមការងារចម្រុះខេត្ដ ដែលមានលោក គង់ វិតាណៈ ជាប្រធានឱ្យចុះពិនិត្យ វាស់វែង ទីតាំងដីស្នើសុំកាយអាចម៍ដីស្ថិតនៅជាប់នឹងភ្នំបាក់កងនេះ។
យោងតាមលិខិតបង្គាប់ការ បានផ្ដល់ភារកិច្ចឱ្យក្រុមការងារចម្រុះចុះពិនិត្យវាស់វែងទីតាំងដីស្នើសុំកាយអាចម៍ដីនៅជាប់នឹងជើងភ្នំបាក់កងនេះ និងត្រូវធ្វើកំណត់ហេតុ និងរបាយការណ៍ អំពីលទ្ធផលការងារចុះពិនិត្យនេះមកដល់អភិបាលខេត្តដើម្បីពិនិត្យ និងសម្រេច។
យោងលិខិតស្នើសុំកាយអាចម៍ដីរបស់លោកស្រីកែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កំពង់សីលា ស្ពេសល អ៊ីឃើណម៉ិក ហ្សូន ស្នើមកអភិបាលខេត្ដព្រះសីហនុ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ បានស្នើសុំកាយអាចម៍ដី មួយកន្លែងមានទំហំប្រមាណ ៥០ ហិកតា ស្ថិតនៅជាប់នឹងជើងភ្នំបាក់កងនេះ។
ក្នុងលិខិតបញ្ជាក់ថា៖ «ក្រុមហ៊ុនរបស់នាងខ្ញុំបានទិញដីមួយកន្លែង ដែលមានទំហំប្រមាណជាង ៣០០ ហិកតា ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្ដព្រះសីហនុ សម្រាប់អភិវឌ្ឍន៍ធ្វើជាតំបន់សេដ្ឋកិច្ចពិសេសកំពង់សីលា និងបង្កើតជា SME Cluster ព្រមទាំងបង្កើតឱ្យមានទីតាំងទំនើបកម្មកសិកម្មដែលជាគោលបំណងរបស់រាជរដ្ឋាភិបាលផងដែរ»។
តាមលិខិតស្នើសុំដដែល អះអាងថា ដោយសារទីតាំងដីក្រុមហ៊ុនជួបបញ្ហាលិចទឹកដែលមិនអាចធ្វើការអភិវឌ្ឈន៍បានទើបក្រុមហ៊ុនសម្រេចចិត្តកាយជីកយកអាចម៍ដីក្នុងបរិវេណដីរបស់ក្រុមហ៊ុនប៉ុន្តែគ្រាន់តែជីកបានត្រឹមតែ ២ ម៉ែត្រក៏ចេញទឹកមិនអាចជីកជ្រៅបាន។
ក្រោយមកក៏បានស្ដារព្រែកកំពង់សីលា តែព្រែកនេះជាប់ជាតំបន់ការពារអណ្ដើកហ្លួងទៀត។ដោយសារឧបសគ្គ និងការរាំងស្ទះ ទើបក្រុមហ៊ុនស្វែងរកឃើញទីតាំងជើងភ្នំបាក់កង ដែលមានចម្ងាយប្រមាណ ៣-៤ គីឡូម៉ែត្រ ដែលក្រុមហ៊ុនអាចជីកយកអាចម៍ដីមកចាក់បំពេញតំបន់អភិវឌ្ឍន៍ខាងលើនេះ៕