ភ្នំពេញៈ ខណៈ​ការបោះឆ្នោត​ឃុំ​សង្កាត់ ​កាន់តែ​ខិតជិត​មកដល់ ​ក្រសួង​មហាផ្ទៃ​បានអនុញ្ញាត​ឲ្យមាន​ការបង្កើត​គណបក្ស​ថ្មី​មួយ​ទៀត​ ដែល​មាន​ឈ្មោះ​ថា ​គណបក្ស​បេះដូង​ជាតិ​ ក្រោយពី​មាន​ការស្នើសុំ​បង្កើត​បក្ស​នេះ ​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ ​ឆ្នាំ ២០២២​ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ឆ្នាំ​២០២៣។

លិខិត​របស់​ក្រសួង​មហាផ្ទៃ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ដែល​បាន​ផ្សព្វផ្សាយ​ នាថ្ងៃទី​ ២២ ​មិថុនា ឱ្យ​ដឹង​ថា ​ដើម្បី​ទទួលបាន​សុពលភាព ​និង​អាច​ធ្វើ​សកម្មភាព​បាន​ដោយ​ស្រប​ច្បាប់​ក្នុង​ឋានៈ​ជានីតិ​បុគ្គល ​ក្នុង​រយៈ​ពេល ​១៨០​ (មួយរយ​ប៉ែតសិប)​ ថ្ងៃ ​បន្ទាប់ពី​បានបង្កើត​រួច​ហើយ ​គណបក្ស​បេះ​ដូង​ជាតិ ​ត្រូវ​រៀបចំ​បែបបទ ​និង​បំពេញ​លក្ខខណ្ឌ​ស្នើសុំ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ។

លោក​ ប៊ុន ហុន ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នា​ថ្ងៃទី​ ២២​ ខែ​មិថុនា ​ថា​ នេះ​គ្រាន់តែ​ការអនុញ្ញាត​ឱ្យ​បង្កើត​គណបក្ស​ប៉ុណ្ណោះ ​តែ​បក្ស​នេះ​នៅ​បន្ត​នីតិវិធី​ចុះបញ្ជី​ទៅ​មុខ​ទៀត។ នីតិវិធី​ក្នុង​ការបង្កើត​បាន​នូវ​គណបក្ស​នយោបាយ​ ស្ថាបនិក​គណបក្ស​ត្រូវ​ធ្វើ​ការបង្កើត​គណបក្ស​ ដោយ​មាន​ដាក់​ឈ្មោះ​គណបក្ស ​រៀបចំ​លក្ខន្តិក​ ឯកសារ​ផ្សេងៗ ​និង​សមាស​ភាព​សមាជិក​ឱ្យ​បានគ្រប់​តាម​លក្ខខណ្ឌ​នៃ​ច្បាប់​ស្តី​គណបក្ស​នយោបាយ។ បន្ទាប់​មក​គណបក្ស​នោះ​ត្រូវ​ធ្វើការ​ចុះបញ្ជី​ដើម្បី​ឱ្យ​គណបក្ស​អាច​ដំណើរ​ការ​ធ្វើ​កិច្ចការ​បាន​តាម​ច្បាប់​កំណត់។

លោក​ថ្លែងថា​៖ «ឥឡូវ​គ្រាន់ថា​ គាត់​បង្កើត​មាន​ឈ្មោះ​អ៊ីចឹង​មែន ​ប៉ុន្តែ​មិន​ទាន់​អាច​ធ្វើ​អី​បានទេ​ ត្រូវ​ចុះ​បញ្ជី​សិន»។

បើ​តាម​លោក​ ប៊ុន ហុន​ រហូត​មក​ដល់ពេល​នេះ ​គណបក្ស​នយោបាយ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​មាន​ចំនួន​ ៤៦ ហើយ​គណបក្ស​បេះដូង​ជាតិ​ដំពុង​ដំណើរការ​ចុះ​បញ្ជី។

ភ្នំពេញ​ប៉ុស្តិ៍​មិន​ទាន់អាច​ស្វែងរក​ការបញ្ជាក់​បន្ថែមពី​ លោក ​សៀម ភ្លុក​ តំណាង​ស្ថានិក​គណបក្ស​បេះដូង​ជាតិ​បានទេ ​កាល​ពី​ថ្ងៃទី​ ២២ ខែ​មិថុនា។

លោក ​គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌត្យ​សភា​កម្ពុជា ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២២ ​មិថុនា​ថា​ វា​មិន​មាន​អ្វី​ចម្លែក​នោះ​ទេសម្រាប់​ប្រទេស​កម្ពុជា ​កាល​ណា​ជិត​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ ​សង្កាត់ ​ឬ​បោះឆ្នោត​ជាតិ​ក្តី ចរន្ត​នៃ​ការ​បង្កើត​គណបក្ស​ថ្មីៗ​តែងតែ​លេច​ឡើង​ជា​រឿយៗ។

លោក​បន្តថា ​វា​ក៏ជា​ការ​បង្ហាញ​ថា ​ប្រជា​ពលរដ្ឋ​កម្ពុជាមាន​និន្នាការ​ច្រើន​ក្នុង​ជម្រើស​នយោបាយ ​ដែល​ជាការ​បង្ហាញ​ពី​សិទ្ធិ​សេរីភាព​ក្នុង​នយោបាយ ​និង​ភាព​ខុសៗ​គ្នា​ច្រើនរបស់​ប្រជាពលរដ្ឋ​ និង​អ្នក​នយោបាយ​កម្ពុជា​ ដែល​មិនសូវ​មាន​គំនិត​រួមគ្នា​ច្រើន​នាំ​ឱ្យ​មាន​ការ​បង្កើត​គណបក្ស​ច្រើន។ ពួកគេមិនទាន់​មាន​គោលការណ៍​រួម​សម្រាប់​ប្រទេស​ជាតិ​ដែល​ផ្តុំ​គ្នា​នៅ​គណ​បក្ស​ ២ ឬ ៣។

លោក​ គិន ភា ​ថ្លែងថា​៖ «កាល​ណា​គេ​មាន​គោលការណ៍​ដោយឡែក ​គេបង្កើត​គណបក្ស​ដោយឡែក។ វាជារឿង​ធម្មតា ​ហើយ​វា​ក៏​បង្ហាញ​ថា ​មាន​ការ​រីកចម្រើន​ខាង​សេរីភាព​នយោបាយ​អី​ទៅ​តាម​ហ្នឹង​ដែរ។ ក៏​ប៉ុន្តែ ​គណបក្ស​ ដែល​ច្រើន​ពេក​អ៊ីចឹង​ទៅ​ ជួន​កាល​ក៏វា​ជាជម្រើស​ច្រើន​សម្រាប់​ពលរដ្ឋ។ ប៉ុន្តែ វា​ក៏​មិនជា​មាន​កម្លាំង​ខ្លាំង​អី​ទៅប្រកួត​ប្រជែង​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​បាន​ដែរ»។

អតីត​ចៅ​សង្កា​ត់អូចា​រ ខេត្ត​បាត់​ដំបង របស់អតីត​គណបក្ស​ប្រឆាំង ​កញ្ញា​ ស៊ិន ចាន់ពៅរ៉ូហ្សិត ​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ២២​ ខែ​មិថុនា​ថា​ នរណា​ក៏ដោយ​មាន​សិទ្ធិ​បង្កើត​គណបក្ស​នយោបាយ​ព្រោះ​នេះ​ គឺជា​សិទ្ធិសេរី​ភាព។ បើ​បង្កើត​គណបក្ស​ហើយ​តែ​មិន​ធ្វើ​សកម្មភាព ​មិន​បម្រើ​ប្រជាពលរដ្ឋ​ក្រីក្រ​ មិន​ជួយ​ឈឺឆ្អាល​ជន​រងគ្រោះ​ដែល​រងគ្រោះ​ដោយ​ការ​ជិះជាន់​ការ​ធ្វើបាប ​និង​កេងប្រវ័ញ្ជ​ពី​សំណាក់​អ្នកមាន​អំណាច​នោះទេ ​ក៏​វា​មិន​មាន​ន័យនិង​មិន​មាន​តម្លៃ ​ហើយ​ក៏​មិនមាន​ពលរដ្ឋ​ណា​គាំទ្រដែរ។

កញ្ញា ​ចាន់ពៅ​រ៉ូហ្សិត ​ថ្លែងថា​៖«ផ្ទុយ​ទៅវិញ ​បើសិន​ជា​គណបក្ស​ដែល​បង្កើត​ថ្មី ​បង្កើត​មក​ហើយ​ គិតគូរ​អំពី​ផល​ប្រយោជន៍​ជាតិជា​ធំ ​គិតគូរ​អំពី​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​ គិតគូរ​អំពី​កម្មករ ​នោះ​មិន​ថា​ តែ​នាងខ្ញុំ​ទេ ​សូម្បីតែ​ពលរដ្ឋ​ក៏​គាំទ្រ​ ហើយ​លើក​ទឹក​ចិត្ត​ថែម​ទៀត​ផង»៕