សៀមរាបៈ មន្ត្រីអាជ្ញាធរទន្លេសាបបានសិក្សាស្រាវជ្រាវរកឃើញ ដើមរុក្ខជាតិ [ព្រៃលិចទឹក] ចំនួន ១៩៦ ប្រភេទនៅក្នុងតំបន់បឹងទន្លេសាប ប៉ុន្តែបានបង្ហាញពីរុក្ខជាតិ ១ ប្រភេទ គឺដើមរាំងទឹកដែលបានផ្ដល់ផលប្រយោជន៍ជាច្រើន។ នេះបើតាមលោក ហ៊ែល តូនី អគ្គលេខាធិការអាជ្ញាធរទន្លេសាបកាលពីថ្ងៃទី ២១ ខែមិថុនា។
លោក ហ៊ែល តូនី បានឱ្យដឹងថា មន្ត្រីអាជ្ញាធរទន្លេសាបបានចុះទៅសិក្សាស្រាវជ្រាវ ហើយរកឃើញដើមរុក្ខជាតិចំនួន ១៩៦ ប្រភេទ ដុះនៅក្នុងតំបន់បឹងទន្លេសាប ដើម្បីចងក្រងទុកជាឯកសារសម្រាប់អ្នកត្រូវការស្រាវជ្រាវ។
លោកបានថ្លែងថា៖ «អាជ្ញាធរទន្លេសាប គឺជាស្ថាប័នស្រាវជ្រាវ និងសម្របសម្រួលថ្នាក់ជាតិ អ៊ីចឹងយើងត្រូវតែស្រាវជ្រាវថា តើក្នុងហ្នឹងមានដើមព្រៃលិចទឹកចំនួនប៉ុន្មាន យើងត្រូវស្រាវជ្រាវឱ្យច្បាស់ ហើយចងក្រងទុកជាឯកសារ»។
បើតាមលោក ហ៊ែល តូនី កាលពីថ្ងៃទី ២០ ខែមិថុនា អាជ្ញាធរទន្លេសាប ទើបបានបញ្ចេញព័ត៌មានបឋមអំពីដើមរុក្ខជាតិ ១ ប្រភេទមានឈ្មោះថា ដើមរាំងទឹកដោយបង្ហាញចំណុចពិសេសមួយចំនួន។
លោកថ្លែងថា៖ «យើងបានស្រាវជ្រាវ និងចងក្រងជាឯកសាររួចអស់ហើយ ប៉ុន្តែយើងមិនបានបង្ហោះផ្សាយទាំងអស់តាមបណ្តាញសង្គមនោះទេ យើងផុសតាមហ្វេសប៊ុកតែ ១ ប្រភេទហ្នឹងទេ ក្រៅពីនោះយើងបានធ្វើជាសៀវភៅសម្រាប់អ្នកត្រូវការស្រាវជ្រាវ»។
យោងតាមហ្វេសប៊ុករបស់អាជ្ញាធរទន្លេសាបកាលពីថ្ងៃទី ២០ ខែមិថុនា បង្ហាញថា រាំងទឹក ជាប្រភេទព្រៃលិចទឹកដែលមានឈ្មោះវិទ្យាសាស្ត្រ (Scientific Name) Barringtonia acutangula (L.) Gaertn. ស្ថិតក្នុងលំដាប់ (Order) Ericales និងនៅក្នុងគ្រួសារ (Family) Lecythidaceae។
ហ្វេសប៊ុកដដែលបានសរសេរថា «លក្ខណៈជីវសាស្ត្រ រាំងទឹកមានកម្ពស់ចាប់ពី ៥ ទៅ ២៥ ម៉ែត្រ ដុះរាយប៉ាយនៅជុំវិញបឹងទន្លេសាប និងសម្បូរច្រើនដុះក្រាស់ស្តុកគឺនៅតំបន់កំពង់ភ្លុក និងកំពង់ឃ្លាំងនៃខេត្តសៀមរាប។ ដើមរាំងទឹក លិចទឹកកម្ពស់ចាប់ពី ៦ ទៅ ៨ ម៉ែត្រនៅរដូវវស្សា។ ជាប្រភេទរុក្ខជាតិបន្តពូជតាមរយៈគ្រាប់ និងការដុះឡើងវិញក្នុងទម្រង់ជាខ្នែង»។
ចំពោះអត្ថប្រយោជន៍វិញ អាជ្ញាធរទន្លេសាបបង្ហាញថា ដើមរាំងទឹកមានប្រយោជន៍យ៉ាងច្រើន សម្រាប់ផ្តល់ជាទីជម្រកដល់ពពួកសត្វផ្សេងៗ ពិសេសសម្រាប់ឱ្យត្រីពងកូន រីកលូតលាស់ធំធាត់ផ្តល់ជាចំណីអាហារ និងជាជម្រកដ៏ល្អរបស់សត្វស្លាបទឹក។
ហ្វេសប៊ុកអាជ្ញាធរទន្លេសាបសរសេរថា «ស្លឹកខ្ចីរបស់រាំងទឹកអាចបរិភោគ និងយកសម្បកវាធ្វើជាឱសថផ្សេងៗ ដូចជា ព្យាបាលជំងឺគ្រុនចាញ់ ជំងឺរាក និងជំងឺស្វាយ ជាដើម។ ផ្លែវាអាចយកទៅលីងកិនល្អិតៗ សម្រាប់លាបធ្មេញ និងអញ្ចាញធ្មេញ ដើម្បីការពារមិនឱ្យរាក់ស៊ីធ្មេញ ចំណែកដើមរាំងទឹក គេតែងយកទៅធ្វើជាត្បាល់កិន និងធ្វើជាអុស និងធ្យូង»។
លោក សុខ ប្លង់ មេឃុំកំពង់ភ្លុកថ្លែងកាលពីថ្ងៃទី ២១ ខែមិថុនាថា ដើមរាំងទឹកពិតជាមានដុះច្រើននៅតំបន់កំពង់ភ្លុក ហើយអាជ្ញាធរ ក៏ដូចជាសហគមន៍-នេសាទ និងប្រជាពលរដ្ឋកំពុងបន្តថែរក្សា ព្រោះវាមានប្រយោជន៍ច្រើនសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជាតំបន់ទេសចរណ៍ស្រស់ស្អាតផងដែរ។
លោកថ្លែងថា៖ «ដើមរាំងទឹកវាមានអំណោយផលល្អដល់ផ្នែកទេសចរណ៍ធម្មជាតិសម្រាប់អ្នកភូមិកំពង់ភ្លុកអុំទូកដឹកភ្ញៀវទេសចរកម្សាន្តមើលទេសភាពក្រោមព្រៃដើមរាំងទឹកទាំងនោះ និងជាប្រភពចំណូលមួយផ្នែកពីការនេសាទផងដែរ។
ប៉ុន្តែមួយរយៈពេលចុងក្រោយនេះដោយសារតែបញ្ហាជំងឺកូវីដ ១៩ តំបន់កំពង់ភ្លុកបានប្រែក្លាយទៅជាស្ងប់ស្ងាត់បន្តិច ព្រោះមិនសូវមានភ្ញៀវទេសចរមកលេងកម្សាន្ត»៕