
លោក ស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំតាមវីដេអូជាមួយភាគីចិន កាលពីថ្ងៃ ២២ មិថុនា ។ រូបថត ក្រសួងសាធារណការនិងដឹកជញ្ជូន
ភ្នំពេញៈ ទេសរដ្ឋមន្ត្រីលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនស្នើភាគីចិនជួយបណ្តុះបណ្តាលដល់វិស្វករកម្ពុជាក្នុងការកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ខណៈកម្ពុជាមានការរីកចម្រើន ប៉ុន្តែខ្វះធនធានមនុស្សក្នុងវិស័យនេះ។
សំណើនេះត្រូវបានធ្វើឡើងក្នុងជំនួបទ្វេភាគីតាមវីដេអូពីចម្ងាយរវាងលោក ស៊ុន ចាន់ថុល និងលោក Li Xiaopeng រដ្ឋមន្ត្រីដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី ២២ ខែមិថុនា ។
អង្គប្រជុំនេះបានពិភាក្សាលើការចូលរួមសន្និសីទស្តីពីការដឹកជញ្ជូនប្រកបដោយចីរភាពជាសកលនៃអង្គការសហប្រជាជាតិលើកទី២ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៦ ខែ តុលា ឆ្នាំ ២០២១ នៅទីក្រុងប៉េកាំង ប្រទេសចិន និងបានពិភាក្សាពីការកសាងសមត្ថភាពផ្នែកវិស្វករ ផ្លូវថ្នល់ និងស្ពានផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានស្នើភាគីចិនជួយបណ្តុះបណ្តាលផ្នែកធនធានមនុស្សដល់វិស័យវិស្វករកម្ពុជាស្របពេលដែលប្រទសកម្ពុជា មានការអភិវឌ្ឍស្ទើរគ្រប់វិស័យ ប៉ុន្តែនៅខ្វះធនធានមនុស្សផ្នែកវិស្វកកម្ម។
លោកថា៖ «យើងស្នើសុំការគាំទ្រនិងជំនួយជាមុខជំនាញជាច្រើនពីខាងមិត្តចិនជាពិសេសផ្តល់សាស្ត្រាចារ្យ និងអ្នកបច្ចេកទេសតាមរយៈអនុស្សរណៈកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនវិស្វករកម្ពុជាឱ្យចេះកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា កំពង់ផែ ផ្លូវរថភ្លើង និងផ្លូវក្រោមដីជាដើម»។
លោកបន្តថា តាមរយៈកិច្ចប្រជុំនេះ ភាគីចិនឱ្យដឹងថា មានវិទ្យាស្ថានបច្ចេកទេស និងសាកលវិទ្យាល័យ មួយចំនួននៅប្រទេសចិន មានបំណងចង់សហការជាមួយវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើឱ្យប្រសើរឡើងដល់ការកសាងសមត្ថភាពវិស្វករបច្ចេកទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងសាធារណការ លោក វ៉ា ស៊ឹមសុរិយា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៣ មិថុនាថា កម្ពុជាមានវិស្វករច្រើនគួរសម ប៉ុន្តែមិនទាន់ឆ្លើយតបតម្រូវការរីកចម្រើននៅកម្ពុជានោះទេ។
លោកថា៖ «តាមពិតយើងមានវិស្វករច្រើនប៉ុន្តែវិស្វករយើងគាត់ចាស់អស់ហើយចំណែកវិស្វករក្មេងៗយើងមានច្រើនខាងសំណង់ស៊ីវិល ប៉ុន្តែវិស្វករខាងស្ពានថ្នល់កំពង់ផែមិនសូវមានទេ។និយាយរួមយើងនៅខ្វះច្រើនទៀត បើយើងធ្វើគម្រោងច្រើន យើងខ្វះកាន់តែច្រើន»។
លោកឱ្យដឹងដែរថា ជាទូទៅនៅក្រោមក្រសួងសាធារណការនិងដឹកជញ្ជូនចិន គឺមានវិទ្យាស្ថានបណ្តុះបណ្តាលច្រើនដែលអាចជួយបណ្តុះបណ្តាលផ្នែកវិស្វករដល់កម្ពុជា។
លោកថា៖ «អ៊ីចឹងយើងអាចសហការជាមួយវិទ្យាស្ថានឬសាកលវិទ្យាល័យរបស់ចិនដើម្បី ធ្វើ MOU បញ្ជូនគ្រូចិនមកបង្រៀននៅខ្មែរ ឬបញ្ជូននិស្សិតខ្មែរ ឬគ្រូយើងទៅរៀនពីគេនេះ គឺជាសំណូមពររបស់យើងឱ្យជួយបណ្តុះបណ្តាល»។
លោក សុរិយា បានបញ្ជាក់ថា មូលហេតុដែលកម្ពុជាខ្វះធនធានមនុស្សផ្នែកវិស្វករផ្លូវថ្នល់ស្ពានថ្នល់…នេះ ដោយសារសាកលវិទ្យាល័យនៅកម្ពុជាភាគច្រើនមិនបានផ្តោតសំខាន់លើជំនាញនេះ។
លោកថា៖ «នៅកម្ពុជាមិនសូវមានសាលាបណ្តុះបណ្តាលផ្នែកវិស្វករនេះទេមានតែសាលាតិចណូ (វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា) បណ្តុះបណ្តាលផ្នែកសំណង់ស៊ីវិល អ៊ីចឹងខុសគ្នាចំណែកសាលាបណ្តុះបណ្តាលផ្នែកផ្លូវ ថ្នល់ ស្ពាន យើងអត់មាន»។
យ៉ាងនេះក្តី លោកថា វិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូនដែលទើបតែបង្កើតក្នុងឆ្នាំ ២០២១ នេះ នឹងជាផ្នែកមួយជួយបណ្តុះបណ្តាលធនធានមនុស្សផ្នែកវិស្វករផ្លូវ ស្ពាន និងថ្នល់ នៅកម្ពុជា។
ស្ថាបនិកនិងជាប្រធានកិត្តិយសនៃសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន លោក អ៊ុំ វុទ្ធទី បានថ្លែងថា រដ្ឋាភិបាលគួរពិរណាដល់និស្សិតខ្មែរដែលបញ្ចប់ការសិក្សាផ្នែកវិស្វករបញ្ចូលក្នុងក្របខ័ណ្ឌរដ្ឋពិសេស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។
លោកថា៖ «រដ្ឋាភិបាលឬក្រសួងសាមី គួរផ្តល់ឱកាសឱ្យគាត់បម្រើការងាររដ្ឋក្នុងក្របខ័ណ្ឌពិសេសព្រោះពួកគាត់រៀនជំនាញវិស្វករចប់ហើយអ៊ីចឹងសូមលើកចិត្តដល់រដ្ឋាភិបាលផ្តល់ឱកាសនិងលើកទឹកចិត្តដល់ពួកគាត់ (និស្សិត) ដើម្បីឱ្យគាត់យកចំណេះជំនាញមកអភិវឌ្ឍក្នុងក្រសួងសា្ថប័នព្រោះគាត់ច្បាស់ទាំងភាសា និងច្បាស់ទាំងបច្ចេកទេសទៀត»។
លោក វុទ្ធទី ឱ្យដឹងដែរថា បច្ចុប្បន្ននិស្សិតដែលសិក្សានៅប្រទេសចិន ទាំងសិក្សាតាមអនឡាញ និងសិក្សាផ្ទាល់ក្តីនៅចិនមានជាង ២ ពាន់នាក់។ ក្នុងនោះមាននិស្សិតជំនាញវិស្វករជាង ៥០០ នាក់ ដែលភាគច្រើនរៀនខាងសំណង់ស៊ីវិល ហើយក្រៅពីនោះរៀនវិស្វករមេកានិច វិស្វកររ៉ែ ប្រេងកាត វិស្វករស្ពានថ្នល់ និងវិស្វករផ្លូវដែក។
លោកថា៖ «និស្សិតដែលបញ្ចប់ការសិក្សាក្នុងចំណោម ៥០០ នាក់ មានថ្នាក់បរិញ្ញាបត្រនិងថ្នាក់អនុបណ្ឌិតហើយនិស្សិតដែលបញ្ចប់ការសិក្សាផ្នែកនេះក្នុង ១ ឆ្នាំៗ មានចន្លោះពី ៣០ ទៅ ៥០ នាក់»។
ទាក់ទងនឹងធនធានមនុស្សផ្នែកវិស្វករនេះដែរ កម្ពុជាបានបង្កើតវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២១ និងបានបើកបវេសនកាលសិក្សាកាលថ្ងៃទី ១៩ ខែមីនាឆ្នាំនេះ ដោយមាននិស្សិតជំនាន់ទី១ ចំនួន ១៩១ នាក់ ក្នុងនោះនិស្សិតអាហារូបករណ៍ ១០០ ភាគរយ មានចំនួន ៣៩ នាក់ និងនិស្សិតអាហារូបករណ៍ ៥០ ភាគរយ ចំនួន ៥៥ នាក់៕