ភ្នំពេញៈ ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសលោក ដូមីនិក រ៉ាអាប់ (Dominic Raab) បញ្ជាក់ជំហរជួយកម្ពុជាក្នុងការអភិរក្សធនធានធម្មជាតិ ហើយប្រទេសទាំង ២ ក៏ប្តេជ្ញាបន្ត ពង្រីកនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំង ២ ខណៈអង់គ្លេសក៏រង់ចាំធ្វើការជិតស្និទ្ធជាមួយគ្នានៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។
ការបញ្ជាក់ជំហរបែបនេះធ្វើឡើងក្នុងជំនួបរវាងលោក សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន និងលោក រ៉ាអាប់ នៅថ្ងៃទី ២៣ មិថុនា នៅទីស្តីការក្រសួងបរិស្ថាន ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជា ដើម្បីជំរុញចំណងមិត្តភាពរវាងប្រទេសទាំង ២។ ក្នុងដំណើរទស្សនកិច្ចនេះ លោក រ៉ាអាប់ ក៏ជួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសផងដែរ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៣ មិថុនា ថាក្នុងជំនួបរវាងរដ្ឋមន្ត្រីទាំង ២ លោក រ៉ាអាប់ បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ក្នុងនាមជាមិត្តភក្តិ និងដៃគូ។
លោក ភក្ត្រា ថ្លែងថា៖ «[ភាគីទាំង ២] បានលើកឡើងពីវិស័យបរិស្ថានដូចជាការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំ COP26 [សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២១] និងកិច្ចការអាទិភាពនានាដែលប្រទេសទាំង ២ នឹងធ្វើរួមគ្នា។ ការអភិរក្សធនធានធម្មជាតិជីវចម្រុះ។ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃឆ្លងដែន និងការប្រើប្រាស់ថាមពលកកើតឡើងវិញជាដើម»។
បើតាមលោក ភក្ត្រា លោក Dominic Raab បានថ្លែងថាកិច្ចសហប្រតិបត្តិការមិត្តភាព និងភាពជាដៃគូជាមួយកម្ពុជាគឺល្អ ដោយលោកបានអបអរសាទរចំពោះដំណើរការអភិវឌ្ឍដែលកម្ពុជាសម្រេចបាន។ លោកលើកឡើងថា តើចក្រភពអង់គ្លេសអាចនឹងជួយអ្វីកម្ពុជាបន្ថែមទៀត ដើម្បីធ្វើឱ្យកម្ពុជាកាន់តែបន្តរីកចម្រើនទៅមុខ។
ចក្រភពអង់គ្លេសបានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅកម្ពុជារហូតមកទល់ពេលនេះមានរយៈពេល ៣០ ឆ្នាំហើយ។
លោក ភក្ត្រា បញ្ជាក់ថា លោក រ៉ាអាប់ បានសង្កត់ធ្ងន់ពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំង ២ និងក៏បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនដែលកម្ពុជាសម្រេចបាន។ ការមកទស្សនកិច្ចកម្ពុជានៅពេលនេះ គឺក្នុងនាមជាមិត្តភក្តិ និងជាដៃគូ និងដើម្បីស្វែងយល់ពីតម្រូវការរបស់ប្រទេសកម្ពុជា និងជួយប្រទេសកម្ពុជា ដើម្បីឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែម។
លោក សាយ សំអាល់ បានប្រាប់ លោក រ៉ាអាប់ អំពីកិច្ចការដែលក្រសួងបរិស្ថានសម្រេចបានក្នុងកិច្ចការពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិផងដែរ។
លោក នេត្រ ភក្ត្រា ថ្លែងថា៖ «ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានជម្រាបជូនរដ្ឋមន្ត្រីអង់គ្លេសថា អ្វីដែលចក្រភពអង់គ្លេសអាចជួយកម្ពុជាបានក្នុងវិស័យបរិស្ថាន គឺការបណ្តុះបណ្តាលមនុស្សក្នុងកិច្ចការបរិស្ថាន និងធនធានធម្មជាតិ បង្កើនភាពជាដៃគូផ្នែកពាណិជ្ជកម្ម និងទិញផលិតផលពីប្រទេសកម្ពុជា»។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី ២៣ មិថុនាថា ក្នុងជំនួបទ្វេភាគីនៅថ្ងៃដដែលនេះ រដ្ឋមន្ត្រីទាំង ២ បានពិភាក្សាអំពីការធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២ របស់កម្ពុជា ក៏ដូចជារិះរកមធ្យោបាយដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងអាស៊ាន និងចក្រភពអង់គ្លេស។ ភាគីទាំង ២ ក៏បានឯកភាពបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធទាំងនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិផងដែរ។
លោកសរសេរថា៖ «យើងបានចែករំលែកនូវគោលបំណងរួមក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅលើវិស័យមួយចំនួនសម្រាប់ផលប្រយោជន៍ទៅវិញទៅមក»។
ក្រោយជួបលោក ប្រាក់ សុខុន លោក រ៉ាអាប់ សរសេរលើ Twitter របស់លោកថា៖ «រីករាយដែលបានជួបជាមួយឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ដើម្បីពិភាក្សាអំពីអាទិភាពរួមរបស់យើងដូចជា ពាណិជ្ជកម្មសិទ្ធិមនុស្ស និងមីយ៉ាន់ម៉ា»។
ស្ថានទូតអង់គ្លេសបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃដដែលថា ថ្ងៃនេះ នៅប្រទេសកម្ពុជា រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab មានសេចក្តីរីករាយ ដែលបានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងចក្រភពអង់គ្លេស និងឥណ្ឌូប៉ាស៊ីហ្វិកជុំវិញអាទិភាពរួមដែលរួមមានពាណិជ្ជកម្មភាពប្រសើរឡើងវិញពីស្ថានភាពកូវីដ សិទ្ធិមនុស្ស និងអំពីប្រទេសមីយ៉ាន់ម៉ា។
ស្ថានទូតបញ្ជាក់ថា៖ «ចក្រភពអង់គ្លេសទន្ទឹងរង់ចាំក្នុងការធ្វើការយ៉ាងជិតដិតជាមួយកម្ពុជានាពេលខាងមុខក្នុងអំឡុងពេលប្រទេសកម្ពុជាជាប្រធានកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ ២០២២»។
ស្ថានទូតអង់គ្លេសបានសរសេរថា លោក Dominic Raab បានជួបជាមួយលោក សាយ សំអាល់ ដើម្បីពិភាក្សាពីមហិច្ឆតាអាកាសធាតុរបស់ប្រទេសកម្ពុជា មុនការឈានមកដល់នៃកិច្ចប្រជុំកំពូលនៃការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាតិ (COP26) និងអាទិភាពរួម ដូចជាធ្វើការឆ្ពោះទៅកាន់ការកំណត់ការបំភាយឧស្ម័នត្រឹមសូន្យ (NetZero)។ ការដាំដើមឈើឡើងវិញក៏ដូចជាជីវចម្រុះ និងពាណិជ្ជកម្មសត្វព្រៃខុសច្បាប់។
ស្ថានទូតសរសេរថា៖ «រដ្ឋមន្ត្រីការបរទេសក៏បានសង្កត់ធ្ងន់លើទំនាក់ទំនងដ៏ស៊ីជម្រៅរវាងប្រទេសទាំង ២ ដែលមានរយៈពេល ៣០ ឆ្នាំចាប់តាំងពីចក្រភពអង់គ្លេសបានបើកស្ថានទូតនៅកម្ពុជាឡើងវិញ។ លោកមានសេចក្តីសោមនស្សរីករាយជាមួយនឹងការរីកចម្រើនដែលប្រទេសកម្ពុជាទទួលបានពីការរីកលូតលាស់លើអាជីវកម្មរបស់ខ្លួនរួមទាំងស្តង់ដានៃការអប់រំ និង ការថែរក្សាសុខភាព»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៣ មិថុនាថា តួនាទីកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំក្រោយមានសារៈសំខាន់ណាស់សម្រាប់តំណាងឱ្យអាស៊ាន។ របៀបវារៈទាំងឡាយដែលអាចនឹងត្រូវបានដាក់ចេញ គឺស្ថិតនៅក្រោមគំនិតផ្តួចផ្តើមរបស់កម្ពុជា។ មួយវិញទៀត អង់គ្លេសត្រូវស្នើសុំនូវដៃគូសន្ទនាពេញលេញរបស់អាស៊ាន ហើយត្រូវដាក់បញ្ចូលនៅក្នុងរបៀបវារៈឆ្នាំក្រោយដើម្បីអនុម័ត។
លោកថ្លែងថា៖ «អ៊ីចឹងទេច្បាស់ហើយថា ការគាំទ្រពីកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ដើម្បីដាក់បញ្ចូលការស្នើសុំរបស់អង់គ្លេសនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំហ្នឹង គឺជារឿងមួយដែលមានសារៈសំខាន់ ពីព្រោះអង់គ្លេសគាត់ចង់ឱ្យបានជាដៃគូស្មើមុខស្មើមាត់ដូចគ្នានឹងជប៉ុន ដូចគ្នានឹងកូរ៉េខាងត្បូង ដូចគ្នានឹងចិន ក៏ដូចជាសហរដ្ឋអាមេរិក ដែលគេមានជាដៃគូសន្ទនាអាស៊ានបូក។ អ៊ីចឹងគាត់ចង់បានឋានៈហ្នឹងដែរ»។
លោក គិន ភា បានថ្លែងថា ប្រទេសមហាអំណាចទាំងអស់ ភាគច្រើនចង់បានឋានៈរបស់ខ្លួនមួយជាមួយអាស៊ាន ដើម្បីឱ្យមានតុល្យភាពដែលអាចជាការប្រជែងឥទ្ធិពលគ្នារវាងប្រទេសមហាអំណាចទាំងអស់ក្នុងអាស៊ាន៕