ព្រះវិហារៈ ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ស្រែទ័ព ស្ថិតនៅ​តំបន់​អភិរក្ស​សត្វព្រៃ​ព្រះរកា​ជិត ៣០០ ​គ្រួសារ​នៅ​បន្ត​ប្រកបមុខរបរ​ប្រពៃណី​ពី​ដូនតា ដួស​ជ័រទឹក​ ឬ​ជ័រ​ច្បោះ​ ដើម្បី​បង្កើន​ជីវភាព​ក្នុង​គ្រួសារ ដែល​ក្នុង​ ១ ​ខែៗ របរ​នេះ​អាច​ផ្ដល់​កម្រៃ​ប្រមាណ ៤៥០ ​ដុល្លារ​ ដល់​ពលរដ្ឋ​ក្នុង​ ១ ​គ្រួសារ​។

ចំណែក​ក្រសួង​បរិស្ថាន​បានចាត់ទុក សហគមន៍​ដែល​ស្ថិតនៅ​តាម​តំបន់​ការពារ​ធម្មជាតិ គឺមាន​តួនាទី​ និង​ការទទួល​ខុសត្រូវ​ក្នុង​ការចូលរួម​អភិរក្ស​ធនធាន​ធម្មជាតិ​ និង​អាច​ទទួលផល​ និង​អនុផល​ព្រៃឈើ​សម្រាប់​បង្កើន​ចំណូល​ជីវភាព​គ្រួសារ​។

លោក នង ដេង អាយុ ៦៣ ​ឆ្នាំ​ប្រធាន​សហគមន៍​ស្រែទ័ព​នៃ​តំបន់​អភិរក្ស​សត្វព្រៃ​ព្រះរកា​ស្ថិតនៅ​ភូមិ​ក្រឡាពាស ឃុំ​ព្រីងធំ ស្រុក​ជាំក្សាន្ត ខេត្ត​​ព្រះវិហារ​បានឱ្យ​ដឹងថា​បច្ចុប្បន្ន​គ្រួសារ​របស់​លោក​បាន​ចូលរួម​ជួយ​អភិរក្ស​ធនធាន​ធម្មជាតិ និង​ព្រៃឈើ​ជាមួយ​មន្ដ្រី​ឧទ្យានុរក្ស ហើយ​តាមរយៈ​សកម្មភាព​នេះ មន្ដ្រី​បរិស្ថាន​បាន​អនុញ្ញាត​ឱ្យ​ក្រុមគ្រួសារ​លោក​បន្ត​ប្រកបរបរ​ដួស​ជ័រទឹក​នៅក្នុង​ទីតាំង​តំបន់​អភិរក្ស​សត្វព្រៃ​ព្រះរកា​នេះ​តាំងពី​ឆ្នាំ​ ១៩៩៩ រហូតមក ដោយ​សព្វថ្ងៃ​លោក​ទទួល​បាន​ផល​ពី​ដើម​ច្បោះ​ចំនួន ១០០៨ ​ដើម ដោយបាន​ថែរក្សា​ជាច្រើន​ឆ្នាំ​កន្លងមកហើយ​។

លោក​បាន​ឱ្យ​ដឹងថា នៅ​សហគមន៍​ស្រែទ័ព ពលរដ្ឋ​រស់នៅ​ជាង​ ៣០០ ​គ្រួសារ​ក្នុង​នោះ​ពលរដ្ឋ​នៅ​បន្ត​ប្រកបមុខរបរ​ដួសជ័រ​ច្បោះ​ដែល​ជា​មុខរបរ​ពី​ដូនតា​។ នៅ​សហគមន៍​ស្រែទ័ព​មាន​ទំហំ​ដីព្រៃ​អភិរក្ស​ប្រមាណ ៣ ៤៩០ ​ហិកតា ដែល​ជា​តំបន់​ផ្ដល់​អនុផល​ជ័រច្បោះ​ដល់​ប្រជាពលរដ្ឋ​។

លោក ដេង ប្រាប់ថា​៖ «​ដើម​ច្បោះ​ ១ ​ដើម​យើង​អាច​យក​ជ័រ​ក្នុង​ ១ ​ខែ​ ៣ ​ដង​។ យើង​អាច​ដួសជ័រ​បាន​គ្រប់​ខួប​ពោល​គឺ​អាច​ទាញ​យក​ជ័រ​បាន​ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​តែម្តង​»​។

លោក​បន្តថា ដើម​ច្បោះ​ ១ ​ដើម​ក្នុង​ ១ ​ថ្ងៃ​អាច​ផ្តល់​ជ័រ​ ២ ​ទៅ​ ៣ ​លីត្រ​។ ចំពោះ​ដើម​ច្បោះ​ដែល​ផ្តល់​ជ័រ​បាន​តិច​បំផុត​គឺ​ស្ថិត​អំឡុង​ខែ​ ៣ ​និង​ខែ​ ៤ ​ដែល​ជា​ខែ​ក្តៅ​បំផុត​ពេលនោះ​ជ័រ​មិន​សូវ​ចេញ​ទេ​។ ប៉ុន្ដែ​នៅពេល​ឈានចូល​ដល់​ខែ​ ៥ ជ័រ​ច្បោះ​នឹង​ផ្តល់​ជ័រ​ច្រើន​វិញ​ហើយ​។

លោក ដេង ថ្លែងថា​សព្វថ្ងៃ​ពលរដ្ឋ​អាច​ប្រមូល​អនុផល​ពី​ជ័រច្បោះ​ក្នុង​ ១ ​ដើម​បាន​ផល​ពី ៣ ​ទៅ ៤ ​កាន​ក្នុង ១ ​ខែ ដែល​ក្នុង​ ១ ​កាន​ចំណុះ ៣០ ​លីត្រ ពលរដ្ឋ​ត្រូវ​ចំណាយពេល​ប្រហែល ២ យប់ ៣ ​ថ្ងៃ​ក្នុង​ការចូល​ព្រៃ​ដើម្បី​ប្រមូលផល ហើយ​ទើប​យក​ជ័រទឹក​ទៅ​លក់​ឱ្យ​ឈ្នួញ​កណ្តាល​ក្នុង​ ១ ​កាន​អាច​លក់បាន​ក្នុង​តម្លៃ​ជាង ៨ ​ម៉ឺន​រៀល​។

លោក​បានឱ្យដឹងថា ដើម្បី​ដួស​ជ័រ​ច្បោះ​ពី​ដើមឈើ​ដូចជា​ដើមឈើ​ទាល ដើម​ផ្ចឹក​ និង​ដើម​ត្រាច គឺ​ត្រូវ​ចោះ​រណ្ដៅ​ដើមឈើ​យកមុខ​ទំហំ​ប្រមាណ​ ៦០ ​សង់ទីម៉ែត្រ ហើយ​ដុត​ភ្លើង​ត្រង់​កន្លែង​ចោះ​នោះ ដើម្បី​ឱ្យ​ចេញ​ជ័រទឹក​បាន​ល្អ ហើយ​ទុក​មួយ​រយៈពេល​ទើប​ដួស​យក​​ជ័រ​ច្បោះ​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​នៅក្នុង​ពេល​ធ្វើដំណើរ​ទៅ​ជួប​ប្រជាសហគមន៍​ដើម្បី​ស្រាវជ្រាវ និង​ស្វែងយល់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាសហគមន៍​ និង​ស្ថានភាព​បរិស្ថាន​នៅ​តំបន់​ដែនជម្រក​សត្វព្រៃ​នេះ​កាលពី​ថ្ងៃទី​ ៩ ខែ​មិថុនា ​បានឱ្យ​ដឹងថា បច្ចុប្បន្ននេះ​ក្រសួង​បរិស្ថាន អង្គការ​ដៃគូ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​រួម​គ្នា​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ និង​ចូលរួម​បង្កើត​មុខរបរ​ជូន​ប្រជាពលរដ្ឋ​សហគមន៍ អភិរក្ស​បេតិកភណ្ឌ វប្បធម៌ ប្រពៃណី ទាំង​ផ្នែក​រូបី និង​អរូបី​ឱ្យ​បាន​គង់វង្ស​តាមរយៈ​គោលនយោបាយ​បង្កើត​តំបន់​ទេសចរណ៍ធម្មជាតិ បង្កើន​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន​។

លោក​បាន​ថ្លែងថា នៅក្នុង​តំបន់​សហគមន៍​ការពារ​ធម្មជាតិ​ខេត្តព្រះវិហារ​មាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ៤១ ​សហគមន៍​ក្នុង​ចំណោម​សហគមន៍​ទាំងនេះ​គឺ​តែងតែ​មាន​ប្រជាពលរដ្ឋ​ប្រកបរបរ​ដួស​ជ័រទឹក ព្រោះ​មុខរបរ​ដួសជ័រ​ជា​មុខរបរ​ផ្តល់ប្រាក់​ចំណូល​បន្ថែម​មួយ​ដល់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។

ក្រសួង​បរិស្ថាន និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) បាន​ធ្វើការ​រួមគ្នា ដើម្បី​ពង្រឹង​លើ​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ អភិរក្ស​នូវ​មុខរបរ​ប្រជាសហគមន៍​ជា​លក្ខណៈ​ប្រពៃណី​ដូចជា​របរ​ដួស​ជ័រទឹក និង​ការផ្តល់​ជម្រើស​មុខរបរ​ថ្មីៗ បន្ថែមទៀត​ដល់​សហគមន៍​ផងដែរ​។

លោក​ថ្លែងថា​៖ «​ជា​ទិសដៅ​ក្រសួង​មិន​ត្រឹមតែ​ការពារ​ធនធាន​ធម្មជាតិ ដែល​មាន​ព្រៃឈើ សត្វព្រៃ​ទេ តែ​យើង​បាន​ចូលរួម អភិរក្ស​នូវ​ប្រពៃណី​ទំនៀមទម្លាប់​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍​របស់គាត់​ផងដែរ​»​។

លោក​ថា​៖ «​នៅពេល​ពលរដ្ឋ​ថែរក្សា​ធនធាន​ធម្មជាតិ ព្រៃឈើ​បាន​គង់វង្ស ពួកគាត់​មិន​ត្រឹមតែ​ទទួលបាន​ផល​ពី​ជ័រ​ច្បោះ​ទេ​ ប៉ុន្តែ​អាច​ដក​ផលប្រយោជន៍​ពី​អនុផល​ព្រៃឈើ​ផ្សេងៗ​ជាច្រើន​ទៀត​ដូចជា បន្លែ​ផ្លែឈើ និង​ទឹកឃ្មុំ​ជាដើម​»៕

វីដេអូ៖