សៀមរាប/កំពតៈ ពលរដ្ឋជាង ៣០០ គ្រួសារ ក្នុងខេត្តចំនួន ៤ រួមមាន សៀមរាប តាកែវ កំពត និងកែប ទទួលបានការភ្ជាប់ទឹកស្អាតសម្រាប់ប្រើប្រាស់ ដោយឥតគិតថ្លៃតាមរយៈកម្មវិធីទទួលខុសត្រូវសង្គមហៅកាត់ថា CSR របស់ក្រុមហ៊ុន សោម៉ា គ្រុប ក្នុងការជួយដល់ពលរដ្ឋដែលគ្មានលទ្ធភាពភ្ជាប់ទឹកស្អាត ដើម្បីប្រើប្រាស់។
សោម៉ា គ្រុប គឺជាក្រុមហ៊ុនក្នុងស្រុកមួយដែលបានចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់នៅក្រសួងពាណិជ្ជកម្មកម្ពុជា និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាង ១០ បាននិងកំពុងធ្វើអាជីវកម្មនៅកម្ពុជាដោយគ្របដណ្តប់លើវិស័យសំខាន់ៗ និងបានផ្ដល់ការងារឱ្យកម្មករនិយោជិតជាង ២ ៥០០ នាក់។
ជាមួយនឹងការងារអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុននេះបានរួមចំណែកក្នុងការងារទទួលខុសត្រូវសង្គម ដោយបានបង្កើតឱ្យមានគណៈកម្មាធិការមួយ ដើម្បីធ្វើកិច្ចការសង្គមនានាដែលមានឈ្មោះថា Soma Initiative ឬហៅម្យ៉ាងទៀតថា CSR Program (Cooperate Social Responsibilities) ដោយមានកម្មវិធីសំខាន់ៗចំនួន ៣ ដើម្បីរួមចំណែកក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិមានដូចជា ការអប់រំ បរិស្ថាន និងសុខភាពអនាម័យ។
លោក ជឹង ទូច អគ្គលេខាធិការ/ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ Soma Initiative នៃក្រុមហ៊ុន សោម៉ា គ្រុបបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២២ មិថុនាថា កាលពីខែសីហា ឆ្នាំ ២០២០ កន្លងទៅ Soma Initiative ទទួលបានថវិកាចំនួនជិត ៣ ម៉ឺនដុល្លារពីសប្បុរសជននានារួមទាំងក្រុមហ៊ុនដៃគូផង សម្រាប់ជួយចេញថ្លៃសេវាភ្ជាប់ទឹកស្អាតជូនពលរដ្ឋជាង ៣០០ គ្រួសារនៅតាមខេត្តនានាក្នុងប្រទេសកម្ពុជា។
លោកបានបន្តថា៖ «គិតមកត្រឹមពេលនេះ Soma initiative បានរៀបចំភ្ជាប់ទឹកស្អាតជូនពលរដ្ឋចំនួន ៣២៥ គ្រួសាររួចហើយ ដែលមាន ខេត្តតាកែវ ចំនួន ១០០ គ្រួសារ ខេត្តសៀមរាបចំនួន ១២៥ គ្រួសារ ខេត្តកំពតចំនួន ៥០ គ្រួសារ និងខេត្តកែបចំនួន ៥០ គ្រួសារ ក្រោមការចរចាសហការជាមួយបណ្ដាសហគ្រាសផលិតទឹកស្អាតនៅតាមមូលដ្ឋានដែលពលរដ្ឋទាំងនោះរស់នៅ»។
លោក ជឹង ទូច បានអះអាងថា ក្រៅពីការភ្ជាប់ទឹកស្អាត ដែលមានបណ្ដាញទឹកស្អាតទៅដល់ Soma initiative ក៏បានផ្ដល់ទឹកស្អាតដល់ពលរដ្ឋនៅជនបទដែលមិនមានបណ្ដាញទឹកស្អាតទៅដល់តាមរយៈការផ្ដល់ជាអណ្ដូងស្នប់ចំនួន ៣ ជូនពលរដ្ឋជិត ៦០ គ្រួសារនៅភូមិជីមៀត ឃុំណងឃីលីក និងអ្នកភូមិណងបួរ ឃុំណងតាពាម ស្រុកកោះញែក ខេត្តមណ្ឌលគិរីផងដែរ។
លោកថា៖ «បន្ទាប់ពីគម្រោងទឹកស្អាតនេះទៅយើងកំពុងសិក្សាបង្កើតជាសហគមន៍មួយនៅខេត្តសៀមរាប ដើម្បីបង្កើតជាសហគ្រាសឧស្សាហកម្មធុនតូចមួយ សម្រាប់សហគមន៍។ យើងជួយពួកគាត់ បង្កើតជាមុខរបរប្រពៃណី ធ្វើប្រហុក ធ្វើផ្អកក្នុងសហគមន៍របស់គាត់អាចរកស៊ីក្នុងសហគមន៍ដោយមិនចាំបាច់ធ្វើចំណាកស្រុក និងកាត់បន្ថយភាពក្រីក្រ»។
អ្នកស្រី នួន សារ៉េត អាយុ ៦៤ ឆ្នាំជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែបដែលទទួលបានការភ្ជាប់ទឹកស្អាតពីគម្រោងនេះថ្លែងថា ភូមិអ្នកស្រីមានសេវាទឹកស្អាតចូលដល់យូរមកហើយ។
ប៉ុន្តែដោយសារខ្វះលទ្ធភាពក្នុងការផ្តល់តម្លៃភ្ជាប់សេវាទឹកស្អាត ទើបគ្រួសារអ្នកស្រីបន្តទិញទឹកតាមរថយន្តមកប្រើដោយក្នុង ១ សប្ដាហ៍ត្រូវចំណាយជាង ២៥ ០០០ រៀល ហើយពេលខ្លះត្រូវរែកទឹកពីប្រភពជិតផ្ទះមកប្រើក៏មាន។
អ្នកស្រីបន្តថា៖ «ពេលតទឹកស្អាតដល់ផ្ទះខ្ញុំអ៊ីចឹង ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំអរណាស់ បានក្រុមហ៊ុនមកដាក់ទឹកឱ្យខ្ញុំ ព្រោះប្តីប្រពន្ធខ្ញុំចាស់ៗអស់ហើយ នៅជាមួយចៅ មិនមានលុយតទឹកចូលទេ។ ពេលបានតឱ្យដោយមិនអស់លុយ ប្តីខ្ញុំមិនហត់ទៅរែកទឹកនៅឆ្ងាយ ហើយយើងក៏មិនអស់លុយក្នុងការទិញទឹកគេទៀតដែរ»។
លោក អឹម ចាន់សៅធន អភិបាលរងស្រុកទឹកឈូ ដែលជាស្រុកមួយទទួលបានការភ្ជាប់សេវាទឹកស្អាតដល់ពលរដ្ឋបាន ៥០ គ្រួសារបានថ្លែងថា ពលរដ្ឋដែលទទួលបានការជួយគាំទ្រនេះគឺជាគ្រួសារដែលគ្មានលទ្ធភាពភ្ជាប់បណ្តាញទឹកស្អាតចូលតាមផ្ទះរបស់ពួកគាត់។ លោកថា ប្រសិនបើមានក្រុមហ៊ុនឯកជនកាន់តែច្រើន បង្កើតកម្មវិធីបែបនេះនឹងអាចចូលរួមជួយពលរដ្ឋឱ្យទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្នាបន្ថែមពីលើផែនការរបស់រដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីជំរុញឱ្យពលរដ្ឋគ្រប់តំបន់ មានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា។
លោកបានបញ្ជាក់ថា៖ «ខ្ញុំគាំទ្រឱ្យមានកម្មវិធីបែបនេះបន្តទៀត សុំឱ្យក្រុមហ៊ុនផ្សេងៗយកកម្មវិធីនេះជាគំរូ សម្រាប់ធ្វើការជួយដល់មូលដ្ឋាន និងកៀរគរគ្រប់វិស័យ ដើម្បីចូលរួមដល់ពលរដ្ឋក្នុងកិច្ចការងារអភិវឌ្ឍន៍ ព្រោះមិនមែនរង់ចាំតែរដ្ឋាភិបាលទេ។ វិស័យឯកជនត្រូវចូលរួមទាំងអស់គ្នា»៕