ភ្នំពេញៈ យោងតាមកិច្ចពិភាក្សាតុមូល ស្តីពី «លទ្ធផលស្ទង់មតិលើការចូលរួមរបស់សកម្មជននយោបាយស្ត្រីក្នុងវិស័យនយោបាយនៅកម្ពុជា» ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១ ដែលរៀបចំដោយ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា (Comfrel) បានឱ្យដឹងថាស្ត្រី ៨៥,៥០ ភាគរយ នៅតែចាប់អារម្មណ៍រឿងនយោបាយ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២៣ បើទោះបីជាស្ត្រីបានប្រឈមជាមួយ អំពើហិង្សានយោបាយ ផលប៉ះពាល់នៃជំងឺកូវីដ ១៩។
លោក ប៉ា ច័ន្ធរឿន នាយកវិទ្យាស្ថានប្រជាធិប្បតេយ្យបានឱ្យដឹងថា លទ្ធផលនេះ បានសិក្សាទៅលើស្ត្រី មកពីគណបក្សនយោបាយ សកម្មជនគណៈបក្សនយោបាយ សមាជិកក្រុមប្រឹក្សា និងសកម្មជនអតិតគណបក្សសង្គ្រោះជាតិ ប្រមាណ ១០០ នាក់ នៅក្នុងខេត្តចំនួន ៣ គឺខេត្តកំពង់ឆ្នាំង ភ្នំពេញ និងបាត់បាត់ដំបង។
លោក ប៉ា ច័ន្ធរឿន ថ្លែងថា៖ «សកម្មជនគណបក្សនយោបាយជាស្ត្រី នៅតែមិនទាន់មានលើកទឹកចិត្តស្ត្រី ក្នុងការទទួលបានតួនាទីខ្ពស់នៅក្នុងគណបក្សនយោបាយ និងទទួលរងនូវការរំលោភបំពានទាំងផ្លូវចិត្ត ផ្លូវកាយ ផ្លូវភេទ និងសេដ្ឋកិច្ច»។
អង្គការខុមហ្វ្រែលបានធ្វើការសិក្សា ស្តីពី «ការចូលរួមរបស់សកម្មជននយោបាយស្ត្រីក្នុងវិស័យនយោបាយនៅកម្ពុជា ដោយសហការជាមួយក្រុមទីប្រឹក្សាឯករាជ្យកម្ពុជាដើម្បីស្ទង់មតិក្នុងគោលបំណងចង់ដឹងថាតើស្ត្រីទាំងមានឆន្ទៈក្នុងការចូលរួមក្នុងកិច្ចការនយោបាយ ការបោះឆ្នាត ឬក៏ យ៉ាងណា ក្នុងរយៈពេល ២ ឆ្នាំ ទៅ ៣ ឆ្នាំខាងមុខ ជាពិសេស ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ ២០២៣៕