ទីក្រុងវៀងចន្ទៈ ប្រទេសអូស្ត្រាលី អាល្លឺម៉ង់ និងស្វីស បានសន្យាផ្តល់មូលនិធិប្រមាណ ១៣ លានដុល្លារអាមេរិក ឲ្យគណៈកម្មការទន្លេមេគង្គ (MRC) ដើម្បីគាំទ្រប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ឆ្លើយតបទៅនឹងបញ្ហាប្រឈមជាបន្ទាន់នានា ទន្ទឹមនឹងរក្សាគាំពារដល់មុខងារអេកូឡូស៊ីនៃទន្លេមេគង្គ និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ នេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ MRC នៅថ្ងៃទី ២៤ ខែមិថុនា។
សេចក្តីប្រកាសព័ត៌មាននេះ បញ្ជាក់ថា ការចូលរួមវិភាគទាន របស់ប្រទេសទាំងនេះ ប្រព្រឹត្តទៅតាមរលកថ្មីមួយ នៃមូលនិធិដៃគូអភិវឌ្ឍន៍ដល់ MRC ក្នុងពេលគណៈកម្មការនេះ ចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំ (២០២១-២០២៥) របស់ខ្លួន នៅក្រោមទិសដៅថ្មីមួយ សំដៅយកឈ្នះលើការគំរាមកំហែងជាច្រើន ដែលអាងទន្លេនេះកំពុងជួបប្រទះ។
លោក អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC នៅក្នុងពិធីចុះហត្ថលេខាមួយ នាអំឡុងកិច្ចប្រជុំដៃគូអភិវឌ្ឍន៍ក្រៅផ្លូវការ នៅថ្ងៃទី ២៤ មិថុនា នៅទីក្រុងវៀងចន្ទ បានឱ្យដឹងថា ការគាំទ្រនេះ មកទាន់ពេលវេលា និងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ MRC ក្នុងការអនុវត្តសកម្មភាពនានា ដែលធ្វើឲ្យមានតុល្យភាព លើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច ការធ្វើឱ្យសង្គមប្រសើរឡើង និងការគាំពារដល់បរិស្ថាន។
លោក អាន ពេជ្រហត្ថដា បន្តថា នៅក្រោមផែនការយុទ្ធសាស្ត្រថ្មីនេះ MRC នឹងធានាថា រាល់ផែនការថ្នាក់ជាតិថ្មីៗសម្រាប់បង្កើតថាមពលបានថ្លឹងថ្លែង រាល់ជម្រើសជាច្រើន នៃប្រភពបង្កើតថាមពលនានា រួមទាំងជម្រើសថាមពល-ស្បៀង-ទឹក ក៏ដូចជាការប្រើប្រាស់បន្ថែមនៃថាមពលដោយពន្លឺព្រះអាទិត្យ និងខ្យល់។ វានឹងជួយលើកកម្ពស់ភាពចម្រុះ ពពិធភាព សមភាព និងបរិយាប័ន្នយេនឌ័រក្នុងវិស័យទឹក។
បើតាម លោក អាន ពេជ្រហត្ថដា MRC នឹងសិក្សាស្វែងរកនូវមធ្យោបាយ សម្រាប់ជួយសម្រួលប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធទឹក សម្រាប់អាងទន្លេទាំងមូល ដើម្បីបង្កើនផលប្រយោជន៍ឲ្យដល់កម្រិតអតិបរមា និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានផ្នែកបរិស្ថានលើទន្លេមេគង្គ និងប្រជាជន។
ស្ថាប័ននេះ ក៏នឹងបន្តជំរុញកិច្ចសន្ទនាថ្នាក់តំបន់ ក្នុងចំណោមប្រទេសតាមអាងទន្លេ និងធ្វើឲ្យការចូលរួមចំណែកជាមួយនឹងប្រទេសចិន កាន់តែស៊ីជម្រៅ ក៏ដូចជា ជាមួយនឹងដៃគូផ្សេងៗទៀត តាមរយៈកិច្ចសហប្រតិបត្តិការអាស៊ាន និងមេគង្គ-ឡានឆាង សម្រាប់ជាប្រយោជន៍ដល់សមាជិកទាំងអស់។
លោក Paul Kelly ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសឡាវ បានឱ្យដឹងថា វិភាគទានថ្មីពីប្រទេសអូស្ត្រាលី មានតម្លៃជាថវិកា ៣,៨ លានដុល្លារអាមេរិក។ លោកសង្ឃឹមថា ជំនួយមូលនិធិទាំងនេះ នឹងជួយបង្កើនលទ្ធភាពដល់ MRC និងប្រទេសជាសមាជិកឲ្យប្រើប្រាស់ធនធានទឹក និងធនធានពាក់ព័ន្ធនៃទន្លេមេគង្គប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដើម្បីជាចំណែកមួយ ជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញពីការរាតត្បាតជាសាកល ការកសាងភាពធន់ផ្នែកបរិស្ថាន និងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់។
លោក Paul Kelly បន្ថែមទៀតថា ប្រទេសអូស្ត្រាលី ក៏កំពុងនឹងផ្តល់នូវការគាំទ្របច្ចេកទេសដល់ MRC លើវិស័យសំខាន់ៗជាច្រើនផងដែរ រួមទាំងដល់មជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត និងការកែលម្អនូវប្រព័ន្ធទិន្នន័យ និងព័ត៌មានរបស់ស្ថាប័ននេះ។
ទន្ទឹមនឹងពេលនេះ លោក Jens Lütkenherm ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំប្រទេសឡាវ បានសន្យាផ្តល់វិភាគទាន នូវទឹកប្រាក់ ៣ លានអឺរ៉ូ ស្មើនឹងប្រមាណ ៣,៥៥ លានដុល្លារអាមេរិក ក្នុងការគាំទ្រដល់ផែនការថ្មីនេះ។
លោក Jens Lütkenherm ថ្លែងថា មូលនិធិនេះ នឹងត្រូវបានបែងចែកផ្តល់ជូនក្នុងរយៈពេល ៣ ឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ ២០២២ នូវទឹកប្រាក់ ១,២ លានដុល្លារអាមេរិក នឹងត្រូវបានដាក់បញ្ចូលទៅក្នុងយន្តការមូលនិធិស្នូលរបស់ MRC ហើយថវិកាដែលនៅសេសសល់ នឹងត្រូវផ្តល់ឲ្យទៅតាមកម្មវិធីកិច្ចសហប្រតិបត្តិការ MRC–GIZ សម្រាប់ជាជំនួយផ្នែកបច្ចេកទេស។
លោក Jens Lütkenherm ថ្លែងថា៖ «យើងជឿជាក់ថា មូលនិធិនេះ នឹងជួយ MRC ឲ្យបង្កើតនូវបណ្តាញស្នូលសម្រាប់កិច្ចការតាមដានទន្លេក្នុងតំបន់ទន្លេមេគង្គ ហើយជាលទ្ធផល វារួមចំណែកដល់ការសម្រេចចិត្តដោយផ្អែកលើព័ត៌មាន សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក និងជួយបង្កើនសមត្ថភាព MRC ក្នុងការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតឲ្យកាន់តែមានប្រសិទ្ធភាព។
លោក Jean-François Cuénod នាយកប្រចាំតំបន់នៃទីភ្នាក់ងារស្វីសសម្រាប់អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ បានសន្យាផ្តល់ថវិកា ៥,៣ លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ ឆ្នាំ ដើម្បីគាំទ្រដល់ការអនុវត្តនៃផែនការយុទ្ធសាស្ត្រថ្មីនេះ។
លោក Jean-François Cuénod ថ្លែងថា៖ «យើងអបអរសាទរចំពោះ MRC ក្នុងការដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្ត្រចក្ខុវិស័យថ្មីៗ ដែលចាំបាច់សម្រាប់អាងទន្លេមេគង្គ។ យើងនឹងរួមសហការជាមួយនឹង MRC ប្រទេសជាសមាជិក និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការផ្លាស់ប្តូរតំបន់នេះ ឆ្ពោះទៅកាន់មាគ៌ាមួយដែលកាន់តែមានចីរភាព និងភាពធន់ ដោយធានាថា គ្មាននរណាម្នាក់នឹងត្រូវបោះបង់ចោលនោះទេ»។
លោក Jean-François Cuénod បានបន្ថែមទៀតថា ប្រទេសស្វីស បានគាំទ្រ MRC ចាប់តាំងពីឆ្នាំ ១៩៩៥ មក និងជឿជាក់ថាស្ថាប័ននេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការទឹកប្រចាំតំបន់ទន្លេមេគង្គ។
ផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំ របស់ MRC គឺជាឧបករណ៍ដ៏ចាំបាច់មួយ សម្រាប់ឲ្យគណៈកម្មការអនុវត្តយុទ្ធ សាស្ត្រអភិវឌ្ឍន៍អាងថ្មីមួយ ដែលមានរយៈពេល ១០ ឆ្នាំ ដែលតំណាងឲ្យរបត់ដ៏សំខាន់មួយ សម្រាប់អាងទន្លេមេគង្គ។ រួមគ្នា វាផ្តល់លទ្ធភាពឲ្យប្រទេសតាមអាងទន្លេមេគង្គ ដោះស្រាយបញ្ហាប្រឈម ដែលកំពុងមជួបប្រទះ និងកើតឡើងថ្មីៗ ទន្ទឹមនឹងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរួមនៃអាងទន្លេ ក្នុងទសវត្សន៍ខាងមុខ។
គណៈកម្មការទន្លេមេគង្គ គឺជាស្ថាប័នអន្តររដ្ឋាភិបាល ដែលមានតួនាទីជំរុញលើកកម្ពស់កិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់នៅក្នុងតំបន់អាងទន្លេមេគង្គខ្សែទឹកខាងក្រោម ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ផ្អែកទៅតាមកិច្ចព្រមព្រៀងទន្លេមេគង្គ រវាងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។
ស្ថាប័ននេះ បំពេញតួនាទីជាវេទិកាថ្នាក់តំបន់ សម្រាប់ការទូតទឹក ក៏ដូចជាជាមជ្ឈមណ្ឌលប្រមូលផ្តុំចំណេះដឹងអំពីការគ្រប់គ្រងធនធានទឹក ដើម្បីអភិវឌ្ឍន៍តំបន់នេះប្រកបដោយចីរភាព៕