ភ្នំពេញៈ កម្ពុជា និងអង់គ្លេសប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីទាញយកផលប្រយោជន៍ពីវិស័យផ្សេងៗនៃប្រទេសទាំង ២។
ការប្រកាសបែបនេះធ្វើឡើងក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី ២៣ ខែមិថុនា រវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ដូមីនិក រ៉ាអាប់ រដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេសដែលលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំង ២។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី ២៣ ខែមិថុនា បញ្ជក់ថា៖ «រដ្ឋមន្ត្រីការបរទេសទាំង ២ បានឯកភាពគ្នាលើសារៈសំខាន់នៃកិច្ចសន្ទនាអំពីបញ្ហាពាណិជ្ជកម្ម និងបានចែករំលែកនូវគោលបំណងរួមក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅលើវិស័យមួយចំនួនសម្រាប់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម អប់រំ ការបោសសម្អាតមីន សុខាភិបាល និងបរិស្ថាន»។
នៅក្នុងជំនួបទ្វេភាគីលោក ប្រាក់ សុខុន បានប្រាប់លោក រ៉ាអាប់ អំពីបញ្ហានយោបាយសន្តិសុខ និងការអភិវឌ្ឍសង្គមនាពេលថ្មីៗនៅក្នុងប្រទេសកម្ពុជាហើយលោកបានអរគុណដល់អង់គ្លេសដែលបានបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់ប្រទេសកម្ពុជា និងសម្រាប់ជំនួយលើវិស័យអប់រំការបោសសម្អាតមីន និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)។
រដ្ឋមន្ដ្រីការបរទេសទាំង ២ បានឯកភាពលើភាពចាំបាច់ក្នុងការផ្សព្វផ្សាយអំពីឱកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តដល់វិនិយោគិនចក្រភពអង់គ្លេសច្រើនថែមទៀតឱ្យធ្វើការជ្រើសរើសយកប្រទេសកម្ពុជាជាគោលដៅវិនិយោគដោយគិតពិចារណាទៅលើសក្តានុពលរបស់កម្ពុជាដែលបានផលពីសារពើពន្ធ និងការលើកទឹកចិត្តផ្សេងៗ ក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ។ ភាគីទាំង ២ បានគិតគូរពិចារណាបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការសម្របសម្រួលពាណិជ្ជកម្ម។
កម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ដែលផ្តោតជាសំខាន់ទៅលើការលើកកម្ពស់មជ្ឍភាព និងឯកភាពអាស៊ាន ការពន្លឿនការស្តារឡើងវិញ ក្រោយផលប៉ះពាល់នៃជំងឺកូវីដ ១៩ និងការពង្រឹងសុខុមាលភាពសាធារណៈ។
លោក ប្រាក់ សុខុន បានកោតសរសើរចំពោះចំណាប់អារម្មណ៍របស់អង់គ្លេសក្នុងការសុំបង្កើតភាពជាដៃគូសន្ទនាជាមួយអាស៊ាន ហើយបានបញ្ជាក់អំពីការគាំទ្ររបស់កម្ពុជាចំពោះសំណើសុំរបស់អង់គ្លេស ដោយសារអង់គ្លេសតែងតែមានទំនាក់ទំនងយ៉ាងសកម្មជាមួយអាស៊ាន។
លោកកោតសរសើរចំពោះការចូលរួមវិភាគទានរបស់អង់គ្លេសចំនួន ១ លានផោនដល់មូលនិធិអាស៊ាន សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ ១៩។ លោកបានអំពាវនាវដល់អង់គ្លេសឱ្យគាំទ្របន្ថែមទៀតដល់គំនិតផ្តួចផ្តើមផ្សេងៗទៀតរបស់អាស៊ាន ដើម្បីដោះស្រាយជំងឺរាតត្បាត។
រដ្ឋមន្ត្រីទាំង ២ ក៏បានផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នារួមមានសេចក្តីព្រាងក្រមប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង កិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់ការវិលត្រឡប់ទៅរកប្រក្រតីភាពរបស់ប្រទេសមីយ៉ាន់ម៉ា និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុដោយផ្តោតទៅលើការប្រើប្រាស់ថាមពលកកើតឡើងវិញ និងមិនប៉ះពាល់ដល់ប្រព័ន្ធអេកូ និងបច្ចេកវិទ្យានានាដែលដើរតួនាទីដ៏សំខាន់។
លោក ប្រាក់ សុខុន បានប្រកាសថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៦ (COP26) នៅទីក្រុង Glasgow ប្រទេសអង់គ្លេស។ រដ្ឋមន្ត្រីទាំង ២ បានឯកភាពបន្តធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធឡើងទាំងនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។
លោក រ៉ាអាប់ បានអះអាងជាថ្មីនូវការគាំទ្ររបស់អង់គ្លេសសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលនឹងរៀបចំដោយកម្ពុជានៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកាខាងមុខនេះ។ លោក រ៉ាអាប់ គឺជារដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេសដំបូងគេបង្អស់ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៥៣ មក។
ក្រសួងការបរទេសអង់គ្លេសបានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ២៣ ខែមិថុនាថា នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅកម្ពុជារបស់លោក រ៉ាអាប់។ «ឆ្នាំនេះមានរយៈពេល ៣០ ឆ្នាំចាប់តាំងពីចក្រភពអង់គ្លេសបានបើកស្ថានទូតរបស់យើងនៅប្រទេសកម្ពុជាឡើងវិញហើយខ្ញុំមានការភ្ញាក់ផ្អើលចំពោះការរីកចម្រើនរបស់ប្រទេសនេះពីការរីកចម្រើនពីពាណិជ្ជកម្មរបស់ខ្លួនទៅរកស្តង់ដាអប់រំ និងសុខាភិបាល»។
លោក រ៉ាអាប់ បានថ្លែងថា៖ «ខ្ញុំទន្ទឹងរង់ចាំកសាងមូលដ្ឋានគ្រឹះទាំងនេះ នៅពេលដែលប្រទេសកម្ពុជាកាន់តួនាទីសំខាន់ជាប្រធានអាស៊ាននៅឆ្នាំក្រោយ»។
លោក ឈាង វណ្ណារិទ្ធិ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៤ ខែមិថុនាថា ក្រោយពីចាកចេញពីសហភាពអឺរ៉ុបមកប្រទេសអង់គ្លេសបានស្វះស្វែងរកដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាយុទ្ធសាស្ត្រនៅគ្រប់ទិសទីហើយតំបន់អាស៊ាន ឬក៏អាស៊ីអាគ្នេយ៍គឺជាគោលដៅមួយសំខាន់សម្រាប់អង់គ្លេស ហើយទំនាក់ទំនងអង់គ្លេសជាមួយកម្ពុជាមានទាំងទ្វេភាគីផង និងពហុភាគីផងដែលជាទំនាក់ទំនងអាស៊ាន និងអង់គ្លេសដែលប្រទេសនេះចង់ក្លាយជាដៃគូសន្ទនារបស់អាស៊ានដែរ។
លោកថ្លែងថា៖ «ដោយសារអង់គ្លេសគាត់ចេញពីសហភាពអឺរ៉ុប គាត់ចង់កសាងដៃគូសន្ទនាជាមួយយើងដែរហើយជាមួយអាស៊ាន។ អ៊ីចឹងកម្ពុជាយើងដែលឆ្នាំក្រោយជាប្រធានអាស៊ានហ្នឹងគឺមានតួនាទីសំខាន់ដែរ ដើម្បីជំរុញទំនាក់ទំនងអាស៊ានជាមួយអង់គ្លេស»៕