
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិ ភស្តុភារកម្ម កាលពីព្រឹកមិញ។ រូបថត MPWT
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញឲ្យភាគីពាក់ព័ន្ធចូលរួមផ្តល់ធាតុចូលសំខាន់ៗបន្ថែមទៀត សម្រាប់ដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្ម ដោយធ្វើយ៉ាងណាឱ្យសេចក្តីព្រាងនេះ មានភាពគ្រប់ជ្រុងជ្រោយ មុននឹងយកទៅពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច។
ការណែនាំឲ្យបញ្ចូលធាតុចូលរបស់រដ្ឋមន្ត្រីរូបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិ ភ័ស្តុភារកម្ម (គ.ជ.ភ) កាលពីថ្ងៃទី ២៥ មិថុនា ដើម្បីពិនិត្យសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មនេះ។
ទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ចូន បានឲ្យដឹងថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយសរុបប្រមាណ ៧២ រូប។
ថ្លែងក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្តល់ធាតុចូលសំខាន់ៗបន្ថែមទៀត ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មឱ្យមានភាពគ្រប់ជ្រុងជ្រោយ។
លោកបន្តថា នៅពេលទទួលបានធាតុចូលគ្រប់ជ្រុងជ្រោយហើយនោះ ក្រសួងនឹងស្នើសុំកម្មវិធីជួបពិភាក្សាជាមួយលោក អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាប្រធានក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មកម្ពុជា ដើម្បីពិនិត្យលើខ្លឹមសារនៃសេចក្តីព្រាងនេះ សម្រេចជាចុងក្រោយ។
ជាមួយគ្នានេះ លោកក៏ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធពិនិត្យបញ្ចូលគម្រោងសាងសង់តភ្ជាប់ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ និងគម្រោងសាងសង់ផ្លូវមួយចំនួនរួមមានគម្រោងសាងសង់ផ្លូវបាត់ដំបង-សៀមរាប គម្រោងសាងសង់ផ្លូវលេខ ៥៧ គម្រោងសាងសង់ផ្លូវលេខ ៥០ សេ ទៅក្នុងសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងបានណែនាំឱ្យក្រុមការងារពិនិត្យ និងរៀបចំផែនការសាងសង់ផ្លូវ ៥ ឆ្នាំរំកិល ដើម្បីយកមកបញ្ចូលក្នុងសេចក្តីព្រាងផែនការមេនេះផងដែរ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់អនុសាសន៍ ក៏ដូចជាធាតុចូលសំខាន់ៗសម្រាប់ការរៀបចំសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មនេះ»។
សេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្ម រៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន (JICA) ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៨ និងទទួលបានការអនុម័តឱ្យប្រើប្រាស់កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២០ ដោយក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ចូន៕