ភ្នំពេញៈ សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ បានចុះដកហូតយកសត្វតោឈ្មោលរស់មួយក្បាល ដែលមានអាយុជាង ១ ឆ្នាំ ពីជនជាតិចិន ហើយបានបញ្ជូនទៅរក្សាទុកនៅសួនសត្វព្រៃភ្នំតាម៉ៅ បន្ទាប់ពីជនជាតិចិនទាំងនោះ បានលួចចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ពួកគេ។
ប្រតិបត្តិការចុះដកហូតសត្វតោមួយក្បាលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២១ នៅក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅផ្ទះលេខ ២២ ផ្លូវ ៣០៦ ភូមិ ៧ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង ដោយមានកិច្ចសហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន។
លោក គាំ សីហា នាយករងខណ្ឌទទួលបន្ទុករួមខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៧ មិថុនាថា ដោយសារទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋជិតខាង អំពីការចិញ្ចឹមសត្វតោនៅក្នុងផ្ទះវីឡានេះ ទើបសមត្ថកិច្ច សហការជាមួយអាជ្ញារមូលដ្ឋាន ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចុះដកហូតយកសត្វតោឈ្មោលមួយក្បាលនោះ ដើម្បីបញ្ជូនទៅថែរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ។
លោកបានបន្ថែមថា ទន្ទឹមនឹងការដកហូតនេះ សមត្ថកិច្ច ក៏កំពុងបន្តការសាកសួរជនជាតិចិន និងអ្នកពាក់ព័ន្ធផ្សេងទៀត ជុំវិញព័ត៌មាននៃសត្វតោមួយក្បាលនេះ និងការលួចចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ពួកគេ។
លោក បានបញ្ជាក់ថា៖«នៅក្នុងនីតិវិធី យើងកំពុងធ្វើការ ដូច្នេះចំពោះលទ្ធផលយ៉ាងម៉ិច ចាំយើងប្រកាសជាក្រោយទៀត ព្រោះយើងក៏កំពុងសួរនាំព័ត៌មានពីពួកគាត់ (ជនជាតិចិន) បន្តទៀត។ ព័ត៌មានបឋម យើងកំពុងបន្តស្រាវជ្រាវពីប្រភពសត្វតោនេះ ដោយយើងមិនទាន់ដឹងគាត់ បានសត្វតោនេះ មកពីណាទេ គ្រាន់តែ យើងដឹងថា ក្នុងមួយថ្ងៃ វាបរិភោគសាច់ឆៅប្រមាណ៦គីឡូក្រាម»។
បើតាមលោក គាំ សីហា ប្រជាពលរដ្ឋ គឺមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃដែលជាប្រភេទសត្វកម្រ ដែលផ្ទុយពីមាត្រា ៤៩ នៃច្បាប់ស្តីពីព្រៃឈើនោះទេ ខណៈកថាខ័ណ្ឌ២ ត្រង់ចំណុច៣ បានចែងថា ការយកធ្វើជាកម្មសិទ្ធិសន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់។
លោក ញឹក រតនពេជ្រ ប្រធានមជ្ឈមណ្ឋលសួនសត្វភ្នំតាម៉ៅ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សត្វតោឈ្មោលមួយក្បាលនេះ ត្រូវបានបញ្ចូនមកដល់ភ្នំតាម៉ៅហើយ ដោយតាមការពិនិត្យជំហានដំបូង សត្វតោឈ្មោលនេះ គឺមានទម្ងន់ប្រមាណ ៧០ គីឡូក្រាម និងមានអាយុប្រមាណ ១ ឆ្នាំ កន្លះ។ ជាមួយនឹងការមកដល់នៃសត្វតោនេះ លោកបញ្ជាក់ថា មន្ត្រីបានរៀបចំកន្លែងមួយដាច់ដោយឡែកសម្រាប់រក្សាទុកសត្វនេះ ជាបណ្តោះអាសន្នសិន ដើម្បីបម្រើឲ្យការអប់រំ និងបរិស្ថាន ខណៈតាមការសិក្សាសត្វនេះ នឹងមិនអាចព្រលែងឲ្យមានសេរីភាពនៅក្នុងព្រៃធម្មជាតិបាននោះទេ។
លោកបានរៀបរាប់ថា៖ «យើងបានដាក់វា ក្នុងទ្រុងមួយ ដាច់ដោយឡែកពីគេត្រឹមត្រូវហើយ។ បើនិយាយពីប្រវត្តិសត្វតោក្នុងព្រៃយើង គឺបាត់បង់យូរហើយ។ ខ្ញុំមិនដែលទទួលបានថា សត្វប្រភេទនេះ មានក្នុងព្រៃកម្ពុជានោះទេ។ នៅពេលឃើញគេចិញ្ចឹមអ៊ីចឹង បានន័យថា តោនេះ ជាប្រភេទនាំចូល ដូច្នេះយើងប្រហែលជាមិនអាចស្តាលទ្ធភាពវា ដើម្បីព្រលែងចូលក្នុងព្រៃធម្មជាតិវិញទេ»។
បើទោះជាសត្វតោនេះ ត្រូវបានជនជាតិចិនចិញ្ចឹមតាំងពីតូចៗមកក្តី ក៏លោក ញឹក រតនពេជ្រ បានអះអាងថា ក្រុមអ្នកចិញ្ចឹមសត្វ មិនទាន់ហ៊ានចូលជិតស្និទ្ធសត្វតោនេះនោះទេ ដោយរង់ចាំការសិក្សាស្វែងយល់ពីអត្តចរិក និងបង្កើតភាពស្និតស្នាលជាមុនសិន។
លោក នេត្រ ភត្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានសម្តែងការសាទរ ចំពោះក្រុមការងារអនុវត្តច្បាប់ចម្រុះដែលបានចុះដកហូតសត្វតោមួយក្បាល ដែលជាប្រភេទសត្វកម្រត្រូវបានលួចនាំចូលពីក្រៅប្រទេសមកចិញ្ចឹម ដើម្បីយកទៅឱ្យអ្នកជំនាញថែរក្សាការពារបន្ត។
លោកបន្តថា៖«ក្រសួងបរិស្ថាន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា និងអភិរក្សសត្វព្រៃ និងកុំព្យាយាមចាប់សត្វកម្រៗមកចិញ្ចឹម នៅតាមផ្ទះដែលជាសកម្មភាពខុសច្បាប់។ គួរទុកសត្វទាំងនោះឱ្យនៅរស់នៅក្នុងព្រៃធម្មជាតិ ដើម្បីបង្កើនការបន្តពូជ បង្កើនចំនួនប្រភេទសត្វកម្រ»។
ជាមួយគ្នានេះ លោក ភត្ត្រា បានសម្តែងក្តីបារម្ភ បើទោះជាបច្ចុប្បន្ន មានការការពារ និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ បានបង្កើតជាទីជម្រកប្រកបដោយសុវត្ថិភាព និងមានចំណី និងប្រភពទឹកបានធ្វើឱ្យវត្តមានសត្វព្រៃនៅកម្ពុជាមានភាពល្អប្រសើរ ដែលនាំឲ្យប្រភេទសត្វខ្លះមានការកើនឡើងដូចជាស្វាត្រោស ជ្រូកព្រៃ ក្ងោក និងប្រភេទសត្វខ្លះមានចំនួនស្ថិរភាពក៏ដោយ ប៉ុន្តែប្រភេទសត្វខ្លះទៀតក៏បន្តមានការថយចុះដូចជាសត្វទន្សោង សត្វឈ្លូស ខ្ទីងជាដើម។
តាមលោក នេត្រ ភក្ត្រា ក្នុងរយៈពេល ១៥ខែចុងក្រោយនេះ អន្ទាក់ប្រមាណ ៧០ ០០០ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិដែលបានជួយសង្គ្រោះសត្វព្រៃជាច្រើនប្រភេទ ខណៈលោក មើលឃើញថា បញ្ហាអន្ទាក់ជាកត្តាគំរាមកំហែងផ្ទាល់លើសត្វព្រៃបន្ថែមពីលើការបរបាញ់ដោយខុសច្បាប់៕