ភ្នំពេញៈ បុរស​ជន​ជាតិ​ចិន​ដែល​ចិញ្ចឹម​សត្វ​តោ​មួយ​ក្បាល​ដោយ​ខុស​ច្បាប់​ អាច​ប្រឈម​នឹង​ការ​ពិន័យ​អន្តរ​ការណ៍​ជា​ប្រាក់​ប្រមាណ​ ​៣ ​ម៉ឺន​ដុល្លារ ​ដោយ​មន្ត្រី ​បាន​អះអាង​ថា ក្នុង​ករណី​ជនជាតិ​ចិន​នោះ ​មិន​បង់​សំណង់​ជូន​រដ្ឋ​ អាច​នឹង​ប​ញ្ចូ​ន​សំណុំ​រឿង​ទៅ​តុលា​ការ ចាត់​ការ​តាម​នីតិ​វិធី​។​

កាល​ពី​ថ្ងៃទី ​២៧​ ​ខែ​មិថុនា​ឆ្នាំ ​២០២១ ​អាជ្ញាធរ​ចម្រុះ​រាជធានី​ភ្នំពេញ​ រួម​មាន​ព្រះរាជ​អាជ្ញា​រង​ម្នាក់​ សហការ​ជាមួយ​អង្គការ​ Wildlife Alliance ​បាន​រឹបអូស​សត្វ​តោ​ចិញ្ចឹម​មួយ​ក្បាល​ នៅ​ក្នុង​ផ្ទះ​វីឡា​មួយ​កន្លែង ​ស្ថិត​នៅ​ផ្ទះ​លេខ​ ២២​ ផ្លូវ​ ៣០៦ ភូមិ​ ​៧​ សង្កាត់​បឹង​កេងកង​ ​១​ រាជ​ធានី​ភ្នំពេញ​។​​

សត្វ​តោ​នោះ​ ​ត្រូវ​បាន​ដឹង​ថា​ ជា​សត្វ​តោ​ឈ្មោល​មាន​អាយុ ១៨​ ខែ ​និង​ទម្ងន់​ ៧០ គីឡូ​ក្រាម​ ​ហើយ​ក្រោយ​ការដក​ហូត ​ក្រុម​ជួយ​សង្គ្រោះ​ ​បាន​បញ្ជូន​សត្វ​តោ​នេះ​ទៅ​កាន់​មជ្ឍ​មណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តា​ម៉ៅ ​ដែល​នឹង​ក្លាយ​ទៅ​ជា​ទី​ជម្រក​មួយរ​ប​ស់វា និង​ផ្តល់​ការ​ថែ​ទាំ​ប្រកប​ដោយ​វិជ្ជា​ជីវៈ​នា​ពេល​អនា​គត​។​

លោក​ ​គាំ ​សីហា ​នាយក​រង​ខណ្ឌ​ទទួល​បន្ទុក​រួម​ខណ្ឌរ​ដ្ឋ​បាល​ព្រៃឈើ​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២៨​ ​មិថុនា​ថា ​ដោយ​សា​តែ​ការ​ស្រាវជ្រាវ​រកឃើញ​ថា ម្ចាស់​សត្វ​តោ​ជា​ជន​ជាតិ​ចិន​នេះ​ គ្រាន់​តែ​យក​សត្វ​តោ​នេះ​មក​ចិញ្ចឹម​ដោយ​គ្មាន​ច្បាប់​អនុ​ញ្ញាត​ ​ដូច្នេះ​ទោស​ទណ្ឌ​ដែល​ជនជាតិ​ចិន​នេះ ​អាច​នឹង​ទទួល​ គឺ​ប្រឈម​នឹង​ការ​ពិន័យ​ជា​អន្តរ​ការណ៍​ប៉ុណ្ណោះ ​បើ​ក្នុង​ករណី ​សមត្ថ​កិច្ច ​រកឃើញ​ថា​ ជនជាតិ​ចិន​នេះ យក​សត្វ​តោ​នេះ​ក្នុង​ចេតនា​ធ្វើ​អាជីវ​កម្ម​ នោះ​រូបគេ ​នឹង​ប្រឈម​មាន​ទោស​តាម​ច្បាប់​ស្តីពី​ការ​ជួញដូរ​សត្វព្រៃ​ ​ហើយ​អាច​នឹង​ត្រូវ​ចាប់​ខ្លួន​បញ្ចូន​ទៅ​តុលាការ​។​

លោក​ ​គាំ ​សីហា ​បាន​បញ្ជាក់​ថា​៖«​​នៅក្នុ​ង​ច្បាប់​យើង​និយាយ​ពី​ការពិន័យ ​ដើម្បី​ឲ្យ​គាត់​រួច​ផុតពី​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ ​ក្នុង​បទ​ល្មើស​ដែល​គាត់​បាន​ប្រព្រឹត្ត​។ ដូច្នេះ ​គាត់​ ត្រូវ​ទទួល​ពិន័យ​អន្តរ​ការណ៍​ជា​ប្រាក់​គុណ​នឹង​ ២ ទៅ​៣ ​ដង​នៃ​តម្លៃ​សត្វ​តោ​ដែល​គាត់​ចិញ្ចឹម​នេះ​ ហើយ​បើ​យើង​កំណត់​តម្លៃ​តោ​នេះ ​១​ម៉ឺន​ដុល្លារ​ នោះ​គាត់​អាច​ប្រឈម​នឹង​ការ​ពិន័យ​ប្រមាណ​ ​៣ ​ម៉ឺន​ដុល្លារ​»​។​

លោក ​គាំ​ ​សីហា ​បាន​អះអាង​ថា​ ​បើ​សិន​ជា​ជន​ជាតិ​ចិន​រូបនេះ ​មិន​ព្រម​បង់ប្រាក់​ពិន័យ​តាម​ការ​កំណត់​ចូល​រដ្ឋ​នោះទេ ​សមត្ថ​កិច្ច ​ក៏​នឹង​ប​ញ្ចូ​ន​សំណុំ​រឿង​នេះ​ ទៅ​អយ្យ​ការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​ពិនិត្យ​ និង​ធ្វើការ​ចោទ​ប្រកាន់​បន្ត​ផង​ដែរ​។​

តាម​សេចក្តី​ប្រ​កាស​ព័ត៌​មាន​របស់​អង្គការ​ ​Wildlife Alliance​ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃទី​ ​២៨​ មិថុនា ​បាន​ឲ្យ​ដឹងថា​ ដើម្បី​ឱ្យ​ម្ចាស់​អាច​លេង​ជាមួយ​សត្វ​តោ​នេះ​ ដោយ​គ្មាន​ហានិ​ភ័យ​ ម្ចាស់​ដែល​ជា​ជនជាតិ​ចិន​បាន​ដក​ធ្មេញ ​និង​កាត់​ក្រ​ញ៉ាំ​របស់​សត្វ​តោ​នេះ​។​ ដូច្នេះ ​អង្គការ​នេះ ​បាន​និយាយ​ថា​ ​ការ​ធ្វើ​យ៉ាង​ដូច្នេះ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ​របស់​សត្វ​តោ​នេះ ​ដូច្នេះ​ កា​រ​ប​ញ្ចូ​ន​វា ​ទៅ​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តា​ម៉ៅ ​គឺ​ជា​ជម្រើស​មួយ​ដ៏​ល្អ​បំផុត​ ព្រោះ​មាន​ការ​ថែទាំ​ប្រកប​ដោយ​វិជ្ជាជីវៈ​។​

អង្គការ​នេះ ​បាន​បញ្ជាក់​ថា​៖«​ឥឡូវ​នេះ​ ​សត្វ​តោ​នេះ ​មាន​សុវត្ថិ​ភាព ​និង​ត្រូវ​បាន​គេ​មើល​ថែ​យ៉ាង​ត្រឹម​ត្រូវ​ ​នៅ​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តា​ម៉ៅ ​ដោយ​រដ្ឋ​បាល​ព្រៃ​ឈើ​កម្ពុជា​។ ​ដូច​នេះ​ ​សត្វ​នីមួយៗ​ ​គឺ​កំពុង​ទទួល​បាន​មើល​ថែ​ពី​បុគ្គលិក​នៅ​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​។​ ​ហើយ​បុគ្គល​នៃ​មជ្ឍ​មណ្ឌល​នេះ ​នឹង​ធានា​ថា សត្វ​តោ​នេះ ​ទទួល​បាន​អ្វី​គ្រប់​យ៉ាង​ដែល​វា​ត្រូវ​ការ​»​។​

យោង​តាម​រដ្ឋបាល​ព្រៃ​ឈើ ​បាន​ឲ្យ​ដឹង​ថា​ សត្វ​តោ​មួយ​ក្បាល​នេះ​ ​ជា​ប្រភេទ​សត្វ​តោ​មក​ពី​តំបន់​អាហ្វ្រិក​ ​ដែល​វា​ចូលចិត្ត​រស់​នៅក្នុង​វាលស្មៅ​។​ សត្វ​តោ​នេះ ​ត្រូវបាន​បុរស​ជន​ជាតិ​ចិន​ ​ទិញ​មក​ចិញ្ចឹម​ក្នុង​តម្លៃ​១​ម៉ឺន​ដុល្លារ​ ក្នុង​មួយ​ក្បាល​។​

យោង​តាម​ច្បាប់​ស្តីពី​ព្រៃ​ឈើ ​មាត្រា ​៤៩​ ​ចែង​ថា​ ការ​យក​ធ្វើជា​កម្មសិទ្ធិ​ សន្និ​ធិ ​ឬ​ថែរ​ក្សា​ជា​លក្ខណៈ​សួន​សត្វ​ ឬ​គ្រួសារ​នូវ​ប្រភេទ​សត្វ​ក្នុង​ក្រុម​ជិត​ផុត​ពូជ​ ត្រូវ​បាន​ហាម​ឃាត់​ ហើយ​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្ម​ជាតិ​ មាត្រា ​៥៨ ​ការ​នាំ​ចូល ​នាំ​ចេញ​នូវ​ប្រភេទ​សត្វ ​រុក្ខ​ជាតិ​និង​ ​គ្រាប់​រុក្ខ​ជាតិ​ត្រូវ​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​៕​

វីដេអូ៖