ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាលបានបញ្ជាទិញឧបករណ៍ធ្វើតេស្តរហ័ស SD Biosensor ចំនួន ១ លានតេស្ត ដែលជាឧបករណ៍តេស្តរកជំងឺកូវីដ ១៩ ពីក្រុមហ៊ុនរបស់ប្រទេសកូរ៉េ ក្រោយមានកិច្ចសម្របសម្រួលពីស្ថានទូតកម្ពុជាប្រចាំប្រទេសនេះ ការដឹកជញ្ជូនឧបករណ៍តេស្តរហ័សនេះបានមកដល់កម្ពុជាកាលពីចុងសប្តាហ៍មុន។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៨ មិថុនាថា ជាមួយនឹងការបញ្ជាទិញនេះ រដ្ឋាភិបាលកម្ពុជាក៏បានបញ្ជូនយន្តហោះចំនួន ២ គ្រឿង ដើម្បីមកដឹកឧបករណ៍តេស្តរហ័សនេះដោយផ្ទាល់ពីប្រទេសកូរ៉េផងដែរ។
លោកបញ្ជាក់ថា៖ «ដោយសារតែឧបករណ៍ទាំងអស់នេះស្មើនឹង ២៥ តោន ស្របពេលយន្តហោះ ១ ដឹកបានតែ ១៨ តោនទើបរដ្ឋាភិបាលបញ្ជូនយន្តហោះមក ២ គ្រឿង ដើម្បីដឹកឧបករណ៍តេស្តរហ័សនេះ។ ពិតណាស់ ស្ថានទូតយើងជាអ្នកសម្របសម្រួលតាំងពីការបញ្ជាទិញជាមួយរដ្ឋាភិបាលកូរ៉េ រហូតដល់ក្រុមហ៊ុនដើម្បីទិញឧបករណ៍រហ័សនេះ។ ម្យ៉ាងស្ថានទូតកម្ពុជា ក៏បានសម្របសម្រួល ដើម្បីឱ្យរដ្ឋាភិបាលកូរ៉េ អនុញ្ញាតឱ្យយន្តហោះកម្ពុជាចុះចត ដើម្បីដឹកជញ្ចូនឧបករណ៍ទាំងនេះផងដែរ»។
លោក ឡុង ឌីម៉ង់ បានអះអាងទៀតថា រដ្ឋាភិបាលកូរ៉េក៏បានចូលរួមផ្តល់ការគាំទ្រ និងសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាច្រើន ដោយក្នុងនោះ រួមមានឧបករណ៍តេស្តរហ័ស ម៉ាស់ បរិក្ខារពេទ្យជាដើម ដើម្បីបម្រើឱ្យទាំងវិស័យឯកជន និងរដ្ឋ។
លោកបញ្ជាក់ថា៖ «ទាំងនេះ បង្ហាញថា នេះកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលរវាងប្រទេសយើងទាំង ២ ក្នុងកាលៈទេសៈជំងឺកូវីដ ១៩ ហ្នឹង ហើយពិតណាស់ ការជួយគ្នានេះគឺជាការជួយក្នុងកាលៈទេសៈជំងឺកូវីដ ១៩ ដែលជាជំងឺរាតត្បាត ដើម្បីឱ្យប្រទេសយើងទាំងអស់ឆ្លងផុតពីបញ្ហាទាំងអស់គ្នា ឈានទៅរកការធ្វើការវិនិយោគ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត»។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានឱ្យដឹងថា កាលពីថ្ងៃទី ២៦ ខែមិថុនា យន្តហោះរបស់ខ្លួនចំនួន ២ គ្រឿងបានផ្ទុកយ៉ាងពេញនូវឧបករណ៍តេស្តរហ័សរកជំងឺកូវីដ ១៩ ដែលមានជិត ១ ៥០០ កេសមកដល់ព្រលានយន្តហោះកម្ពុជា។
ក្រុមហ៊ុនអាកាសចរណ៍ បានឱ្យដឹងថា នេះជាការចូលរួមចំណែករបស់ខ្លួន ជាមួយរដ្ឋាភិបាលទាំង ២ ជាពិសេសរដ្ឋាភិបាលកម្ពុជាក្នុងការស្វែងរកអ្នកវិជ្ជមានជំងឺកូវីដ ១៩ ឱ្យបានទាន់ពេលវេលា ក៏ដូចជា ការឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះការពិនិត្យរកជំងឺកូវីដ ១៩ ប្រភេទថ្មី ដែលត្រូវបានរកឃើញក្នុងពេលថ្មីៗនេះ៕