កំពង់ចាមៈ ស្ត្រីម្នាក់ត្រូវភ្លើងឆេះស្លាប់ក្នុងហេតុការណ៍អគ្គីភ័យឆេះការ៉ាសាំងស្ថិតក្នុងភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីយប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ ដែលក្នុងគ្រោះថ្នាក់នេះ សមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៨ គ្រឿង។
លោក យន ឌីន នាយការិយាល័យនគរបាលពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាមឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងនៅរសៀលថ្ងៃទី ៣០ មិថុនាថា ស្ត្រីរងគ្រោះស្លាប់ឈ្មោះ អឿន រដ្ឋា អាយុ ៣០ ឆ្នាំ ត្រូវជាកូនរបស់លោក ជីម រីន ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ជាម្ចាស់ការ៉ាសសាំងឆេះ។ ចំពោះមូលហេតុដែលបណ្តាលឱ្យមានគ្រោះអគ្គីភ័យនេះកើតឡើងដោយសារស្ត្រីរងគ្រោះចាក់ប្រេងសាំងចូលពីដុង។
លោកប្រាប់ថា៖ «ពេលនោះ ស្ត្រីរងគ្រោះបើកប្រេងសាំងពីម៉ាស៊ិនបាញ់ចូលពីដុង តែចៃដន្យយប់ងងឹតហើយក៏បើកប៉ារ៉ែតភ្លើង។ ប្រហែលពេលបើកប៉ារ៉ែតភ្លើងមានអណ្តាតភ្លើងទើបឆាបឆេះទៅ»។
បើតាមលោក យន ឌីន បានរៀបរាប់ប្រាប់តាមសម្តីបុរសឈ្មោះ ជីម រីន ជាឪពុករបស់ស្ត្រីរងគ្រោះថា នៅមុនពេលកើតហេតុនៅវេលាម៉ោងជាង ៨ យប់ថ្ងៃទី ២៩ មិថុនា កូនស្រីរបស់គាត់បានបូមប្រេងសាំងពីការ៉ាសបញ្ជូនទៅក្នុងពីដុងតែពេលនោះងងឹតទើបកូនស្រីរបស់គាត់ (ស្ត្រីរងគ្រោះ) លូកដៃកាច់បារ៉ែតភ្លើងស្រាប់តែឆាបឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង។ពេលភ្លើងកំពុងឆាបឆេះស្រាប់តែស្ត្រីរងគ្រោះរត់ចូលទៅក្នុងផ្ទះជាន់ក្រោម (ឈើលើថ្មក្រោម) ដែលនៅក្បែរការ៉ាសសាំងបំណងយកកូនសោរថយន្តម៉ាកឡិចស៊ីស ៣៣០ ដើម្បីទៅបើករថយន្តចេញកុំឱ្យភ្លើងឆេះរថយន្ត។
លោកបន្តទៀតថា តែពេលនោះឪពុកម្តាយរបស់ស្ត្រីរងគ្រោះនាំគ្នាឃាត់កុំឱ្យចូលផ្ទះព្រោះភ្លើងឆេះខ្លាំងតែគាត់នៅតែរត់ចូលក្នុងផ្ទះ។ ពេលនោះភ្លើងបានឆាបឆេះពេញបន្ទុករាលចូលទៅក្នុងផ្ទះធ្វើឱ្យស្ត្រីរងគ្រោះមិនអាចរត់ចេញមកក្រៅវិញបានក៏រត់ចូលទៅក្នុងបន្ទប់ទឹក ហើយប្រហែលជាគាត់ឈ្លក់ផ្សែងភ្លើងអាចសន្លប់នៅក្នុងបន្ទប់ទឹក និងត្រូវភ្លើងឆេះស្លាប់តែម្តង។ ចំពោះទ្រព្យសម្បត្តិដែលត្រូវភ្លើងឆេះរួមមាន៖ ផ្ទះសង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដារ និងជាន់ក្រោមថ្មទំហំ ៧ ម៉ែត្រ × ៩ ម៉ែត្រ ការ៉ាស់សាំង ១ ត្រូវឆេះអស់រថយន្ត ម៉ាកលុចស៊ីស ៣៣០ ១ គ្រឿង ម៉ូតូសេ ១២៥ ១ គ្រឿង ប្រាក់ដុល្លារ ប្រាក់រៀលចំនួនទៀត៕