ភ្នំពេញៈ រំហូរទឹកទន្លេមេគង្គមានកម្រិតទាបក្នុងរដូវប្រាំង ធ្វើឲ្យកម្រិតទឹកទន្លេសាបក្នុងប្រទេសកម្ពុជា ធ្លាក់ចុះ ដែលចំណុចនេះគណៈកម្មការទន្លេមេគង្គ (MRC) ជំរុញឱ្យប្រទេស ជាសមាជិកទន្លេមេគង្គទាំងអស់គ្រប់គ្រងអាងទាំងមូលឱ្យបានល្អប្រសើរ។ នេះបើតាមសេចក្តីប្រកាសរបស់ MRC នាថ្ងៃទី ៣០ មិថុនា។
គណៈកម្មការទន្លេមេគង្គបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ទឹកទន្លេមេគង្គឆ្នាំនេះ ដែលហូរទាបជាងក្នុងអំឡុងពេលរដូវវស្សាកាលពីឆ្នាំ ២០១៩ និងឆ្នាំ ២០២០ បានធ្វើឲ្យធ្លាក់ចុះនូវរំហូរទឹកត្រឡប់ និងតំបន់លិចទឹកតាមរដូវនៃបឹងទន្លេសាប ដែលប្រជាជនកម្ពុជាបានពឹងអាស្រ័យយ៉ាងច្រើនសម្រាប់ការចិញ្ចឹមជីវិត។
យោងតាមរបាយការណ៍គណៈកម្មការទន្លេមេគង្គឱ្យដឹងថា ស្ថានភាពនេះបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានលើផលិតភាពកសិកម្មតុល្យភាពអេកូឡូស៊ី ការកាត់បន្ថយនូវការប្រមូលផ្តុំល្បាប់ដែលមានជីវជាតិ និងការដឹកជញ្ជូន ក៏ដូចជាការថមថយចុះនៃទិន្នផលនេសាទសម្រាប់គ្រួសារក្នុងតំបន់បឹងទន្លេសាបផងដែរ។
គណៈកម្មការទន្លេមេគង្គបានជំរុញឲ្យប្រទេស ដែលជាសមាជិកទន្លេមេគង្គ ធ្វើការដោះដូរទិន្នន័យ និងព័ត៌មានកាន់តែទូលំទូលាយជាងមុន ដើម្បីធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងធនធានទឹកក្នុងអាងទន្លេមេគង្គក្រោម។
របាយការណ៍ដែលមានកម្រាស់ ១៨ ទំព័រ បានជំរុញដល់ប្រទេសជាសមាជិកទាំងនេះ និងដៃគូសន្ទនារបស់គណៈកម្មការទន្លេមេគង្គចែករំលែកទិន្នន័យប្រតិបត្តិការ ដើម្បីប្រមូលផ្តុំការស្វែងយល់ឲ្យកាន់តែស៊ីជម្រៅនៃការប្រែប្រួលថ្មីៗក្នុងលំនាំរំហូរទឹកក្នុងទន្លេមេគង្គមេ និងដោះស្រាយរាល់ផលប៉ះពាល់ដែលអាចកើតមានលើសហគមន៍តាមអាងទន្លេនេះ។
លោក អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាននេះថា ដើម្បីធ្វើឲ្យការគ្រប់គ្រងអាងទន្លេនេះកាន់តែប្រសើរ និងមានកិច្ចសហប្រតិបត្តិការល្អ ទាំងប្រទេសជាសមាជិកនិងប្រទេសចិនគួរតែជូនដំណឹងអំពីការប្រែប្រួលសំខាន់ៗដែលបានគ្រោងទុកក្នុងប្រតិបត្តិការនៃគម្រោងទំនប់វារីអគ្គិសនី និងចែករំលែកព័ត៌មានទាំងនេះជាមួយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។
លោកថ្លែងថា៖ «កិច្ចការនេះមានសារៈសំខាន់ណាស់ ខណៈពេលដែលប្រតិបត្តិការទាំងនេះអាចធ្វើឲ្យកម្រិតទឹកកើនឡើងនិងធ្លាក់ចុះខុសប្រក្រតី»។
លោក សូ សុភ័ទ្ទ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មិនអាចទាក់ទងបានដើម្បីសុំការបញ្ជាក់បានទេ នាថ្ងៃទី ៣០ ខែមិថុនា។
យោងតាមនីតិវិធីរបស់គណៈកម្មការទន្លេមេគង្គសម្រាប់រក្សារំហូរទឹកលើទន្លេមេប្រទេសជាសមាជិក មានកាតព្វកិច្ចធ្វើឲ្យរំហូរទឹកបញ្ច្រាស់តាមធម្មជាតិដែលអាចទទួលយកបាននៃទន្លេសាប កើតមានក្នុងអំឡុងរដូវវស្សានិងទប់ស្កាត់រំហូរទឹកខ្លាំងបំផុតដែលបង្កដោយមនុស្ស ដែលរំហូរទឹកទាំងនេះមិនបានកើតឡើងតាមធម្មជាតិនាអំឡុងរដូវទឹកជំនន់នោះទេ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា បរិមាណភ្លៀងធ្លាក់ក្នុងខែមេសា និងឧសភា មានកម្រិតខ្ពស់ជាងគេបង្អស់ក្នុងកំណត់ត្រាសម្រាប់អំឡុងពេលនេះក្នុងរយៈពេល១៨ឆ្នាំចុងក្រោយ។ ទឹកភ្លៀងធ្លាក់ខ្លាំងជាពិសេសនៅផ្នែកកណ្តាលនៃតំបន់អាងទន្លេមេគង្គក្រោមនៃប្រទេសថៃនិងភាគខាងជើងនៃប្រទេសកម្ពុជា។
ប្រភពដដែលបញ្ជាក់ថា៖ «ប៉ុន្តែជារួមការហូរនៃទឹកទន្លេមិនបានកើនឡើងគួរឲ្យកត់សម្គាល់ឡើយ។ ការប្រែប្រួលកម្រិតទឹកយ៉ាងរហ័សនៅក្នុងរំហូរបណ្តាលមកពីប្រតិបត្តិការទំនប់វារីអគ្គិសនីនៅផ្នែកខាងលើទន្លេមេគង្គ ដែលបានបន្តក្នុងឆ្នាំ ២០២១»។
របាយការណ៍បញ្ជាក់ថា ការប្រែប្រួលទាំងនេះអាចនឹងប៉ះពាល់ដល់នាវាចរណ៍ ប្រព័ន្ធអេកូឡូស៊ីទន្លេ និងស្ថិរភាពច្រាំងទន្លេទោះបីជាគេត្រូវសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីចង្អុលបង្ហាញពីប្រភេទនិងវិសាលភាពនៃផលប៉ះពាល់ទាំងនេះក្តី។
សេចក្តីប្រកាសបញ្ជាក់ថា៖ «ដូចដែលបានកើតឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះរបាយការណ៍បង្ហាញថាការបញ្ចេញទឹកពីទំនប់ស្តុកបានធ្វើឲ្យរំហូររដូវប្រាំងកើនឡើងលើសពីកម្រិតមធ្យមរយៈពេលវែងសម្រាប់រដូវប្រាំងភាគច្រើន ដែលបង្កឲ្យមានទាំងផលប៉ះពាល់វិជ្ជមាននិងអវិជ្ជមាន។ កំណើនក្នុងរំហូររដូវប្រាំងអាចផ្តល់ប្រយោជន៍យ៉ាងច្រើនសម្រាប់ផលិតភាពកសិកម្ម និងនាវាចរណ៍ និងជួយទប់ស្កាត់ការហូរចូលទឹកប្រៃទៅក្នុងតំបន់ដីសណ្តទន្លេមេគង្គ»។
គណៈកម្មការទន្លេមេគង្គ បានដកស្រង់របាយការណ៍អាជ្ញាធរជាតិមហាសមុទ្រ និងបរិយាកាស (NOAA) និងមជ្ឈមណ្ឌលសហភាពអឺរ៉ុបសម្រាប់ព្យាករអាកាសធាតុកម្រិតមធ្យម បានឱ្យដឹងថា បរិមាណភ្លៀងធ្លាក់ជាមធ្យមមានកម្រិតខ្ពស់ជាងក្នុងខែមិថុនា ឆ្នាំ ២០២១ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៩ និងឆ្នាំ ២០២០។
របាយការណ៍ដែលត្រូវបានដកស្រង់នេះបញ្ជាក់ថា៖ «ប៉ុន្តែគេរំពឹងថា វានឹងមានស្ថានភាពស្ងួតជាងធម្មតាក្នុងខែកក្កដា និងសីហា នៅតាមផ្នែកខ្លះនៃអាងទន្លេ។ នៅខែកក្កដាប្រទេសកម្ពុជាខ្ពង់រាបកណ្តាលនៃប្រទេសវៀតណាម និងភាគខាងត្បូងប្រទេសឡាវ អាចនឹងទទួលបានបរិមាណភ្លៀងធ្លាក់តិចជាងធម្មតា»៕