ភ្នំពេញៈ ក្រសួងយុត្តិធម៌នៅថ្ងៃទី ២៩ ខែមិថុនា បានប្រកាសបិទបញ្ចប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ក្រោយ អនុវត្ដរយៈពេល ១ ឆ្នាំ ១ ខែ គិតពីថ្ងៃទី ១៨ ខែឧសភាឆ្នាំមុន ដោយបានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌកកស្ទះសរុបជាង ៣៧ ៩០០ សំណុំរឿង និងសំណុំរឿងព្រហ្មទណ្ឌចូលថ្មីជាង ៦២ ៨០០ សំណុំរឿង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្ដិធម៌អំពីលទ្ធផល និងការបិទបញ្ចប់យុទ្ធនាការនេះឱ្យដឹងថា ក្នុងរយៈពេល ១ ឆ្នាំ ១ ខែ គិតពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ ដែលជាថ្ងៃប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត រហូតដល់ថ្ងៃទី ១៧ មិថុនា ឆ្នាំ ២០២១ តាមរយៈយុទ្ធនាការនេះបានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌ ដែលកកស្ទះ ទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងទាំងដំណាក់កាលជំនុំជម្រះមានចំនួនសរុបជាង ៣៧ ៩០០ រឿង ស្មើនឹង ៩៦% នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះសរុបជាង ៣៩ ៥០០ រឿង។ សំណុំរឿងដែលត្រូវបានជំនុំជម្រះរួចមានចំនួនជាង ១២ ៦០០ រឿង ស្មើនឹង ៩៧% នៃចំនួនសំណុំរឿងសរុបជាង ១៣ ០០០ រឿងក្នុងដំណាក់កាលជំនុំជម្រះ។
ក្រសួងឱ្យដឹងថា សាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេសក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មីបានចំនួនជាង ៦២ ៨០០ រឿងស្មើនឹងជាង ៧៨ % នៃចំនួនសំណុំរឿងចូលថ្មីសរុបជាង ៨០ ៤០០ រឿងផងដែរ។
បើតាមក្រសួងយុត្ដិធម៌ ផ្អែកលើលទ្ធផលដែលសម្រេចបាននេះ បើទោះបីជាកម្ពុជាបាននិងកំពុងស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ក៏ដោយ ក៏សាលាដំបូងរាជធានី-ខេត្តចំនួន ២២ ក្នុងចំណោមសាលាដំបូងសរុបទាំងអស់ចំនួន ២៤ បានប្រកាសជាបន្តបន្ទាប់នូវជោគជ័យរបស់ខ្លួនក្នុងការអនុវត្តយុទ្ធនាការ។
ក្រសួងបញ្ជាក់ថា៖ «លទ្ធផលដែលសម្រេចបាននេះគឺកើតឡើងជាមួយនឹងការខិតខំប្រឹងប្រែងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ និងដោយមានការគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់»។
បើតាមក្រសួងយុត្ដិធម៌ សាលាដំបូងចំនួន ២ ទៀតគឺសាលាដំបូងរាជធានី-ភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ ដែលជាសាលាដំបូងមានសំណុំរឿងច្រើនជាងគេ និងមានទីតាំងស្ថិតក្នុងតំបន់បិទខ្ទប់ និងរងផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ គឺមិនទាន់អាចសម្រេចគោលដៅ និងប្រកាសអំពីជោគជ័យនៃការអនុវត្តយុទ្ធនាការនេះទេ។
ក្រសួងបញ្ជាក់ថា យោងតាមផែនការការងារ និងថវិការយៈពេល ១ ឆ្នាំសម្រាប់អនុវត្តយុទ្ធនាការនេះ និងបន្ទាប់ពីបានប្រជុំពិភាក្សាជាមួយសាលាដំបូងនៅទូទាំងប្រទេសរួចមក ក្រសួងយុត្តិធម៌សម្រេចប្រកាសបិទបញ្ចប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត។
រំសាយគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត (គយកស) ដើម្បីបង្កលក្ខណៈឱ្យក្រុមការងារយុទ្ធនាការ ដែលបានចុះធ្វើការងារជាប់ជាប្រចាំជាមួយសាលាដំបូងកន្លងមក អាចប្រមូលផ្ដុំការយកចិត្តទុកដាក់លើការងារអាទិភាពផ្សេងទៀតរបស់ក្រសួងយុត្តិធម៌។
«គ.យ.ក.ស ក៏មានសង្ឃឹមជឿជាក់ថា សាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ នឹងបន្តខិតខំដោះស្រាយសំណុំរឿងនៅក្នុងសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្រើនបន្ថែមទៀត ស្របតាមគោលការណ៍អនុវត្តដែលមាននៅក្នុងយុទ្ធនាការកន្លងមក ហើយឈានទៅប្រកាសជោគជ័យនាពេលដ៏ខ្លីខាងមុខនេះ»។
លោក អំ សំអាត នាយករងអង្គការសិទ្ធិមនុស្ស លីកាដូ បានសង្កេតឃើញចាប់ពីខែឧសភា ឆ្នាំ ២០២០ ក្រសួងយុត្តិធម៌បើកយុទ្ធនាការពន្លឿននីតិវិធីនៅតាមសាលាដំបូងរាជធានី-ខេត្ត ដើម្បីដោះស្រាយការកកស្ទះសំណុំរឿង។ ក្រសួងបានជំរុញការដោះស្រាយការកកស្ទះសំណុំរឿង និងចូលរួមដោះស្រាយមួយផ្នែកទៅលើភាពចង្អៀតណែននៃជនជាប់ឃុំតាមពន្ធនាគារ។
លោកថ្លែងថា៖ «ទោះជាយ៉ាងណា ក៏ភាពចង្អៀតណែននៃជនជាប់ឃុំមិនអាចកាត់បន្ថយបានដែរ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលកូវីដ ១៩ ហើយពន្ធនាគារមួយចំនួនក៏បានរីករាលដាលកូវីដ ១៩ ដែលជាការព្រួយបារម្ភមួយទៀត»។
លោកបានបន្តថា៖ «ចំណុចនេះ ទើបអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្សបានទទូចឱ្យតុលាការពិនិត្យពិចារណាក្នុងការដោះលែងអ្នកជាប់ឃុំបណ្តោះអាសន្ន ដែលជាប់ចោទពីបទល្មើសមជ្ឈិម និងបទល្មើសផ្សេងទៀតដែលលទ្ធភាពតាមផ្លូវច្បាប់អាចឱ្យនៅក្រៅឃុំបណ្តោះអាសន្នបាន»។
បើតាមលោក សំអាត អង្គការសង្គមស៊ីវិលក៏បានស្នើឱ្យមានការពិនិត្យផ្លូវច្បាប់ និងមធ្យោបាយដោះលែងទណ្ឌិតដែលជិតផុតទោស អ្នកជាប់ឃុំដែលងាយរងគ្រោះ ដូចជាអ្នកមានជំងឺប្រចាំកាយធ្ងន់ធ្ងរ អនីតិជនងាយរងគ្រោះ ជនពិការស្ត្រីមានផ្ទៃពោះ ស្ត្រីដែលមានកូនតាមម្តាយជាដើម។
លោកបន្តថា ចំណែកការចោទប្រកាន់ និងការឃុំខ្លួនបណ្តោះអាសន្នជាជម្រើសចុងក្រោយ និងមានលក្ខណៈចាំបាច់បំផុតត្រូវតែពិនិត្យគោលការណ៍សេរីភាពនៃជនជាប់ចោទ។ ជាពិសេសករណី ដែលមានការចម្រូងចម្រាសពីសហគមន៍អន្តរជាតិ ដែលលើកឡើងថា មិនគួរត្រូវបានឃុំខ្លួន។ គេចាត់ទុកថា ជាសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពជាមូលដ្ឋាន ដែលត្រូវបានធានាដោយបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្ស និងរដ្ឋធម្មនុញ្ញ។
ក្រសួងយុតិ្ដធម៌អះអាងថា ជាមួយនឹងលទ្ធផលល្អប្រសើរដូចការរំពឹងទុក និងជាទីមោទនៈ យុទ្ធនាការនេះមិនត្រឹមតែអាចជួយដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត និងចូលរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែននៅតាមពន្ធនាគារបានយ៉ាងច្រើនប៉ុណ្ណោះទេ ប៉ុន្តែយុទ្ធនាការនេះក៏បានជួយលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការក្នុងការផ្តល់សេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋផងដែរ។
ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលអនុវត្តយុទ្ធនាការនេះ ចំណាត់ការសំណុំរឿងក្តីព្រហ្មទណ្ឌនៅគ្រប់ដំណាក់កាលនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្តទទួលបានលទ្ធផលខ្ពស់ជាង ២ ដងបើធៀបនឹងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ កន្លងទៅ។
តាមរយៈបទពិសោធល្អនៃការអនុវត្តយុទ្ធនាការនេះ ក្រសួងយុត្តិធម៌មានក្តីសង្ឃឹម និងជឿជាក់ថា បើទោះបីជាយុទ្ធនាការត្រូវបានបិទបញ្ចប់នាពេលនេះក្ដី ក៏សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្តទាំងអស់នឹងនៅតែបន្តយកចិត្តទុកដាក់ និងខិតខំពន្លឿនការដោះស្រាយសំណុំរឿងនៅតាមអង្គភាពរបស់ខ្លួនឱ្យបានឆាប់រហ័សត្រឹមត្រូវ និងប្រកបដោយគុណភាព ដោយមិនឱ្យមានការកកស្ទះសំណុំរឿងនៅក្នុងអង្គភាពរបស់ខ្លួនឡើយ៕
វីដេអូ៖