ភ្នំពេញៈ រដ្ឋបាលខេត្ដកោះកុងបានសម្រេចផ្ដល់ដីជាង ១ ពាន់ហិកតា តាមការស្នើសុំពីក្រសួងការពារជាតិសម្រាប់គម្រោងរៀបចំជាតំបន់អភិវឌ្ឍន៍ដែលនឹងមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ស្របតាមបណ្ដោយមាត់សមុទ្រចាប់ពី តំបន់តារាសាគររហូតដល់ទីរួមខេត្ដកោះកុង ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមានឈ្មោះថា «សម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិស្សមកាលក្រសួងការពារជាតិ»។
លោក ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា តាមរយៈគម្រោងការអភិវឌ្ឍនេះនឹងធ្វើឡើងនៅតំបន់ឃុំជ្រោយប្រស់ និងតំបន់មួយចំនួនទៀតនៃស្រុកកោះកុង ដោយរៀបចំឱ្យមានការអភិវឌ្ឍឱ្យមានភាពជឿនលឿន និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ស្របតាមបណ្ដោយមាត់សមុទ្រចាប់ពីតំបន់តារាសាគរ រហូតដល់ទីរួមខេត្ដកោះកុង។
លោកថ្លែងថា៖ «ការអភិវឌ្ឍគម្រោងនេះដោយសារមានការគិតគូរដល់បងប្អូនប្រជាជន ដែលកាលពីមុនរស់នៅក្នុងទឹកក្នុងអី ដែលមានការពិបាកវេទនាអីហ្នឹងឱ្យមានផ្លូវមានអីគ្រប់គ្រាន់ហើយ កសាងជាភូមិ និងការអភិវឌ្ឍផ្សេងៗទៀត គឺមានការអភិវឌ្ឍច្រើនណាស់ ក្រុមការងារបានគិតគូររួចហើយ»។
លោកបានបន្តថា៖ «ខ្ញុំធ្លាប់ឮគេសុំគោលការណ៍មកដាក់ថាគម្រោងតំបន់អភិវឌ្ឍន៍សម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិស្សមកាលក្រសួងការពារជាតិ អាហ្នឹងវាមិនចាំបាច់ ធំដុំអីពេកទេ តែធ្វើម៉េចត្រូវឱ្យមានការអភិវឌ្ឍកន្លែងនោះឱ្យមានភាពជឿនលឿន រឿងដាក់ឈ្មោះដាក់អី វាមិនអីទេ សំខាន់បំផុតឱ្យវាចេញសាច់ការទៅ»។
លោក ទៀ បាញ់ មិនទាន់អាចបង្ហាញពីពេលវេលាក្នុងការចាប់ផ្ដើមអភិវឌ្ឍតំបន់នេះជាក់លាក់បានទេ ត្រឹមថ្ងៃម្សិលមិញដោយលោកបានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារកំពុងលើកឡើងនូវគោលការណ៍ ពិភាក្សាគ្នាលម្អិតលើគម្រោងអភិវឌ្ឍន៍តំបន់នេះ។
លោក សុខ សុទ្ធី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងបានឱ្យដឹងកាលពីម្សិលមិញដែរថា ក្រោយមានការស្នើសុំដីជាង ១ ពាន់ហិកតា ពីក្រសួងការពារជាតិ ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ «សម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិស្សមកាលក្រសួងការពារជាតិ» រដ្ឋបាលខេត្តកោះកុងបានយល់ព្រមផ្តល់ដីហើយ ខណៈដីនេះគឺជាដីបម្រុងរបស់រដ្ឋបាលខេត្ត។
លោកបានឱ្យដឹងថា ដីបម្រុងរបស់រដ្ឋបាលខេត្តទំហំ ១ ១០២ ហិកតា ដែលរដ្ឋបាលខេត្តប្រគល់ជូនក្រុមការងាររបស់ក្រសួងការពារជាតិនេះសម្រាប់រៀបចំជាតំបន់អភិវឌ្ឍន៍នេះគឺមានទីតាំងស្ថិត នៅឃុំជ្រោយប្រស់នៃស្រុកកោះកុង។
លោកថ្លែងថា៖ «រដ្ឋបាលខេត្ដផ្ដល់ដីជាង ១ ពាន់ហិកតានេះ គឺតាមរយៈការស្នើសុំរបស់ក្រសួងការពារជាតិ ដែលបានស្នើមករដ្ឋបាលខេត្ដកាលពី ២ ខែមុន»៕