កំពតៈ អាជ្ញាធរខេត្តកំពតបានចុះជួយអន្តរាគមន៍ បូមទឹកសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ចំនួន ២០៤ គ្រួសារ ក្នុងភូមិចំនួន ៥ លើផ្ទៃដីសរុបចំនួន ១៩៥ ហិកតា ដែលប្រឈមរងផលប៉ះពាល់ ខ្វះខាតទឹក ដោយសារគ្រោះរាំងស្ងួត នៅក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។
លោក អូន ខន អភិបាលស្រុកកំពង់ត្រាចប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២១ នេះថា ការរាំងស្ងួតនេះមានរយៈពេល ១០ ថ្ងៃ បានធ្វើឱ្យប៉ះពាល់ស្រូវរបស់ពលរដ្ឋចំនួន ១៩៥ ហិកតា ក្នុងភូមិចំនួន ៥ រួមមាន ភូមិព្រៃព្រូស ភូមិដើមស្វាយ ភូមិលក្ខជា ភូមិកោះតាកូវ និងភូមិព្រែកក្រឹស ប៉ុន្តែមកដល់ពេលនេះ អាជ្ញាធរខេត្តបានចាត់ចែងបូមទឹក ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋទាំងនេះរួចហើយ។
លោក អូន ខន បន្តថា ស្ថានភាពការរាំងស្ងួតមានការអូសបន្លាយបានបង្កផលប៉ះពាល់ស្ទើរទូទាំងស្រុកកំពង់ត្រាច។ ដោយឡែកនៅឃុំព្រែកក្រឹស ស្រូវដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ ប្រឈមផលប៉ះពាល់ ដោយសារការខ្វះខាតទឹកច្រើនជាងគេ។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋបានរាយការណ៍តាមរយៈភូមិ ឃុំ មករដ្ឋបាលស្រុក ពីបញ្ហារាំងស្ងួតនេះ រដ្ឋបាលស្រុក ក៏បានរាយការណ៍ទៅ ឯកឧត្តម អភិបាលខេត្ត មន្ទីរជំនាញធនធានទឹកខេត្ត មន្ទីរកសិកម្មខេត្ត ប៉ុន្តែ នៅពេលដែលមន្ត្រីជំនាញចុះមកពិនិត្យ ឃើញស្រូវអត់ខូចទេ ពីព្រោះគល់របស់វានៅសើមហើយឯកឧត្តម អភិបាលខេត្ត គាត់ចុះមកមើល ហើយបានយកប្រេង និងម៉ាស៊ីនបូមទឹកបូមដាក់ពេញហើយ»។
លោក ជាវ តាយ អភិបាលខេត្តកំពតក្នុងពិធីប្រគល់ប្រេង និងម៉ាស៊ីនបូមទឹក កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២១ នេះឱ្យដឹងថា បញ្ហាសំណូមពររបស់ប្រជាពលរដ្ឋដែលជួបការលំបាកនៅមូលដ្ឋាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ គ្រប់កាលៈទេសៈ និងដោះស្រាយឱ្យបានទាន់ពេលវេលា។
លោកបន្តថា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ពិសេសក្នុងបរិបទនៃការរងសម្ពាធដោយជំងឺកូវីដ ១៩ ក៏ពិតមែន លោកនាយករដ្ឋមន្ត្រីតែងតែបានណែនាំ និងជំរុញដល់រដ្ឋបាល និងអាជ្ញាធរ ជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋានឱ្យមានការយកចិត្តទុកដាក់ឱ្យបានជាប្រចាំក្នុងការចុះជួយអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
លោក ជាវ តាយ ថ្លែងថា៖ «រដ្ឋបាលខេត្តកំពតស្ថិតក្នុងដំណាក់កាលនេះ គឺមិនអាចទុកចោលឱ្យមានការខូចខាតផលស្រូវដំណាំ ហើយមិនមានការជួយអន្តរាគមន៍ដោះស្រាយ ដើម្បីសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋដែលជួបបញ្ហាការខ្វះខាតទឹកដូចនៅក្នុងពេលនេះបានឡើយ»។
លោកស្នើដល់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជំនាញពាក់ព័ន្ធ ពិសេស មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវតែបន្តយកចិត្តទុកដាក់សហការគ្នា ឱ្យបានជាប្រចាំ ដើម្បីពិនិត្យមើលក្នុងមូលដ្ឋាន ដែលស្រូវប្រជាពលរដ្ឋកំពុងប្រឈមរងផលប៉ះពាល់ខ្វះខាតទឹកដែលបណ្ដាលមកពីការអូសបន្លាយដោយសារទឹកភ្លៀង ហើយត្រូវតែជំរុញការចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ទៅតាមលទ្ធភាពដែលប្រភពទឹកមាននៅក្នុងតំបន់នោះ គឺមិនត្រូវទុកចោលឱ្យស្រូវរបស់ប្រជាពលរដ្ឋរងការខូចខាតដោយមិនមានការជួយអន្តរាគមន៍ពីអាជ្ញាធរ និងមន្ត្រីជំនាញបានឡើយ។
បើទោះយ៉ាងណាលោក អភិបាលខេត្ត ក៏បានបញ្ជាក់ថា ផ្អែកតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នឹងអាចមានភ្លៀងធ្លាក់មក និងធ្វើឱ្យស្រូវរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ មិនមានទទួលរងផលប៉ះពាល់ខូចខាតធ្ងន់ធ្ងរអ្វីឡើយ៕