ភ្នំពេញៈ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​មួយចំនួន​នៅតាម​បណ្ដា​ខេត្ត​ខ្លះ​បានចេញ​លិខិត​មោឃភាព​លើ​លិខិត​របស់ខ្លួន ដែល​បាន​ចុះហត្ថលេខា​នាពេល​កន្លងមក ចំពោះ​ការកាន់កាប់​ដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​។

ការធ្វើ​លិខិត​ប្រកាស​មោឃភាព​លើ​ហត្ថលេខា​របស់ខ្លួន​ជា​បន្តបន្ទាប់​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​បរិស្ថាន​បានចេញ​លិខិត​ ១ ​ច្បាប់​កាលពី​ខែឧសភា ឆ្នាំ​ ២០២១ បញ្ជាក់​ពី​ករណី​ដែល​នៅតែ​មាន​ការចុះហត្ថលេខា​ទទួលស្គាល់​លើ​លិខិត​ផ្ទេរសិទ្ធិ ស្នើសុំ​កាន់កាប់ ប្រើប្រាស់​ដី លិខិត​ទិញ-លក់​ដី​រដ្ឋ ឬ​ការបញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី​នៃ​ដី​ស្ថិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ ខណៈ​ទង្វើ​ទាំងអស់​នេះ គឺជា​ទង្វើ​ខុសច្បាប់​។

លិខិត​បដិសេធ ១ ​ច្បាប់ ចេញ​ដោយ​លោកស្រី កែវ សុផាត ជា​មេឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​ ២៨ ខែឧសភា បានប្រកាស​ធ្វើ​មោឃភាព​ការចុះហត្ថលេខា​របស់ខ្លួន​កន្លងមក​ទាំងអស់ ដោយ​សំអាង​ថា ការចុះហត្ថលេខា​កន្លង​មក គឺ​ដោយ​លោកស្រី ពុំ​សូវ​យល់ដឹង​ពី​ច្បាប់ទម្លាប់​ច្រើន ដោយ​ឃើញ​ពួកគេ​អាស្រ័យផល​ជាក់ស្តែង​។

លោកស្រី​បានបញ្ជាក់​ក្នុង​លិខិត​ថា​៖ «​នាង​ខ្ញុំ សូម​ធ្វើការ​មោឃភាព​រាល់​ឯកសារ​លិខិត​ស្នើសុំ​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី លិខិត​លក់-ទិញ និង​ប្លង់​បង្ហាញ​ទីតាំង​គ្រប់​ប្រភេទ ស្ថិតក្នុង​តំបន់​ការពារ​ធម្មជាតិ និង​ក្នុង​របៀង​អភិរក្ស​ជីវចម្រុះ​នៃ​តំបន់​ឧទ្យាន​ជាតិ​មុនីវង្ស​បូកគោ និង​ស្ថិតក្នុង​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត​កុសុមៈ​គីរីរម្យ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​»​។

មិន​ខុសគ្នា​នេះដែរ មេឃុំ​កកោះ ស្ថិត​ក្នុង​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ លោក តែម ធន ក៏បាន​ចេញ​លិខិត​បដិសេធ​ ១ ​ច្បាប់ ចុះ​ថ្ងៃទី​ ៣០ ឧសភា ឆ្នាំ ២០២១ ដោយ​ប្រកាស​មោឃភាព និង​និរាករណ៍​លិខិត​ដែល​លោក បាន​ចុះហត្ថលេខា​នាពេល​កន្លងមក​។

លោក​បាន​អះអាងថា ក្នុងនោះ​រាល់​លិខិត​លក់ ទិញ និង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​គ្រប់ប្រភេទ ដែល​មិនទាន់​ចុះបញ្ជី​មាន​ការទទួលស្គាល់​ដោយ​រដ្ឋបាល​សុរិយោដី ជាពិសេស​នៅក្នុង​ភូមិសាស្ត្រ​ដី​សហគមន៍​ត្រប់ញក ដែល​ស្ថិត​ក្នុង​ភូមិ​សាលាសន្ទុក និង​ភូមិ​ជីមាឃ​។

លោក តែម ធន បានបញ្ជាក់​ក្នុង​លិខិត​ថា​៖ «​កន្លងមក​ខ្ញុំបាទ​បាន​ចុះហត្ថលេខា​លើ​លិខិត​លក់ ទិញ និង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​។ ដូចនេះ ដី​នោះ នៅតែ​ជា​ដី​របស់​រដ្ឋ​មិនអាច​ឱ្យ​នរណា​មក​រំលោភបំពាន ចាប់យក​ធ្វើជា​កម្មសិទ្ធិ​បានឡើយ ហើយ​ចំពោះ​ដី​ទាំងឡាយណា ដែល​ប្រជាពលរដ្ឋ​បាន​លក់ ឬ​ទិញ ឬ​បានចេញ​ជា​លិខិតបញ្ជាក់​ប្រវត្តិ​ដីធ្លី​ផ្សេងៗ ខ្ញុំ​សូម​បដិសេធ និង​និរាករណ៍​ហត្ថលេខា​របស់ខ្ញុំ​បាទ​ចោល​ទាំងស្រុង​»​។

ជាមួយ​នឹង​ការបដិសេធ​ទាំងនេះ​ក៏​មាន​មេឃុំ ចៅសង្កាត់ អាជ្ញាធរ​ស្រុក ក្រុង នៅក្នុង​ខេត្តកំពង់ស្ពឺ មណ្ឌលគិរី កំពង់ធំ និង​ខេត្តកោះកុង​ដទៃទៀត​ជាដើម បានចេញ​លិខិត​ជា​បន្តបន្ទាប់ ដើម្បី​លុបចោល​ហត្ថលេខា ដែល​ពួកគេ​បានផ្តល់​សំអាង​លើ​លិខិត​នានា​ជុំវិញ​ការកាន់កាប់​អចលនទ្រព្យ​នៅ​តំបន់​ការពារ និង​តំបន់​អភិរក្ស​នេះ​។

ដូចជា​កាលពី​ថ្ងៃទី ១ មិថុនា កន្លង​ទៅ​នេះ រដ្ឋបាល​ឃុំ​ត្រពាំងជោ ស្ថិតក្នុង​ស្រុក​ឱរ៉ាល់​ក៏​បាន​ចេញ​លិខិត​បដិសេធ និង​និរាករណ៍​ការកាន់កាប់​ដី ដែលមាន​ទំហំ​ជាង ២ ០០០ ​ហិកតា​ផងដែរ ដែល​ស្ថិត​ក្នុងភូមិ​ក្បាលដំរី និង​ភូមិ​ក្រវៀក របស់​បុគ្គល​ម្នាក់​។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​អង្គការ​សមាគម​អាដហុក បាន​លើកឡើងថា ក្នុង​អំឡុងពេល​ថ្មីៗ​នេះ បើទោះជា​មាន​ផ្ទុះ​នៃ​ជំងឺ​កូវីដ​ ១៩ ក៏​នៅតែមាន​ករណី​នៃ​ការរំលោភបំពាន​ទន្ទ្រាន​យក​ដី​ដែលជា​កម្មសិទ្ធិ​សាធារណៈ​របស់​រដ្ឋ និង​ដី​ដែលជា​តំបន់​អភិរក្ស​​មួយចំនួន​។

លោក​បន្តថា ការដែល​មាន​អំពើ​ទាំងនោះ ក៏​ព្រោះតែ​មាន​ការឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ដែនដី​ដោយមាន​លក្ខណៈ​ជា​ប្រព័ន្ធ​ផងដែរ ដែល​នាំឱ្យមាន​សកម្មភាព​បំផ្លិចបំផ្លាញ​លើដី​សាធារណៈ​របស់​រដ្ឋ និង​ដី​តំបន់​ការពារ​។

លោក ស៊ឹង សែនករុណា បាន​ថ្លែង​ដោយ​សង្ឃឹមថា រដ្ឋាភិបាល​នឹង​ធ្វើ​ការដកហូត និង​និរាករណ៍​ចំពោះ​ដី​ដែល​បាន​កាន់កាប់​ដោយ​ការផ្តល់​សិទ្ធិ​ខុសច្បាប់​ទាំងនេះ​។ លោក​ក៏​រំពឹង​ដែរ​ថា មន្ត្រី​ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ល្មើស​ក្នុង​ការចុះហត្ថលេខា​ដោយ​មិន​ត្រឹមត្រូវ និង​ទទួលទោស​តាមច្បាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​ការចុះហត្ថលេខា និង​ការផ្តល់​សិទ្ធិ​អី​ផ្សេងៗ សុទ្ធតែជា​រឿង​មួយ​ដែល​មិន​ត្រឹមត្រូវ​តាមច្បាប់ ហើយ​ចំណុច​ទាំងអស់នេះ គឺ​យើង​មិនអាច​គ្រាន់តែ ឆ្លើយថា យើង​មិន​យល់ មិនដឹង ហើយ​ចង់​រួច​ផុតពី​ចំណាត់ការ​ផ្លូវច្បាប់​ទេ​។ ចំណុច​ទាំងអស់នេះ គួរតែមាន​ការពិនិត្យ​មើល​ឡើងវិញ តាំងពី​ថ្នាក់ជាតិ រហូត​ដល់​ថ្នាក់មូលដ្ឋាន ពី​ភាពមិនប្រក្រតី​មួយចំនួន​ក្នុងការ​បំផ្លិចបំផ្លាញ​ផ្តល់​កម្មសិទ្ធិ ទៅ​លើដី​តំបន់​អភិរក្ស និង​តំបន់​ការពារ​»​។

ជាមួយ​នឹង​វិធានការ​នេះ លោក​ក៏​រំពឹង​ទៀតថា ដី​ដែល​ទទួលបាន​ការកាន់កាប់​ដោយ​ខុសច្បាប់ នឹង​ត្រូវ​បាន​ដកហូត​យកមក​ទុក​ធ្វើជា​សម្បត្តិ​រដ្ឋ និង​ធ្វើការ​អភិរក្ស​ឱ្យបាន​គង់វង្ស​ឡើងវិញ ចៀសវាង​មាន​ការបាត់បង់​បន្តទៀត​ក្នុង​ពេល​​ខាងមុខ​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៤ ខែកក្កដា​ថា កន្លងមក ក្រសួងបរិស្ថាន​បាន​តម្រូវឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ជាពិសេស​នៅក្នុង​តំបន់​ការពារ និង​តំបន់​អភិរក្ស​ឱ្យ​បញ្ឈប់​ជាបន្ទាន់ ក្នុង​ការចុះហត្ថលេខា លើ​ឯកសារ​ដែល​កាន់កាប់​ដី​ខុសច្បាប់​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​អតីតកាល​។

លោក បន្តថា បើសិនជា​ក្នុងករណី​នៅតែ​បន្ត​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​ទាំងនេះ​បន្តទៀត ក្រសួង​នឹង​ចាត់វិធានការ​ដោយ​គ្មាន​ការលើកលែង​។

លោក​ថា​៖ «(​ក្រសួង​) នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​តាមផ្លូវ​ច្បាប់ ចំពោះ​រដ្ឋបាល​ឃុំ សង្កាត់ ណា ដែល​នៅតែ​បន្ត​ចុះហត្ថលេខា​បញ្ជា​ក់លើ​លិខិត​ផ្ទេរសិទ្ធិ ឬ​ពាក់ព័ន្ធ​ស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ជាអាទិ៍ នៅលើ​ដី​ដែល​បាន​កាប់ឆ្ការ ឬ​ទន្ទ្រាន​ដីព្រៃ​ក្នុង​តំបន់​អភិរក្ស​»៕

វីដេអូ៖