ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រព័ន្ធគ្រប់គ្រង និងបង្កើតកន្លែងអភិរក្សក្នុងសហគមន៍ចំនួន ២៥ កន្លែងនៃខេត្តគោលដៅទាំង ៥ ត្រូវបានពង្រឹង ដើម្បីសហគមន៍ចិញ្ចឹមត្រីខណៈកូនត្រីពូជជិត ៤ លានក្បាល ត្រូវលែងទៅក្នុងអាងទឹកធម្មជាតិទាំងនោះ។
សមិទ្ធផលដែលសម្រេចបានទាំងនេះត្រូវបានធ្វើឡើងក្នុងវឌ្ឍនភាពនៃការអនុវត្តគម្រោងទី ១៩ ស្តីពីការអនុវត្តគម្រោង ការពង្រឹងសមត្ថភាព សហគមន៍ចិញ្ចឹមត្រី ក្នុងអាងទឹកធម្មជាតិ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបាននូវសុវត្ថិភាពស្បៀង។
គម្រោងនេះបានអនុវត្តដោយរដ្ឋបាលជលផលទទួលបានការគាំទ្រហិរញ្ញប្បទានពីកម្មវិធី "ការគាំទ្រសន្តិសុខស្បៀង សម្រាប់ប្រជាជនក្រីក្រ" របស់ក្រសួងកសិកម្ម សហការជាមួយអង្គការ JICA (MAFF/JICA) ដែលមានថវិកាសរុបចំនួន ៣៨ ម៉ឺនដុល្លារអាមេរិកសម្រាប់រយៈពេល ២ ឆ្នាំ (កក្កដា ២០២០ - មិថុនា ២០២២) ក្នុងខេត្តគោលដៅចំនួន ៥។
លោក វេង សាខុន បានឱ្យដឹងថា រដ្ឋបាលជលផលបានទទួលជំនួយសម្រាប់ការអនុវត្តគម្រោងនេះ សម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបាននូវសុវត្ថិភាពស្បៀង នៅក្នុងខេត្តកំពង់ចាម កំពង់ធំ ព្រះវិហារ សៀមរាប និងខេត្តបន្ទាយមានជ័យ។
គម្រោងនេះធ្វើឡើងក្នុងគោលបំណងផ្តល់ការគាំទ្របច្ចេកទេសក្នុងការកសាងសមត្ថភាពគណៈកម្មការសហគមន៍ និងសមាជិកក្រុមប្រឹក្សាឃុំ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគមន៍ចិញ្ចឹមត្រី និងកន្លែងអភិរក្សក្នុងអាងទឹកធម្មជាតិ និងការចិញ្ចឹមត្រីក្នុងស្រះជាប់នឹងស្រែ សម្រាប់ការបង្កើនផលស្តុកត្រីក្នុងអាងទឹកធម្មជាតិ បង្កើនសុវត្ថិភាពស្បៀង និងផ្តល់អាហារូបត្ថម្ភដល់កសិករក្រីក្រ ព្រមទាំងកាត់បន្ថយភាពងាយរងគ្រោះនៃការប្រែប្រួលអាកាសធាតុ។
បើតាមលោក វេង សាខុន ក្រោយពីអនុវត្តគម្រោងអស់រយៈពេល ១ ឆ្នាំកន្លងមក ក្រុមការងារសម្រេចបាននូវលទ្ធផលជាច្រើន ដូចជាជួយរៀបចំពង្រឹងប្រព័ន្ធគ្រប់គ្រង និងបង្កើតកន្លែងអភិរក្ស ក្នុងសហគមន៍ចំនួន ២៥ កន្លែង នៃខេត្តគោលដៅទាំង ៥។
បន្ថែមពីនេះ ក៏បានលែងកូនត្រីពូជចំនួន ៣ ៩០៧ ៥០០ ក្បាល (ត្រីប្រា និងត្រីឆ្ពិន) ទៅក្នុងអាងទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកត្រី ក្នុងអាងទឹកធម្មជាតិចំនួន ២៥ កន្លែងនៃខេត្តគោលដៅទាំង ៥ រួមទាំង បានបើកវគ្គបណ្តុះបណ្តាលជំនាញ ព្រមទាំងបានជួយជីកស្រះ និងជីកប្រព័ន្ធប្រឡាយភ្ជាប់ស្រះទៅនឹងស្រែដល់កសិករជាច្រើនគ្រួសារទៀតផង។ នេះបើតាមលោករដ្ឋមន្ត្រី។
លោកបញ្ជាក់ថា៖ «កន្លងមកកសិករនៅតំបន់គោលដៅនេះមិនមានបទពិសោធក្នុងការចិញ្ចឹមត្រីឡើយ ប៉ុន្តែក្រោយពីបានទទួលការជួយឧបត្តម្ភពីគម្រោងមក កសិកររីករាយក្នុងការចូលរួមអនុវត្តគម្រោងចិញ្ចឹមត្រីនេះ»។
ជាលទ្ធផលប្រជាពលរដ្ឋទាំងនោះទទួលបានត្រីច្រើនសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
លោកបញ្ជាក់បន្ថែមថា៖ «ចំពោះសហគមន៍ចិញ្ចឹមត្រីក្នុងអាងទឹកធម្មជាតិវិញក៏បានចូលរួមវគ្គបណ្តុះបណ្តាលរៀបចំផែនការគ្រប់គ្រង និងបង្កើតកន្លែងអភិរក្សត្រីមេពូជក្នុងអាងទឹកសហគមន៍ពួកគាត់ផងដែរ។ ជាលទ្ធផលពួកគាត់រីករាយក្នុងការចូលរួមអនុវត្តគម្រោង និងទទួលស្គាល់ថាបរិមាណត្រីកើនឡើងច្រើនជាងមុនពេលនៃការអនុវត្តគម្រោងនេះ»។
តាមការសន្និដ្ឋានរបស់ក្រសួងកសិកម្ម កសិករចិញ្ចឹមត្រីខ្នាតតូចដែលប្រើទុនតិច រយៈពេលពី ៦-៨ ខែ ទទួលបានប្រាក់ចំណូលប្រមាណ ១៥០-២៨០ ដុល្លារ។ ចំណែកកសិករចិញ្ចឹមត្រីខ្នាតតូចដែលប្រើទុនច្រើនរយៈពេលពី ៨-១០ ខែ ទទួលបានប្រាក់ចំណូលពី ៤០០-១ ២០០ ដុល្លារ។
តាមផែនការសកម្មភាពកសិករចិញ្ចឹមត្រីក្នុងឆ្នាំ ២០២០ សរុបមានប្រជាពលរដ្ឋចំនួន ៦៣៥ គ្រួសារ ដោយគម្រោងបានចងក្រងជា ១៥ បណ្ដុំកសិករចិញ្ចឹមត្រី ស្មើនឹង ៣៥ ក្រុម ក្នុងខេត្តគោលដៅទាំង ៥ នេះ។ នេះបើតាមក្រសួងកសិកម្ម៕