កំពង់ធំៈ អាជ្ញាធរជាតិសំបូរព្រៃគុក បានចាប់ផ្តើមជួសជុល ក្រុមប្រាសាទតោ ស្ថិតនៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក នៃខេត្តកំពង់ធំដែលមានសភាពទ្រុឌទ្រោមដោយផ្នែកខ្លះ ដើម្បីគាំពារប្រាង្គប្រាសាទទាំងនេះឱ្យមានស្ថិរភាពឡើងវិញ។
លោក ច័ន្ទ វិត្ថារ៉ុង ប្រធាននាយកដ្ឋាន រមណីយដ្ឋាន បុរាណវិទ្យា និងអភិរក្ស នៃអាជ្ញាធរជាតិសំបូរព្រៃគុក (អ.ជ.ស.ព.) ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១ នេះឱ្យដឹងថា ការជួសជុលប្រាសាទនេះត្រូវបានធ្វើឡើងជា ៣ ដំណាក់កាល បន្ទាប់ពីវាយតម្លៃនៅក្នុងឆ្នាំ ២០២០ និងធ្វើបច្ចុប្បន្នភាពឆ្នាំ ២០២១ នេះមានហានិភ័យចំនួន ១០ ចំណុច ដែលត្រូវជួសជុល និងបែងចែកកម្រិតខ្ពស់ កម្រិតមធ្យម និងកម្រិតទាប។
លោក ច័ន្ទ វិត្ថារ៉ុង បន្តថា ហានិភ័យទាំងនោះមានផ្នែកមួយចំនួនកំពុងជួបបញ្ហាប្រឈមដូចជា ផ្តែរ សសរពេជ្រ និងដំបូលផ្នែកខាងលើ រួមទាំងខឿនជុំវិញនៃប្រាសាទ ជាពិសេសជណ្តើរទ្វារបញ្ឆោតរបស់ប្រាសាទ។
លោក ច័ន្ទ វិត្ថារ៉ុង ថ្លែងថា ការជួសជុលប្រាសាទនេះមាន ៣ ដំណាក់កាល គឺដំណាក់កាលទី១ ត្រូវប្រើរយៈពេល ៦ ខែ ដែលត្រូវចំណាយថវិកាប្រមាណ ២០០ លានរៀល ដោយចាប់ផ្តើមជួសជុលនៅផ្នែកខាងកើត និងខាងត្បូង។ ដំណាក់កាលទី២ នឹងត្រូវចាប់ផ្តើមនៅឆ្នាំក្រោយមានរយៈពេល ៨ ខែដោយចាប់ផ្តើមនៅផ្នែកខាងលិច និងខាងជើង និងដំណាក់កាលទី៣ នឹងចាប់ផ្តើមនៅក្នុងឆ្នាំ ២០២៣ ដោយនឹងត្រូវជួសជុលខឿនប្រាសាទ និងពង្រឹងគ្រឹះខាងក្នុង។
លោក ច័ន្ទ វិត្ថារ៉ុង បញ្ជាក់ទៀតថា ប្រាសាទនេះកាលពីកន្លងមក មានដើមឈើ រួមរឹតព័ទ្ធជុំវិញ ចាប់តាំងពី ១៩១៦ រហូតដល់ ឆ្នាំ ១៩៩៥ ប៉ុន្តែ ក្រោយមកដើមឈើនេះងាប់ ក៏ត្រូវបានគេសម្អាតឫសឈើនោះចេញ បានធ្វើឱ្យខូចខាតក្បាច់ចម្លាក់មួយចំនួន ដែលជាពិសេសលើឥដ្ឋ និងដំបូល។
លោក ច័ន្ទ វិត្ថារ៉ុង ថ្លែងថា៖ «ការជួសជុលនេះយើងឱ្យគុណតម្លៃដល់ស្ថាបត្យកម្មរបស់វា អានេះសំខាន់ណាស់ បើសិនវាបាត់បង់ យើងធ្វើវិញ វាអត់កើតទេ។ នៅក្នុងរមណីយដ្ឋានសំបូរព្រៃគុកនេះមានជាង ២៦០ ប្រាសាទ ហើយប្រាសាទមួយចំនួនបានជួសជុល»។
លោក ផាន់ ណាឌី អគ្គនាយកនៃ អ.ជ.ស.ព. នៅក្នុងពិធីសែនក្រុងពាលី បើកការដ្ឋាន ជួសជុលប្រាសាទកណ្តាល (C1) នៃក្រុមប្រាសាទតោកាលពីថ្ងៃទី ៥ ខែកក្កដា ឱ្យដឹងថា ការជួសជុលប្រាសាទ ក្រុមប្រាសាទតោនេះ គឺជាផ្នែកមួយផ្សេងទៀតនៃការរួមចំណែកក្នុងកិច្ចការអភិរក្ស គាំពារបណ្តាប្រាង្គប្រាសាទដែលប្រឈមនឹងហានិភ័យក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។
លោក ផាន់ ណាឌី បន្តថា៖ «ក្រុមប្រាសាទតោ ស្ថិតនៅចន្លោះក្រុមប្រាសាទសំបូរ និងក្រុមប្រាសាទយាយព័ន្ធនៃតំបន់ប្រាសាទសំបូរព្រៃគុក។ ក្រុមនៃប្រាសាទតោនៅបន្សល់ប្រាង្គឈរនៅគង់វង្សតែ ១ គត់ គឺប្រាង្គកណ្តាលនេះឯង»។
លោក ណាឌី បានឱ្យដឹងថា ប្រាង្គនេះសាងពីឥដ្ឋ និងមានលម្អដោយថ្មភក់យ៉ាងវិចិត្រដែលអ្នកស្រាវជ្រាវពុំទាន់ឯកភាពគ្នា ប៉ុន្តែទោះជាយ៉ាងណាក៏អាចស្នើឡើងថាជាស្ថាបត្យកម្មក្នុងរវាងចុងសតវត្សរ៍ទី ៧ និងចុងសតវត្សរ៍ទី ៨ ក្នុងរចនាប័ទ្មព្រៃក្មេង និងកំពង់ព្រះ។ បើនិយាយពីសំណង់ស្ថាបត្យកម្ម ប្រាសាទនេះគឺជារចនាសម្ព័ន្ធធំៗសំខាន់ជាងគេបង្អស់មួយក្នុងសម័យមុនអង្គរ ដែលបានបន្សល់រហូតមកដល់សព្វថ្ងៃ៕