កោះកុងៈ លោក ហាក់ ឡេង អភិបាលស្រុកបទុមសាគរបានឱ្យដឹងកាលពីម្សិលមិញថា អាជ្ញាធរនៃរដ្ឋបាលស្រុកបទុមសាគរ និងសមត្ថកិច្ចពាក់ព័ន្ធកំពុងបន្តស៊ើបអង្កេតលើករណីពលរដ្ឋរាប់រយនាក់ចូលទៅកាប់ទន្ទ្រានដីរដ្ឋដោយខុសច្បាប់ជាង ១៥ ហិកតា កាលពីថ្ងៃទី ៥ ខែកក្កដា ជាដីដែលរដ្ឋកាត់ឆ្វៀលចេញពីដីតំបន់ការពារគ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយបានប្រគល់ឱ្យគណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្ដកោះកុងជាអ្នកគ្រប់គ្រង។
លោក ហាក់ ឡេង បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃទី ៦ ខែកក្កដាថា ស្របពេលអាជ្ញាធរកំពុងយកចិត្ដទុកដាក់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ ១៩ ក្នុងពេលថ្មីៗនេះរហូតមកទល់នឹងថ្ងៃទី ៥ ខែកក្កដានេះមានជនខិលខូចបានលួចចូលទៅកាប់ទន្ទ្រានដីព្រៃជាង ១៥ ហិកតា ស្ថិតនៅទីតាំង ភូមិតាំកង់ និងភូមិព្រលាន ឃុំកណ្តោល។ លោកបញ្ជាក់ថា ដីនេះជាដីស្ថិតនៅក្នុងអនុក្រឹត្យលេខ ៣០ ដែលត្រូវបានកាត់ឆ្វៀលចេញពីដីតំបន់ការពារ គ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយប្រគល់ឱ្យគណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្ដកោះកុងជាអ្នកគ្រប់គ្រង។
លោកអភិបាលស្រុកថ្លែងថា៖ «ដីនេះត្រូវបានជនខិលខូចលួចចូលទៅទន្ទ្រានពីខាងក្នុងព្រៃចេញមកក្រៅវិញទើបអាជ្ញាធរមិនដឹង។ ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ពេលឃើញមានការកាប់ទន្ទ្រានបែបនេះ ពួកគាត់ស្មានតែអាជ្ញាធរបើកដៃឱ្យធ្វើទើបនាំគ្នាទៅសម្រុកចូលទៅទន្ទ្រានបន្ថែមទៀត មានប្រវែងជាង ២ គីឡូម៉ែត្រ និងជម្រៅចូលទៅក្នុងព្រៃជាង ៥០ ម៉ែត្រ»។
លោកថ្លែងថា៖ «សកម្មភាពនេះគឺពលរដ្ឋចុះទៅកាប់ទន្ទ្រានដីរដ្ឋ ដែលមិនទាន់ទទួលបានការអនុញ្ញាតពីអាជ្ញាធរខេត្ដ។ យើងចាត់ទុកជាការទន្ទ្រានដីរដ្ឋខុសច្បាប់។ ប្រសិនបើគាត់នៅតែបន្តចូលទៅទន្ទ្រានដីរដ្ឋទៀតយើងនឹងអនុវត្ដតាមវិធានការច្បាប់»។
លោក ហាក់ ឡេង ថ្លែងថា រដ្ឋបាលស្រុកបានធ្វើការណែនាំដល់ពលរដ្ឋរួចហើយកាលពីថ្ងៃទី ៥ ខែកក្កដានេះ ប្រសិនបើនៅតែបន្តទន្ទ្រានដីរដ្ឋខុសច្បាប់ទៀត រដ្ឋបាលស្រុកនឹងស្នើសុំគោលការអនុវត្ដវិធានការច្បាប់។
លោកបញ្ជាក់ថា៖ «ទ្រង់ទ្រាយដែលពួកគាត់ចូលទន្ទ្រាននេះគឺមិនមែនពួកគាត់ចូលមក ១ នាក់ ឬ ២ នាក់ទេ ប៉ុន្ដែជាទ្រង់ទ្រាយធំលេងចូលមកទន្ទ្រានម្ដង ៧០ នាក់ ៨០ នាក់ ទៅ ១០០ នាក់មកកាប់ទន្ទ្រានទាំងអស់គ្នាតែម្ដង។ ពួកគាត់យកថ្នាំពណ៌បាញ់កំណត់ទីតាំងតាមដើមឈើ ហើយនាំគ្នាកាប់ទន្ទ្រានយកតែម្ដង ដោយបែងចែកដីគ្នា ក្នុង ១ នាក់ ៥០ ម៉ែត្រៗ។ សកម្មភាពនេះ វាដូចជាស្រុកមួយដែលគ្មានច្បាប់បើពួកគាត់ទន្ទ្រានយ៉ាងអនាធិបតេយ្យបែបនេះ»។
លោក ថោង ច័ន្ទតារា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកោះកុងលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ ៣០ ដោយធ្វើអនុប្រយោគផ្ទៃដីទំហំជាង ១,៦ សែនហិកតា ចេញពីតំបន់អភិរក្សមួយចំនួននៅក្នុងភូមិសាស្ដ្រខេត្ដកោះកុង ហើយបានសង្កេតឃើញ សកម្មភាពការរុករានទន្ទ្រានដីរដ្ឋក្នុងខេត្ដហាក់មានការកើនឡើង។
លោកបញ្ជាក់ថា៖ «រឿងនេះវាមានការទាក់ទងទៅនឹងមន្ដ្រីមើលការខុសត្រូវដីរដ្ឋ និងឈ្មួញដែលជួលប្រជាពលរដ្ឋឱ្យចុះទៅកាប់រានដីរដ្ឋនៅតំបន់នោះដើម្បីយកដីរដ្ឋទៅចែកគ្នា។ ចំពោះពលរដ្ឋធម្មតា ពួកគាត់មិនទាន់ហ៊ានធ្វើអ្វីជាលក្ខណៈគ្រប់គ្រងមិនបានទេ ភាគច្រើនគឺមានអ្នកនៅពីក្រោយខ្នងជាអ្នកជួល ឬបញ្ជាពលរដ្ឋ»។
លោក ហាក់ ឡេង ថ្លែងថា រដ្ឋបាលស្រុកបទុមសាគរបានរៀបចំទីតាំងដីដែលបានកាត់ឆ្វៀលសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋរស់នៅជាក់ស្ដែងនៅក្នុងស្រុកគ្រប់គ្នារួចហើយ។
លោកបញ្ជាក់ថា៖ «យើងបានសាកសួរពលរដ្ឋចូលទៅទន្ទ្រានដីពួកគាត់ប្រាប់ថា ចូលទន្ទ្រានដោយខ្លួនឯង។ យើងអត់ទាន់ហ៊ានចោទប្រកាន់ថាអ្នកណាបញ្ជាពីក្រោយខ្នងទេ ដោយយើងស្រាវជ្រាវមិនទាន់ដល់។ ឥឡូវយើងកំពុងយកយន្តហោះដ្រូនទៅបង្ហោះអង្កេតបន្ថែមទៀត។ ចំណែកមេខ្លោងពីក្រោយខ្នងយើងកំពុងបន្តស៊ើបអង្កេត»។
លោក ឡេង បាន ថ្លែងថា៖ «ចំពោះប្រជាពលរដ្ឋដែលមានបំណងចង់ឈូសឆាយតដីព្រៃលើដីដែលជាដីកម្មសិទ្ធិ គឺត្រូវតែបង្ហាញឯកសារ ឬលិខិតស្នើសុំកាប់រាន ឈូសឆាយលើទីតាំងដីនោះពីគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ដ។ សូមពលរដ្ឋកុំចូលទៅកាប់ទន្ទ្រានដីរដ្ឋដោយខុសច្បាប់បន្តទៀត កុំចាញ់បោកឈ្មួញឱ្យទៅទន្ទ្រានដីរដ្ឋខុសច្បាប់ ព្រោះអាចប្រឈមមុខតាមផ្លូវច្បាប់»៕