ភ្នំពេញៈ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីជាន់ខ្ពស់តាមក្រសួងនានា បានថ្លែងសារអបអរសាទរ ទិវា ៨ កក្កដា ជាខួប ៤ ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២១)។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២១ នេះ បានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា ក្រោយពីចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក បានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញ ហើយលោកក៏បានអំពាវនាវដល់ពលររដ្ឋចូលរួមរួមថែរក្សាការពារប្រាសាទបូរាណទាំងអស់នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់។
លោក ហ៊ុន សែន ថ្លែងថា៖ «ការដាក់សម្បត្តិវប្បធម៌ និងប្រាសាទបុរាណទាំងនេះ មិនត្រឹមតែទទួលបានការគាំពារជាអន្តរជាតិនោះទេ តែក៏បានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងប្រាសាទបុរាណរបស់ខ្មែរទៅកាន់ឆាកអន្តរជាតិផងដែរ»។
ទន្ទឹមគ្នានេះដែរ លោក ហេង សំរិន ប្រធានរដ្ឋសភា បានសេសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការដែរថា ការសម្រេចដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃ រហូតត្រូវបាន UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៧ ក្នុងកិច្ចប្រជុំនៅទីក្រុង Krakow ប្រទេសប៉ូឡូញ។
លោក ហេង សំរិន ថ្លែងថា៖ «យើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះអតីតព្រះមហាក្សត្រ និងបុព្វបុរសខ្មែរយើង ដែលបានសាងសង់ ប្រាសាទសំបូរព្រៃគុក និងប្រាសាទបុរាណដទៃទៀតជាច្រើន នៅពាសពេញប្រទេសទុកឱ្យកូនចៅរហូតសព្វថ្ងៃនេះ ធ្វើឱ្យអន្តរជាតិស្ញប់ស្ញែង ចំពោះពូជសាសន៍របស់យើងជាទីបំផុត»។
ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ ក៏បានផលិតវីដេអូអបអរសាទរខួប ៤ ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូនេះ ផ្សព្វផ្សាយនៅលើមបណ្តាញសង្គមផងដែរ។
តំបន់ប្រាសាទសំបូរព្រៃគុក បានក្លាយជាតំបន់ប្រវតិ្តសាស្ត្រទី៣ របស់កម្ពុជា ដែលត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលរៀបចំឡើងចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៧ ដែលមាន ១៩៣ ប្រទេសជាសមាជិក និង ២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍ បន្ទាប់ពីប្រាសាទអង្គវត្តដែលបានចុះក្នុងបញ្ជីនៅឆ្នាំ ១៩៩២ និងប្រាសាទព្រះវិហារនៅឆ្នាំ ២០០៨៕