ភ្នំពេញៈ ក្រុមអ្នកស្រាវជ្រាវក្រសួងបរិស្ថានបានប្រកាសពីការរកឃើញវត្តមានសត្វកែះក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈសត្វប្រភេទកម្រនេះត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះជាសកល និងជាសត្វស្ថិតក្នុងឧបសម្ព័ន្ធទី១ របស់អនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ហៅកាត់ថា «សាយតេស»។ នេះបើតាមមន្ដ្រីនាំពាក្យក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងពីម្សិលមិញថា ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថានបានរកឃើញវត្តមានសត្វកែះក្នុងតំបន់ការពារធម្មជាតិកម្ពុជាតាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិស្ថិតក្នុងក្របខ័ណ្ឌនៃការសិក្សាចងក្រងទិន្នន័យប្រភេទសត្វកម្រៗនៅកម្ពុជា។
លោកបានបញ្ជាក់ថា៖ «ប្រភេទសត្វកម្រនៅលើពិភពលោកនេះត្រូវបានកត់សម្គាល់ថា មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ដែលនេះគឺជាការផ្តល់នូវទិន្នន័យមួយយ៉ាងសំខាន់សម្រាប់ការអភិរក្សជីវចម្រុះនៅកម្ពុជាក៏ដូចជាសម្រាប់ពិភពលោកទាំងមូល»។
បើតាមលោក ភក្ត្រា ក្រុមអ្នកស្រាវជ្រាវមិនទាន់មានទិន្នន័យពិតប្រាកដពីចំនួនសត្វកែះដែលរស់នៅកម្ពុជាទេ ក៏ប៉ុន្តែលោកឱ្យដឹងថាសត្វកែះនេះមានដង់ស៊ីតេរស់នៅកម្រិតទាបបំផុត ដោយសារតែជាសត្វកម្រ។
លោកបានថ្លែងថា៖ «បច្ចុប្បន្ននេះសត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជ ដោយសារការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងក្នុងការជួញដូរដោយសារតែជំនឿ»។
បើតាមការសិក្សារបស់ក្រសួងបរិស្ថានបានឱ្យដឹងថា សត្វកែះមានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង វាមានដងខ្លួនខ្លី ហើយជើងទាំង ៤ របស់វាវែង។ ផ្នែកខាងលើដងខ្លួន សម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះ មានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។ នៅលើពំនូកក្បាលដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋានដូចជាប្រែង។
សត្វនេះមានស្នែងដូចសត្វពពែដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០ មិល្លីមែត្រ ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ រីឯកន្ទុយខ្លី មានរោមសំពោងពណ៌ខ្មៅប្រផេះ។
តាមការសិក្សាចំពោះជីវសាស្ត្រវិញ សត្វកែះចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗដែលមានគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន។
សត្វកែះមានជើងយ៉ាងចំណាប់ក្នុងការដើរឡើងតាមផ្ទាំងថ្មចោតៗ។ នៅពេលថ្ងៃវាចូលចិត្តសម្រាកតាមគុម្ពោតព្រៃក្រាស់ ហើយចេញរកស៊ី នៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ សត្វកែះចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រករបស់វាហើយគេអាចសម្គាល់វត្តមានវា ដោយសារគំនរលាមក។
លោក ភក្ត្រា បានបញ្ជាក់ដែរថា ដោយសារតែកែះជាសត្វមានភាពរហ័សរហួន និងពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ ដូច្នេះគេកម្រនឹងជួបប្រទះវាណាស់។
លោកបន្តថា រដូវបន្តពូជរបស់សត្វកែះមាននៅខែតុលា និងខែធ្នូ ហើយកើតបានកូន ១ ជួនកាលភ្លោះមានដោយកម្រ បន្ទាប់ពីពពោះ ៧ ខែ។ កូនរបស់វារស់នៅជាមួយមេវាស្ទើរពេញ ១ ឆ្នាំទើបចាកចេញ៕