ភ្នំពេញៈ ​សមាគម​កសិកម្ម​ឈ្លាសវៃ បាននិងកំពុង​កែលម្អ​ឧបករណ៍​កែច្នៃ​ដាំ​គ្រាប់ស្រូវ​ ចំនួន ៣ ប្រភេទ​ដែលជា​ស្នាដៃ​កូន​ខ្មែរ​ ឱ្យ​កាន់តែ​ងាយស្រួល​ប្រើ និង​មាន​ប្រសិទ្ធភាព ​សុវត្ថិភាព​ ដល់​អ្នកប្រើប្រាស់។ ឧបករណ៍​នេះ​អាចជួយ​សម្រាល​កម្លាំង​ពលកម្ម​របស់​ប្រជាកសិករ និង​កាត់បន្ថយ​ការ​ចំណាយបាន​ច្រើនជាង​ការ​ប្រើ​កម្លាំង​ដាំ​ដុះ​ធម្មតា។

លោក សាន បុ​និ​កា នាយក​ប្រតិបត្តិ​សមាគម​កសិកម្ម​ឈ្លាសវៃ ថ្លែងថា សមាគម​កសិកម្ម​ឈ្លាសវៃ​ កំពុង​បន្ត​ផលិត ព្រមទាំង​កែលម្អ​ឱ្យ​កាន់តែ​ងាយស្រួល​ប្រើប្រាស់​ និង​មាន​ប្រសិទ្ធិភាព​សុវត្ថិភាព​ ដល់​អ្នកប្រើប្រាស់​ថែមទៀត។

ឧបករណ៍​កែច្នៃ​ដាំ​ដុះ​ពូជស្រូវ​ ដែលជា​ស្នាដៃ​កូន​ខ្មែរ​នេះ ​មាន ៣ ប្រភេទផ្សេងៗគ្នា​ទី១ ខ្នាតតូច​ប្រើ​ថ្ពក់​ជាមួយ​គោយន្ត​មាន​ឈ្មោះ​ថា អង្គរតូច ទី២ គឺ​ឈ្មោះ​អង្គរ ប្រើ​ជាមួយ​គោយន្ត​ដូចគ្នា ប៉ុន្តែ​វា​មាន​បន្ថែម​រទេះ​ពីក្រោយ​ សម្រាប់​ដឹកអ្វីៗផ្សេងទៀត​បាន និង​ទី៣ គឺ​អង្គរធំ​ ប្រើ​សម្រាប់​ភ្ជាប់​ជាមួយ​ត្រាក់ទ័រ។

លោក​ថ្លែងថា៖ «ឧបករណ៍​កែច្នៃ​នេះ ​អាច​សន្សំសំចៃ​ពូជ​ស្រូវ​បាន​ច្រើន​ បើ​កសិករ​ដាំ​ដុះ​ធម្មតា​ គាត់​ប្រើ​ពូជ ៣៥០ ទៅ ៤០០ គីឡូ​ក្រាម​ក្នុង​មួយ​ហិកតា ឧបករណ៍​កែច្នៃ​យើង​ប្រើតែ​ពី ៨០ ទៅ ១២០ គីឡូ​ក្រាម​ ក្នុង​មួយ​ហិកតា​ប៉ុណ្ណោះ​ តែ​ទទួលបាន​ទិន្នផល​ប្រហែល ឬ​ប្រសើរ​ជាង​​ផង»។

ការដាំដុះ​គ្រាប់ស្រូវ​ដោយ​ប្រើ​ឧបករណ៍​កែច្នៃ​ ក៏​អាចជួយ​សន្សំសំចៃ​ជី​ផងដែរ គឺ​បើ​​តាម​ធម្មតា ប្រើ​ជី​ពី​ ៦ ទៅ ៨ បាវ​ ក្នុង ១ ហិកតា​ ការដាំដុះ​ដោយ​ឧបករណ៍​នេះ ប្រើតែ ៤ ទៅ ៥ បាវ​ប៉ុណ្ណោះ​ក្នុង​មួយ​ហិកតា។

លោក មុនិ​កា បន្តថា ផលប្រយោជន៍​មួយទៀត​ គឺ​សន្សំសំចៃ​ការប្រើ​ថាំ​ផ្សិត និង​ថ្នាំ​សម្លាប់​សត្វល្អិត។ វា​ជួយ​កាត់បន្ថយ​នូវ​ផ្សិត ដែល​ដុះ​នៅក្នុង​ស្រូវ កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំពុល ព្រោះ​មាន​ចន្លោះ​គម្លាត​ច្បាស់​លាស់ នាំ​ឲ្យ​សត្វល្អិត​ពុំ​សូវ​មានមក​រំខាន។

លោក​​បញ្ជាក់​ថា៖ «ឧបករណ៍​កែច្នៃ​ហ្នឹង ​អាច​ដាំ​បាន​លើដី៣ប្រភេទ គឺ​ដី​សើម​អត់​ទឹក ដី​សើម​មានទឹក និង​ដី​មានទឹក​លិច​តែម្តង ហើយ​យើង​កំពុង​បន្ត​ផលិត​ ដើម្បី​ធ្វើការ​នាំចេញ​ទៅកាន់​ប្រទេស​ឡាវ ប្រទេស​ហ្វីលីពីន និង​ម៉ាឡេស៊ី» ។

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​សម្តែង​ការគាំទ្រ​ ចំពោះ​ស្នាដៃ​កូន​ខ្មែរ​មួយ​នេះ។

តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ នៅ​ថ្ងៃទី ៦ ខែកក្កដា​ ​បាន​លើកឡើងថា ដោយ​ទទួលបាន​ការគាំទ្រ​ ពី​ក្រសួង ​សមាគម​កសិកម្ម​ឈ្លាសវៃ (Agri Smart Association) ដែល​ត្រូវបាន​បង្កើតឡើង​ នៅ​អំឡុង​ឆ្នាំ ២០១៥ តាមរយៈ​ការគាំទ្រ​ថវិកា​ដោយ Brooklyn Bridge to Cambodia (BB2C) និង​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា អូស្ត្រាលី ហៅ​កាត់​ថា CAVAC បាន​ច្នៃ​បង្កើត​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ជា​ជួរ (Eli Rice Seeder) ដែលជា​កម្មសិទ្ធិបញ្ញា រ​បស់​កូន​ខ្មែរ ប្រើ​សម្រាប់​ព្រោះស្រូវ​ជា​ជួរ ជំនួស​កំលាំង​ពលកម្ម​មនុស្ស បង្កើនល្បឿន​ដាំ​ដុះ កាត់បន្ថយ​បរិមាណ​គ្រាប់ពូជ ធ្វើឱ្យ​ដំណាំ​ស្រូវ​ដុះ​លូតលាស់​ល្អ និង​ទទួលបាន​ទិន្នផល​ខ្ពស់។

លោក វេ​ង សាខុន សរសេរ​លើ​ហ្វេ​ស​ប៊ុ​កលោក​ថា៖ «នៅក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ការប្រមូល​ផលដំណាំ​ស្រូវ​ នៅក្នុង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពី​ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ចាប់អារម្មណ៍​ចំពោះ​ឧបករណ៍​នេះ និង​កោតសរសើរ​ ដល់​សមាគម​កសិកម្ម​ឈ្លាសវៃ​ ដែល​បាន​គិតគូ និង​ផ្តួច​ផ្តើមគំនិត ​កែច្នៃ​ឧបករណ៍​កសិកម្ម​នេះ​ឡើង​ដើម្បី​ជួយ​សម្រាល​កម្លាំង​របស់​ប្រជាកសិករ និង​ជួយ​ជំរុញ​ផលិតកម្ម​ដំណាំ​ស្រូវ​នៅ​កម្ពុជា» ។

លោក​បន្តថា លោក​នាយក​រដ្ឋ​មន្ត្រី ​បានផ្តល់​ឧបករណ៍​នេះ​ ជូន​ប្រជាកសិករ និង​សហគមន៍​កសិកម្ម​ ក្នុង​ខេត្តតាកែវ​ចំនួន ១៣០ គ្រឿង ខេត្តពោធិ៍សាត់​ចំនួន ៥០ គ្រឿង ខេត្ត​បាត់​ដំបង​ចំនួន ៥០ គ្រឿង និង​បន្ទាយមានជ័យ​ចំនួន ៥០គ្រឿង ដើម្បី​ជំរុញ​ល្បឿន​ស្តារ​ដំណាំ​ស្រូវ​ឡើងវិញ​ បន្ទាប់ពី​ជំនន់​ទឹកភ្លៀង។

តាម​របាយការណ៍​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បានឱ្យដឹងថា​ នៅក្នុង​ឆ្នាំ ២០២១ នេះ កសិករ​ដែល​ទទួលបាន​ឧបករណ៍​ជា​អំណោយ​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​ប្រើប្រាស់​សម្រាប់​ទាំង​ផលិតកម្ម​ដំណាំ​ស្រូវ និង​ផលិតកម្ម​គ្រាប់​ពូជស្រូវ។

បច្ចុប្បន្ន អគ្គនាយកដ្ឋាន​កសិក​ម្ម និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត កំពុង​សហការ​ជាមួយ​សមាគម​កសិកម្ម​ឈ្លាសវៃ ក្នុងការ​ផ្សព្វផ្សាយ និង​ជំរុញ​ការប្រើប្រាស់​ឧបករណ៍​នេះ ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត៕

វីដេអូ៖