ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលយកបេក្ខភាពសម្រាប់ពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលស្នើឡើង ដោយអង្គការសហព័ន្ធសន្តិភាពសកល (UPF) ខណៈដែលលោកបានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយតំណាងអង្គការនេះ នៅថ្ងៃទី ៨ ខែកក្កដានេះ។
ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន បានឱ្យដឹងនៅថ្ងៃទី ៨ ខែកក្កដានេះថា៖ «សម្តេចតេជោក៏បានយល់ព្រមទទួលយកផងដែរទាក់ទងទៅនឹងសម្ដេចជាបេក្ខភាពសម្រាប់ពានរង្វាន់សន្តិភាពស៊ុនហាក់នេះ»។
ហ្វេសប៊ុកដដែលបន្តថា៖ «កន្លងមកសម្ដេចបានចូលរួមសកម្មភាពជាច្រើនក្នុងន័យកសាង និងរក្សាសន្តិភាពរួមជាមួយនឹងសកម្មភពជាមួយអង្គការ UPF ផងដែរ»។
ពានរង្វាន់សន្តិភាពស៊ុនហាក់ ត្រូវបានបង្កើតឡើងដើម្បីបន្តកេរ្តិ៍តំណែលរបស់លោក Sun Myung Moon និងភរិយារបស់លោកគឺលោកស្រី Hak Ja Han Moon ដែលជាស្ថាបនិក UPF និងត្រូវបានផ្តល់ឱ្យរៀងរាល់ ២ ឆ្នាំម្តងក្នុងការទទួលស្គាល់បុគ្គល និងអង្គការដែលបានរួមចំណែកដោះស្រាយទុក្ខវេទនា ជម្លោះ ភាពក្រីក្រ និងការគំរាមកំហែងដល់បរិស្ថានរបស់ពិភពលោកតាមរយៈការលើកកម្ពស់ចក្ខុវិស័យសន្តិភាពឆ្ពោះទៅអនាគតគ្រប់ជ្រុងជ្រោយ។
លោក សួស យ៉ារ៉ា សមាជិកសភាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ ខែកក្កដា ថា ក្នុងកិច្ចប្រជុំនេះ តំណាង UPF បានធ្វើការពិភាក្សាផ្ទាល់ជាមួយថ្នាក់ដឹកនាំប្រទេសកម្ពុជា ជាពិសេសជាមួយលោកហ៊ុន សែន។ លោកអះអាងថានៅលើពិភពលោកមានពានរង្វាន់ធំ ២ គឺពានរង្វាន់ណូបែលសន្តិភាព និងពានរង្វាន់ស៊ុនហាក់ ហើយគណៈកម្មការវាយតម្លៃពានរង្វាន់សន្តិភាពស៊ុនហាក់នេះមើលឃើញថាបេក្ខជនលោក ហ៊ុន សែន ជាបេក្ខភាពល្អក្នុងការចូលរួមដើម្បីគណៈកម្មជ្រើសរើសធ្វើការវាយតម្លៃ។
លោកថ្លែងថា៖ «ដូច្នេះនេះជាចំណុចល្អមួយសម្រាប់កម្ពុជា និងមោទនភាពរបស់ប្រជាជនយើង»។
លោក សួស យ៉ារ៉ា ថ្លែងថា លោកហ៊ុន សែន មិនត្រឹមតែចូលរួមក្នុងព្រឹត្តិការណ៍នានារបស់ UPFទេ តែលោកគឺជាស្ថាបនិកសន្តិភាព «ពិតប្រាកដ» របស់កម្ពុជាតាមនយោបាយឈ្នះៗ ដែលបានបញ្ចប់សង្គ្រាមទាំងស្រុងដោយបានបង្កើតនូវស្នាដៃនិងសន្តិភាពជាមួយព្រះករុណាព្រះបាទសម្តេចនរោត្តមសីហនុក្នុងការបង្កើតរដ្ឋធម្មនុញថ្មីរបស់កម្ពុជាក្នុងឆ្នាំ១៩៩៣។
លោកបន្តថា លោក ហ៊ុន សែន ក៏បានធ្វើឱ្យបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជានៅឆ្នាំ ១៩៩៨ តាមរយៈនយោបាយឈ្នះៗនិងបានបង្រួបបង្រួមភាគីនៃចម្បាំងទាំងអស់។
លោកយ៉ារ៉ាថ្លែងថា៖ «ការទទួលយកនូវតម្លៃរបស់លោកមិនត្រឹមតែចូលរួមជាមួយ UPF ទេ។ UPF ទេដែលចង់បានគំរូនូវអ្វីដែលជារបស់សម្តេចតេជោយកទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីឱ្យដឹងថាប្រទេសតូចក៏មានសិទ្ធិមានអំណាច និងមានអធិបតេយ្យភាពក្នុងការកសាងប្រទេសរបស់ខ្លួនតាមមាគ៌ារបស់ខ្លួននីមួយៗដែរ»។
លោក សុផល ចំរើន អគ្គលេខាធិការ UPF ប្រចាំកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ ខែកក្កដាថា៖ «វាជាការគួរឱ្យរីករាយយ៉ាងខ្លាំងសម្រាប់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្លាយជាបេក្ខភាពទទួលពានរង្វាន់សន្តិភាពស៊ុន ហាក់ (Sun Hak Peace Prize)។ វាជាមោទនភាពដល់ប្រទេសកម្ពុជា ដែលយើងអាចត្រូវបានទទួលស្គាល់»៕