ភ្នំពេញៈ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសឱ្យមេបញ្ជាការអាវុធហត្ថទូទាំងប្រទេស ត្រូវរៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ ១៩ ខណៈអ្នកជំងឺកូវីដ ១៩ មានចំនួនកើនឡើង ហើយពលករខ្មែរដែលវិលត្រឡប់មកពីថៃក៏មានចំនួនកើនឡើងផងដែរ។
ក្នុងសារជាសំឡេងរយៈពេល ២០ នាទី ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី ៧ ខែកក្កដា លោក សៅ សុខា បានណែនាំដល់បញ្ជាការដ្ឋាន និងការិយាល័យចំណុះបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់គឺត្រូវចាត់ចែងតួនាទីភារកិច្ចរៀងខ្លួនក្នុងការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ខណៈហានិភ័យកំពុងហក់ឡើងកម្រិតខ្ពស់។
លោកថា៖ «ព្រោះហានិភ័យរបស់យើង វាបានប្រកាសឡើងដល់កម្រិតមួយខ្ពស់ទោះបីមិនទាន់មានអ្នកស្លាប់ច្រើន ប៉ុន្តែអ្នកជំងឺកើនឡើងជាលំដាប់ ដូច្នេះខ្ញុំសូមធ្វើការណែនាំឱ្យបណ្តាស្នងការ សេនាធិការ មេបញ្ជាការរងគ្រប់រូប សូមយកចិត្តទុកដាក់»។
លោកបន្តថា ចំពោះការរៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ ១៩ អាជ្ញាធរត្រូវជ្រើសរើសទីតាំងឱ្យឆ្ងាយពីបន្ទាយចៀសវាងការឆ្លងរាលដាលកាន់តែខ្លាំង។ លោកថា៖ «ជ្រើសរើសយកទីតាំងនៅខាងក្រៅបន្ទាយដែលយើងកំពុងរស់នៅសព្វថ្ងៃ អាចយកជាសាលារៀន ដែលមិនទាន់បានប្រើ ដោយដាក់គ្រែ រៀបចំធ្វើរបងឱ្យស្រួលបួល បុកអណ្តូងទឹករៀបចំបង្គន់អនាម័យ និងតភ្ជាប់ភ្លើងហើយគ្រប់បណ្តាខេត្តត្រូវធ្វើរបាយការណ៍ និងរាយការណ៍ជាប្រចាំមកបញ្ជាការដ្ឋានដើម្បីបូកសរុប»។
ទន្ទឹមនេះដែរលោក សៅ សុខា បានណែនាំដល់មន្ដ្រីអាវុធហត្ថត្រូវរៀបចំ បន្ទាយឡុងឈិន មានទីតាំងស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ សម្រាប់ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលផងដែរ។
លោកថ្លែងថា៖ «ត្រូវចុះទៅពិនិត្យអគារនៅបន្ទាយឡុងឈិន ដើម្បីរៀបចំធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាល អគារបច្ចេកទេសយកទាំងអស់តែម្តង រៀបចំគ្រែ ធ្វើអនាម័យ រៀបទឹកភ្លើង រៀបក្រុមការងារគ្រប់គ្រង គ្រូពេទ្យ អ្នកចម្អិនអាហារ ដើម្បីផ្គត់ផ្គង់ចំពោះអ្នកសម្រាកព្យាបាលជំងឺកូវីដ ១៩»។
ចំណែកប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យលោក សេក សុខុម ប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្នចំនួនពលករដែលវិលត្រឡប់មកពីប្រទេសថៃ មានការកើនឡើងពី ១ ថ្ងៃទៅ ១ ថ្ងៃ និងបានធ្វើតេស្តរហ័ស រកឃើញអ្នកវិជ្ជមានកូវីដ ១៩ ជាបន្តបន្ទាប់ ដែលជំរុញឱ្យថ្នាក់ដឹកនាំខេត្តរៀបចំបន្ថែមមណ្ឌលចត្តាឡីស័ក។
លោកថា៖ «ដើម្បីទប់ស្កាត់ការចម្លងកូវីដ ១៩ ចូលទៅសហគមន៍មន្ត្រីជំនាញច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតបានបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យសុខភាពទៅលើពលករដែលចូលមកកាន់កម្ពុជា ដូចជាការធ្វើតេស្តរហ័ស និងការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ»។
លោកបន្តថា ឥឡូនេះនៅខេត្តបន្ទាយមានជ័យ ក្នុងមួយថ្ងៃឆ្លងជាង ១០០ នាក់ ដោយសារមានការឆ្លងច្រើនទើបអាជ្ញាធរ បានបន្ថែមមណ្ឌលចត្តាឡីស័កដោយរាល់ថ្ងៃមានមណ្ឌលចត្តាឡីស័ក ៩ ស្រុក/ក្រុង ហើយអាជ្ញាធរបានបន្ថែមមណ្ឌលចត្តាឡីស័កចំនួន ២ និងត្រៀមបន្ថែមមណ្ឌលព្យាបាលទៀតព្រោះកន្លែងព្យាបាលចង្អៀត។ ខាងមន្ទីរពេទ្យលែងទទួលហើយអ៊ីចឹងយើង យកសាលារៀន និងមណ្ឌលផ្សេងៗធ្វើជាកន្លែងព្យាបាល។
លោកឱ្យដឹងថា គិតត្រឹមថ្ងៃទី ៧ ខែកក្កដា ខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ដោយសារកូវីដ ១៩ ចំនួន ៤១ នាក់ខណៈអ្នកឆ្លងសរុបមានជាង ៤ ពាន់នាក់។
ជាមួយគ្នានេះដែរប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប លោក លីវ សុខុន ថ្លែងថា ថ្នាក់ដឹកនាំខេត្តក៏បានបង្កើនការយកចិត្តដាក់ត្រួតពិនិត្យនៅតាមព្រំប្រទល់ខេត្តដែរ ខណៈពលរដ្ឋខ្មែរដែលទៅធ្វើការនៅបរទេសបានវិលត្រូវឡប់ចូលស្រុកវិញមានចំនួនច្រើន។
លោកថា៖ «ដោយសារនៅពេលស្ថានការណ៍មិនល្អនៅថៃ គេបិទតំបន់ការងារច្រើន ស្ថានភាពឆ្លងច្រើន គាត់បារម្ភ ទើបពលករខ្មែរគាត់វិលត្រឡប់មកស្រុកច្រើនដែរ ក្នុងមួយថ្ងៃមានចន្លោះពី ៣០ ទៅ ៨០ នាក់នេះគិតតែខេត្តសៀមរាប»។
គិតចាប់ពីខែមីនា ឆ្នាំ ២០២០ ដល់ត្រឹមដើមខែកក្កដា ឆ្នាំ ២០២១ ពលករខ្មែរវិលត្រឡប់ពីថៃមានចំនួន ២៨ ៤២៥ នាក់ ។
ទន្ទឹមនេះដែរ រដ្ឋបាលខេត្តសៀមរាបក៏បានសម្រេចបិទការចេញ-ចូលទីតាំងផ្ទះចំនួន ២៧ ខ្នងផ្ទះ រួមមាន នៅក្នុងភូមិព្រៃធំ ចំនួន ២៣ ខ្នងផ្ទះ និងភូមិចន្លោងចំនួន ៤ ខ្នងផ្ទះ ស្ថិតក្នុងសង្កាត់ស្រង៉ ក្រុងសៀមរាប រយៈពេល ២ សប្តាហ៍ គិតចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២១ ដែលជាទីតាំងមានជាប់ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩៕
វីដេអូ៖