ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឱ្យដឹងថា នៅកម្ពុជាមានផ្ការុក្ខជាតិព្រៃឈ្មោះថា «ផ្កាបំពង់ក្រឡោម» ៥ ប្រភេទ ជាប្រភេទរុក្ខជាតិស៊ីសាច់ កំពុងរងគ្រោះជិតផុតពូជ ហើយអំពាវនាវដល់ភ្ញៀវទេសចរ សូមកុំបេះប្រភេទផ្ការុក្ខជាតិព្រៃទាំងនេះ ដើម្បីរក្សាពូជ និងសោភ័ណភាព រមណីយដ្ឋានឱ្យបានស្អាត។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់លោកថានៅលើពិភពលោក ផ្កាបំពង់ក្រឡោមនេះមានដល់ទៅ ១២៩ ប្រភេទក្នុងនោះមានប្រាំប្រភេទ កំពុងដុះលូតលាស់នៅប្រទេសកម្ពុជា។
ផ្កាបំពង់ក្រឡោមទាំង ៥ ប្រភេទនោះ រួមមាន Nepenthesbokorensis ជាប្រភេទដែលមានវត្តមាននៅតំបន់ភ្នំពពកវិល វាលស្រែ ៥០០ វាលស្រែ ១០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» Nepenthesholdenii មានដុះនៅតាមតំបន់ភ្នំនៃភាគនិរតីប្រទេសកម្ពុជា ដូចជានៅតាមតំបន់ជួរភ្នំក្រវាញជាដើម NepentheskampotianaLecomte មានដុះនៅក្នុងខេត្តកំពតដែនជម្រកសត្វព្រៃភ្នំសំកុស និងនៅតាមតំបន់ជួរភ្នំក្រវាញ Nepenthesmirabilis (Loureiro) Druce មានដុះនៅខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ និង NepenthessmilesiiHemsley មានដុះនៅខេត្តកំពត និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» នៃខេត្តកំពង់ស្ពឺ។
លោក ភក្ត្រា បញ្ជាក់ថា ខណៈប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើង បានធ្វើដំណើរកម្សាន្តក្នុងតំបន់ការពារធម្មជាតិលោកបានអំពាវនាវដល់ភ្ញៀវទេសចរ «ចូលរួមថែរក្សាជីវៈចម្រុះនានា ជាពិសេសគួរកុំបេះប្រភេទផ្ការុក្ខជាតិព្រៃ ដែលកំពុងរងគ្រោះជិតផុតពូជ ដើម្បីរក្សាពូជ និងសោភ័ណភាពរមណីយដ្ឋាន ឱ្យបានស្អាតសម្រាប់ការទស្សនាកម្សាន្តរបស់ភ្ញៀវទេសចរដទៃទៀត ដែលចូលចិត្ត និងស្រឡាញ់ធម្មជាតិ»។
បើតាមលោក ភក្ត្រា នៅមានភ្ញៀវទេសចរមួយចំនួនតូច មិនទាន់បានគោរពត្រឹមត្រូវនូវវិធានអនាម័យបរិស្ថាន និងពេលខ្លះបានបេះផ្កាមួយចំនួន ដូចជាប្រភេទផ្កាបំពង់ក្រឡោម ដើម្បីថតរូបបង្ហាញពីសេចក្តីស្រឡាញ់របស់ខ្លួន។
លោក ភក្ត្រា បញ្ជាក់ថា៖ «ប្រសិនបើស្រឡាញ់ និងសរសើរថា រុក្ខជាតិទាំងនេះស្អាតគួរថែរក្សាវា នៅលើដើម ដើម្បីទុកឱ្យភ្ញៀវទេសចរផ្សេងទៀតបានឃើញសម្រស់ដ៏ស្អាតនៃជីវៈចម្រុះទាំងនេះផង»។
លោក ភក្ត្រា បញ្ជាក់ថា យោងតាមការសិក្សារបស់អ្នកជំនាញ ផ្កាបំពង់ក្រឡោម ឬបំពង់ស្រមោច ឬអ្នកខ្លះហៅថា ផ្កាបំពង់លុក ឬផ្កាក្រឡូមពារ ដែលភាសាបច្ចេកទេសហៅថា Pitcher plants (Nepenthes) គឺជាពពួករុក្ខជាតិស៊ីសាច់ ដែលគេបានដឹងតិចតួចណាស់នៅកម្ពុជា។
លោកបន្តថា គេហៅវាថាជារុក្ខជាតិស៊ីសាច់ ព្រោះវាអាចចាប់សម្លាប់ និងរំលាយសត្វដែលចូលទៅក្នុងទម្រង់ស្លឹកពិសេសរបស់វា។
រុក្ខជាតិនេះមានដុះនៅតាមតំបន់ការពារធម្មជាតិនានា នៅកម្ពុជាហើយទីតាំងដែលមានឈ្មោះល្បីគឺដូចជា នៅឧទ្យានជាតិព្រះមុនីវង្សបូកគោ នៅតំបន់ខ្នងផ្សារ ក្នុងឧទ្យានជាតិជួរក្រវ៉ាញកណ្តាលជាដើម។
ផ្កាបំពង់ក្រឡោមជាប្រភេទរុក្ខជាតិម្យ៉ាង មានរាងដូចបំពង់ ហើយផ្ទុកសារធាតុម្យ៉ាង ដែលអាចទាក់ទាញសត្វល្អិតឱ្យធ្លាក់ចូលទៅក្នុងបំពង់របស់វា ហើយក៏លង់ទឹកក្នុងបំពង់នោះរហូតដល់ស្លាប់។
នៅពេលសត្វល្អិតងាប់ហើយនោះ សរីរាង្គពិសេសរបស់វា ក៏ចាប់ផ្ដើមបំបែករំលាយសាកសពសត្វល្អិត ទៅជាសារធាតុចិញ្ចឹមធ្វើឱ្យរុក្ខជាតិប្រភេទនេះលូតលាស់បានល្អ។
លោក ភក្ត្រា បញ្ជាក់ទៀតថា រាល់រុក្ខជាតិបំពង់ក្រឡោមទាំងអស់នេះត្រូវបានដាក់ក្នុងឧបសម្ព័ន្ធទី ២ (Appendix II) នៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះ (CITES) ដោយមិនអនុញ្ញាតឱ្យមានការជួញដូរនោះឡើយ៕
វីដេអូ៖