ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ប្រកាសបើកការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានាចំនួន ៦០ លើក ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាចាប់ពីខែកក្កដា ឆ្នាំ ២០២១ តទៅ។
លោក កត្ដា អ៊ន អ្នកនាំពាក្យ គ.ស.ម.ក ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពីម្សិលមិញថា សេចក្ដីព្រាងច្បាប់នេះ គឺជាស្នាដៃដំបូងរបស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដូច្នេះដើម្បីឱ្យសេចក្ដីព្រាងច្បាប់នេះកាន់តែមានធាតុចូល ឆ្លុះបញ្ចាំងទៅលើទិដ្ឋភាព និន្នាកាគ្រប់មជ្ឈដ្ឋានទាំងអស់ ទើប គ.ស.ម.ក បានសម្រេចដាក់សេចក្ដីព្រាងច្បាប់នេះឱ្យមានការពិគ្រោះយោបល់ចាប់ពីខែកក្កដានេះរហូតដល់ដំណាច់ឆ្នាំ ២០២១។
លោកថ្លែងថា៖ «ការរៀបចំដំណើរការពិគ្រោះយោបល់នេះ គឺយើងគ្រោងនឹងធ្វើឡើងប្រមាណជា ៦០ កិច្ចពិគ្រោះយោបល់ជាមួយនឹងគណបក្សនយោបាយ ក្រសួង ស្ថាប័ន រួមជាមួយអង្គការសង្គមស៊ីវិល និងសហជីពគ្រប់ប្រភេទ ដើម្បីធ្វើយ៉ាងណាប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ»។
លោក អ៊ន ឱ្យដឹងថា សាធារណជនក៏អាចផ្ដល់យោបល់ ធាតុចូលលើសេចក្ដីព្រាងច្បាប់នេះតាមរយៈ Facebook Page និង Telegram Channel របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលមានតំណភ្ជាប់ ហ្វេសប៊ុក Cambodian Human Rights Committee និង តេឡេក្រាម Comment on NHRC Law (https://t.me/comment_on_NHRC_Law)។
តាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ស.ម.ក កាលពីថ្ងៃទី ៨ ខែកក្កដា បានឱ្យដឹងថា កិច្ចពិគ្រោះយោបល់នឹងបែងចែកជាក្រុមពិគ្រោះយោបល់តាមវិស័យសិទ្ធិមនុស្សនីមួយៗហើយគ្រោងនឹងធ្វើឡើង តាមរយៈការជួបប្រជុំពិគ្រោះយោបល់ដោយផ្ទាល់ ឬ/និងតាមរយៈប្រព័ន្ធវីដេអូ (Video Conference)។
លោក អំ សំអាត នាយករងអង្គការ លីកាដូ លើកឡើងថា កាលពីឆ្នាំ ២០០៥ និង ២០០៦ ក៏មានការជជែក និងរៀបចំបង្កើតគណៈកម្មការជាតិសិទ្ធិមនុស្ស និងច្បាប់ក្នុងការបង្កើតស្ថាប័ននេះម្តងរួចមកហើយ។ ប៉ុន្តែមិនអាចបង្កើតបាន ដោយសារអង្គការដែលធ្វើការលើវិស័យសិទ្ធិមនុស្សយល់ថា ការបង្កើតស្ថាប័នគណៈកម្មការជាតិសិទ្ធិមនុស្សពេលនោះមិនមានឯករាជភាព។
លោកថ្លែងថា ក្នុងបណ្តាប្រទេសក្នុងអាស៊ានដូចជាប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ជាដើម គេមានគណៈកម្មការជាតិសិទ្ធិមនុស្សដែលគេជឿជាក់ថា ស្ថាប័ននេះឯករាជ្យ។ បច្ចុប្បន្នរាជរដ្ឋាភិបាលតាមរយៈគណៈកម្មកាសិទ្ធិមនុស្សកម្ពុជា ដែលមានកិច្ចសហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជាបានចាប់ផ្តើមពិភាក្សាពីការបង្កើតច្បាប់ ដើម្បីបង្កើតស្ថាប័នគណៈកម្មការជាតិសិទ្ធិមនុស្ស។
លោកបន្តថា៖ «យើងជាអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស គឺចង់ឃើញស្ថាប័នមួយនេះបង្កើតឡើងដោយមានឯករាជភាព។ ការពិភាក្សា និងពិគ្រោះយោបល់ គឺត្រូវមានពេលវេលាគ្រប់គ្រាន់ និងទទួលយកយោបល់ដែលធ្វើឱ្យស្ថាប័ននេះជាស្ថាប័នឯករាជ្យ ដូចបណ្តាប្រទេសផ្សេងៗ»។ បណ្ដាប្រទេសផ្សេងៗបានបង្កើតស្ថាប័ននេះ ដោយមានឯករាជភាពជួយលើកកម្ពស់សិទ្ធិមនុស្ស និងការពារដល់ជនរងគ្រោះដែលកើតចេញពីការរំលោភសិទ្ធិមនុស្ស និងមានសិទ្ធិក្នុងការស៊ើបអង្កេតលើករណីរំលោភសិទ្ធិមនុស្ស និងស្វែងរកយុត្តិធម៌ជូនដល់ពួកគេ។
លោកបន្តថា៖ «ខ្ញុំយល់ថា ប្រសិនបើការពិភាក្សា និងការពិគ្រោះយោបល់ហើយមិនអាចស្វែងរកការបង្កើតស្ថាប័ននេះជាស្ថាប័នឯករាជ្យទេ អាចនឹងវិលទៅរកលទ្ធផលដូចឆ្នាំ ២០០៥-២០០៦ គឺការបង្កើតស្ថាប័ននេះមិនទាន់អាចបង្កើតបាន»។
សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាមាន ៨ ជំពូក និង ៣២ មាត្រា។ ក្នុងមាត្រា ១ បានបញ្ជាក់ថា ច្បាប់នេះមានគោលដៅបង្កើត និងកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ស្របតាមគោលការណ៍ទីក្រុងប៉ារីសក្នុងគោលបំណង ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ដោយអនុលោមតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញា អនុសញ្ញា និងលិខិតូបករណ៍អន្តរជាតិទាក់ទងនឹងសិទ្ធិមនុស្ស។ សេចក្ដីព្រាងក្នុងមាត្រា ១ ដដែលបញ្ជាក់ថា៖ «គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាជាស្ថាប័នជាតិឯករាជ្យ និងអព្យាក្រឹតក្នុងការបំពេញការងារលើវិស័យសិទ្ធិមនុស្ស»៕