ភ្នំពេញៈ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិការ សិទ្ធិមនុស្ស​កម្ពុជា​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​ច្បាប់​ដល់​សាធារណជន​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នៃ​ការបាញ់សម្លាប់​លោក កែម ឡី អ្នកស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម​កាលពី​ខែកក្កដា ឆ្នាំ​ ២០១៦ ហើយ​ជនដៃដល់​ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់គុក​មួយជីវិត ខណៈ​ក្រុម​អ្នក​គាំទ្រ​លោក កែម ឡី នៅតែ​បន្ត​រិះគន់​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​ និង​បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​នេះ​។

លោក ម៉ាលីន ថ្លែង​សារ​នៅលើ​បណ្តាញ​សង្គម​របស់​លោក​កាលពី​ម្សិលមិញ​ថា​៖ «​ជាក់ស្តែង ក្រុម​ដែល​ធ្វើ​អាជីវកម្ម​នយោបាយ​លើ​មរណភាព​ (​លោក​) កែម ឡី នាពេល​កន្លងមក មិន​ដែល​បាន​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​តាម​ផ្លូវច្បាប់​ទាំងអស់​នេះ​ទេ ក្រៅតែ​ពី​ការថ្លែង​សារ​នយោបាយ ចោទប្រកាន់ រិះគន់ បន្តុះបង្អាប់​សមត្ថកិច្ច និង​ដាក់​ការមន្ទិលសង្ស័យ ដោយ​មិនមាន​ភ័ស្តុតាង​ផ្ទុយ​នឹង​មូលដ្ឋាន​ផ្នែក​ច្បាប់​រឹងមាំ​អ្វី​ទាំងអស់ តែ​ផ្ទុយទៅវិញ​បែរជា​តម្រូវឱ្យ​សមត្ថកិច្ច​ជា​អ្នក​ស្វែងរក​ភ័ស្តុតាង​ផ្ទុយ​ទាំងអស់​នោះ​ទៅវិញ ដែល​នេះ គឺ​ខុស​ទៅនឹង​នីតិវិធី​និង​បញ្ញត្តិ​ច្បាប់​ព្រហ្មទណ្ឌ​របស់​កម្ពុជា​»​។

ការពន្យល់​អំពី​ទិដ្ឋភាព​ផ្លូវច្បាប់​របស់​កម្ពុជា​ដោយ​មន្ត្រី​ជាន់ខ្ពស់​រូបនេះ​បានធ្វើ​ឡើង​ក្រោយពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក និង​ក្រៅ​ស្រុក​ និង​អ្នកគាំទ្រ​លោក កែម ឡី បាន​ប្រារព្ធ​ខួប​ ៥ ​ឆ្នាំ​នៃ​ការស្លាប់​តាម​បណ្ដាញ​សង្គម​ និង​បន្ត​រិះគន់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​។

លោក ជិន ម៉ាលីន បញ្ជាក់ថា​៖ «​ក្នុងករណី​សំណុំ​រឿង​លោក កែម ឡី រដ្ឋ​មាន​កាតព្វកិច្ច​ធ្វើការ​ស៊ើបអង្កេត​ និង​ស្វែងរក​នូវ​យុត្តិធម៌​តាមផ្លូវ​ច្បាប់ មិនមែន​យុត្តិធម៌​តាម​ផ្លូវ​អារម្មណ៍​ និង​ផ្លូវ​នយោបាយ​តាម​ការទាមទារ​របស់​ក្រុម​ដែល​តែងតែ​ធ្វើ​អាជីវកម្ម​នយោបាយ​លើ​មរណភាព​ (​លោក​) កែម ឡី នោះទេ​»​។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោយ​បាន​សម្តែង​នូវ​អារម្មណ៍​សោកសង្រេង និង​រំលែក​មរណទុក្ខ​ចំពោះ​ក្រុមគ្រួសារ​របស់​លោក កែម ឡី​។

សារ​របស់​ស្ថានទូត​បាន​បញ្ជាក់ថា​៖ «​យើង​សូម​អំពាវនាវ​ជាថ្មី​ម្តងទៀត ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធ្វើការ​អង្កេត​ដោយ​មិន​លម្អៀង និង​ប្រកប​ដោយ​តម្លាភាព ចំពោះ​ឃាតកម្ម​លើ​រូបលោក ដើម្បី​ស្វែងរក​យុត្តិធម៌​ចំពោះ​លោក​ (​លោក​) កែម ឡី និង​ក្រុមគ្រួសារ​»​។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR) ដែលជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​កាលពី​ថ្ងៃទី ១០ ខែកក្កដា បាន​ផ្សាយ​នូវ​ខិត្តប័ណ្ណ​ស្ដីពី​និទ្ទណ្ឌភាព​នៅ​កម្ពុជា ដោយ​ជំរុញ​ដល់​រដ្ឋាភិបាល​បញ្ឈប់​និទ្ទណ្ឌភាព ដោយ​លើកឡើង​ថា ឃាតកម្ម​លើ​សកម្មជន​លេចធ្លោ​មួយចំនួន​ក្នុង​នោះ​រួមមាន​លោក កែម ឡី ផង​ដែរ នៅ​មិនទាន់​បាន​ដោះស្រាយ ឬ​ដោះស្រាយ​ដោយ​មិនបាន​ត្រឹមត្រូវ​។

មជ្ឈមណ្ឌល​នេះ​បានឱ្យ​ដឹងថា​៖ «​រដ្ឋាភិបាល​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ឱ្យបាន​ត្រឹមត្រូវ ពេញលេញ បង្ហាញ​លទ្ធផល​នៃ​ការស៊ើបអង្កេត​ជា​សាធារណៈ​រួម​នឹង​ការកែទម្រង់​ប្រព័ន្ធ តុលាការ និង​ពង្រឹង​ប្រព័ន្ធយុត្តិធម៌​ដើម្បី​ធានា​នូវ​ឯករាជ្យ​ជាដើម​»​។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក ជិន ម៉ាលីន អះអាង​ថា យុត្តិធម៌​តាមផ្លូវ​ច្បាប់ មានន័យថា ការសម្រេច​សេចក្តី​ត្រូវធ្វើ​ឡើង​ដោយ​ផ្អែកលើ​អង្គហេតុ និង​អង្គច្បាប់​ដែល​មាន​ជា​ធរមាន ព្រមទាំង​មូលដ្ឋាន​ភ័ស្តុតាង និង​សក្ខីកម្ម​ផ្នែក​ច្បាប់​រឹងមាំ​ដែល​កើតចេញ​ពី​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ប្រសិន​បើ​ភាគី​ពាក់ព័ន្ធ​ណាមួយ មិន​អាច​ទទួល​យកបាន​ការសម្រេច​របស់​តុលាការ ពួកគេ​អាច​ប្រើប្រាស់​សិទ្ធិ​តាមផ្លូវ​ច្បាប់​ក្នុង​ការប្តឹង​ទាស់ ប្តឹង​ឧទ្ធរណ៍ ឬ​ប្តឹង​សើរើ​ក៏បាន ក្នុង​ករណី​សេចក្តី​សម្រេច​ចូល​ជា​ធរមាន​រួចហើយ​ក៏ដោយ តែ​ត្រូវមាន​ភ័ស្តុតាង ទឡ្ហីករណ៍ និង​សក្ខីកម្ម​ផ្នែក​ច្បាប់​រឹងមាំ ផ្ទុយទៅនឹង​ការរកឃើញ​របស់​សមត្ថកិច្ច​»​។

លោក កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ក្នុង​ស្ដារម៉ាត​នៅ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ​។​ជនដៃដល់ ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ក្នុង​ឆ្នាំ ២០១៧ ត្រូវបាន​តុលាការ​កាត់ទោស​ដាក់គុក​អស់​មួយជីវិត​ក្នុង​សំណុំ​រឿងនេះ​៕